មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ អំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់ទឹក ប្រកបដោយការសន្សំសំចៃខ្ពស់បំផុត!
18-02-2026 18:48
(ពោធិ៍សាត់)៖ ទិដ្ឋភាពនៃអាងស្តុកទឹកទំនប់ទី៣ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ដែលអាងស្តុកទឹកនេះ មានលទ្ធភាពស្តុកទឹកបាន២៥,៥លានម៉ែត្រគូប សម្រាប់ផ្គត់ផ្គង់ដល់ការស្រោចស្រព លើវិស័យកសិកម្ម និងប្រើប្រាស់តាមដងស្ទឹងពោធិ៍សាត់។
បើតាមមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានឱ្យដឹងថា អាងស្តុកទឹកទំនប់ទី៣ បានបើកបង្ហូរជូនដល់បងប្អូនប្រជាកសិករ សម្រាប់ស្រោចស្រពការងារបង្កបង្កើនស្រូវប្រាំង និងស្រូវបន្ថែមទឹកចុងរដូវប្រាំងបានមួយចំនួនធំមកហើយ និងដើម្បីវិធានការរក្សាទឹកស្តុកទុក ដើម្បីការប្រើប្រាស់ប្រចាំថ្ងៃនារដូវប្រាំងនេះ។
មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ក៏បានធ្វើការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ មេត្តាប្រើប្រាស់ទឹកប្រកបដោយការសន្សំសំចៃខ្ពស់បំផុត ដើម្បីជាប្រយោជន៍រួមសម្រាប់ខេត្តពោធិ៍សាត់៕






