FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋខ្មែរឥស្លាមជិត ២០០ គ្រួសារ នៅភូមិសំរោង ខេត្តតាកែវ បានទទួលអំណោយជាកញ្ចប់អាហារខែរ៉ម៉ាឌន និងប្រាក់ហ្សាកាត់ ពី ក្រសួងធម្មការ និងសាសនា

18-02-2026 18:07

(តាកែវ)៖ ពលរដ្ឋខ្មែរឥស្លាមជិត ២០០ គ្រួសារ នៅភូមិសំរោង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ បានទទួលអំណោយជាកញ្ចប់អាហារខែរ៉ម៉ាឌន និងប្រាក់ហ្សាកាត់ ពី ក្រសួងធម្មការ និងសាសនា ដែលទទួលបានការឧបត្ថម្ភពីសប្បុរសជនមូស្លីមនៅប្រទេសបែលហ្សិក។

ពិធីចែកអំណោយនេះបានប្រព្រឹត្តទៅនៅព្រឹក ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ឡា ឡៃ រដ្ឋលេខាធិការ តំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ។

មានប្រសាសន៍សំណេះសំណាល ក្នុងពិធីនេះ ក្នុងនាមឯកឧត្តមរដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ឯកឧត្តម ឡាឡៃ បានពាំនាំនូវបណ្តាំសាកសួរសុខទុក្ខនិងសារអបអរអរសាទរ ខែរ៉ម៉ាឌន ពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងបានលើកផងដែរថា ការផ្តល់ជូនអំណោយនេះបង្ហាញពីស្មារតីសាមគ្គីភាព សប្បុរសធម៌ និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ក៏ដូចជាសប្បុរសជនអន្តរជាតិ ចំពោះសុខុមាលភាពសហគមន៍ខ្មែរឥស្លាម នៅក្នុងខេត្តតាកែវ ជាពិសេសក្នុងឱកាសខែរ៉ម៉ាឌន។

គួរឲ្យដឹងថា អំណោយដែលបានចែកជូនរួមមាន កញ្ចប់អាហារខែរ៉ម៉ាឌនចំនួន ១៩៥ គ្រួសារ និងប្រាក់ហ្សាកាត់សម្រាប់អ្នកមានសិទ្ធិទទួលចំនួន ៥៣ នាក់ ដើម្បីជួយសម្រួលជីវភាព និងលើកទឹកចិត្តដល់ពលរដ្ឋខ្មែរឥស្លាមក្នុងឱកាសខែរ៉ម៉ាឌនដ៏បរិសុទ្ធហើយបើតាមរបាយការណ៍ចំណាយ ការចែកកញ្ចប់អាហារនេះមានតម្លៃសរុប ១៣,៨០៧,០០០ រៀល ឬប្រមាណ ៣,៤៥១ ដុល្លារអាមេរិក៕