FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចេញសារលិខិតផ្ញើជូនបងប្អូនជនរួមជាតិ ក្នុងឱកាសទិវាជាតិ សុខភាពមាតា ទារក និងកុមារ  ឆ្នាំ២០២៦

18-02-2026 17:01

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ បានចេញសារលិខិតផ្ញើជូនបងប្អូនជនរួមជាតិ ក្នុងឱកាសទិវាជាតិ សុខភាពមាតា ទារក និងកុមារ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុងបរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយដើម្បីធានាថាទាំងម្តាយ និងទារក មានសុខភាពល្អ»

ក្នុងសារលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែកុម្ភៈ​ឆ្នាំ២០២៦នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងថា «ក្នុងឱកាសនៃទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងនាមកាកបាទ ក្រហមកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ខ្ញុំពិតជាមានក្តីសោមនស្សរីករាយជាអនេក ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល និងបង-ប្អូនជនរួមជាតិទាំងអស់ អបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុង បរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថាទាំងម្តាយ និងទារកមានសុខភាពល្អ»។

ប្រធានបទនេះ ពិតជាបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រសួងសុខាភិបាល ក្នុងការបន្តអនុវត្តវិធានការគន្លឹះនានារបស់រាជរដ្ឋាភិបាល និងស្របតាមស្មារតីនៃការបន្តរក្សាការប្រុងប្រយ័ត្ន ក្នុងភាពបុរេសកម្ម និងអន្តរសកម្ម ព្រមទាំងជំរុញនវានុវត្តន៍ក្នុងការស្ដារស្ថានការណ៍ឡើងវិញក្រោយពេលមានវិបត្តិឱ្យបានឆាប់រហ័ស និងការបន្តពង្រឹងភាពធន់នៃប្រព័ន្ធសុខាភិបាលឱ្យបានកាន់តែរឹងមាំថែមទៀត និងមានចីរភាពយូរអង្វែង។

ឆ្លៀតក្នុងឱកាសនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរកងទ័ពដែលបាន ពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យជាតិពីការរំលោភឈ្លានពានរបស់បរទេស និងសូម គោរពអរគុណជាអនេកចំពោះវីរកងទ័ពជួរមុខទាំងអស់ដែលបាន និងកំពុងឈរជើងតាមតំបន់ព្រំដែន និង សូមបួងសួងសុំឱ្យវីរកងទ័ពទាំងអស់ ព្រមទាំងក្រុមគ្រួសារសូមមានសុខភាពល្អ និងទទួលបានជ័យជម្នះជានិច្ច។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍ទៀតថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរយ៉ាងក្រៃលែងចំពោះកងទ័ពអាវសទាំងអស់ដែល ឧទ្ទិសការតស៊ូយ៉ាងខ្លាំងក្លារបស់ខ្លួន ជម្នះរាល់ឧបសគ្គ ការលំបាក និងការគំរាមកំហែងដល់អាយុជីវិត ក្នុងការបម្រើសេវាថែទាំ អប់រំ បង្ការ ព្យាបាល និងសេវាគាំទ្រសារវន្តនានា ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ជាពិសេសប្រជាពលរដ្ឋភៀសសឹក ដែលជារួមភាគច្រើនជាស្ត្រី ទារក កុមារ មនុស្សចាស់ និងអ្នកមានពិការភាព។ ប្រការទាំងអស់នេះ បានបង្ហាញឱ្យយើងទាំងអស់គ្នាយល់ច្បាស់ពីគុណតម្លៃនៃសន្តិភាព គុណតម្លៃនៃកម្លាំងសាមគ្គីភាព ជាធ្លុងមួយ ពួតដៃគ្នាយ៉ាងរឹងមាំ ដើម្បីជាតិមាតុភូមិយើង»

ជាមួយគ្នានេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានគូសបញ្ជាក់ថា ការថែទាំសុខភាព, សុវត្ថិភាពផ្នែកសុខភាព និងប្រព័ន្ធភាពធន់ ផ្នែកសុខភាព ពិតជាមានសារសំខាន់ស្រួចស្រាវណាស់សម្រាប់ការកសាងជាតិ និងការឈានទៅសម្រេចឱ្យបាន ចក្ខុវិស័យឆ្នាំ២០៥០។ ម៉្លោះហើយ យើងត្រូវតែនាំគ្នាវិនិយោគធនធាន និងការខិតខំប្រឹងប្រែងរបស់យើង នៅក្នុងការលើកកម្ពស់ ប្រព័ន្ធថែទាំសុខភាព និងការគ្របដណ្តប់សេវាថែទាំសុខភាពជាសកល, ធ្វើឱ្យកិច្ចការទាំងនោះកាន់តែមានលក្ខណៈបរិយាបន្ន និងមានភាពធន់។ ជាការពិតណាស់ប្រជាពលរដ្ឋ គឺជាទ្រព្យធនជាយុទ្ធសាស្ត្រ។ អនាគតប្រទេសជាតិយើងត្រូវពឹងផ្អែកទៅលើទារក កុមារ និងយុវជនជំនាន់ក្រោយនេះហើយ! ដូចនេះ យើងត្រូវតែនាំគ្នាថែទាំពួកគាត់ឱ្យបានល្អជាទីបំផុត។

ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានៃទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ និងស្របតាមការប្តេជ្ញាចិត្តដ៏រឹងមាំរបស់កម្ពុជាចំពោះចក្ខុវិស័យរួម «ប្រជាពលរដ្ឋគ្រប់រូបរស់នៅប្រកបដោយសុខភាព និងសុខុមាលភាព ដើម្បីចូលរួមអភិវឌ្ឍមូលធនមនុស្ស និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

ទន្ទឹមនឹងនោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងអំពាវនាវសូមអំពាវនាវចំពោះបង-ប្អូនជនរួមជាតិ និងអ្នកពាក់ព័ន្ធទាំងអស់ សូមបន្តការងារដ៏ឧត្តុង្គឧត្តមរបស់យើង ចូលរួមយ៉ាងសកម្មជាមួយក្រសួងសុខាភិបាល អនុវត្តសកម្មភាពដូចខាងក្រោម៖

១៖លើកកម្ពស់ការយល់ដឹងបន្ថែម និងជួយស្ត្រីតាមរយៈ៖
*ផ្តល់ការណែនាំឱ្យស្ត្រីមានផ្ទៃពោះទាំងអស់ ទៅទទួលការពិនិត្យផ្ទៃពោះឱ្យបានយ៉ាងតិច៤ដង តាមពេលវេលាកំណត់ ដើម្បីទទួលបានការពិនិត្យសុខភាពទាំងម្តាយ ទាំងទារកក្នុងផ្ទៃទទួលបានការអប់រំអំពីការថែទាំខ្លួនក្នុងពេលមានផ្ទៃពោះ របបអាហារ ការពិនិត្យរកជំងឺដែលពាក់ព័ន្ធនឹងការមានផ្ទៃពោះ ការបង្ការការចម្លងមេរោគនានាពីម្តាយទៅកូន ការទទួលថ្នាំបង្ការជំងឺតេតាណូស ជាពិសេសការយល់ដឹង និងស្គាល់អំពីសញ្ញាគ្រោះថ្នាក់ដល់សុខភាពម្តាយនិងទារកក្នុងផ្ទៃ ដូចជា ការធ្លាក់ឈាម ឈឺក្បាល ងងឹតមុខ ស្រវាំងភ្នែក។ល។

*រំលឹកស្ត្រីឱ្យចេះតាមដានការលូតលាស់របស់កូន ដោយតាមដានការធ្វើចលនារបស់ទារកក្នុងផ្ទៃ (ទារកកម្រើក ឬបម្រះ) ជាប្រចាំ និងប្រញាប់ទៅមន្ទីរពេទ្យភ្លាម បើសិនជាសង្ស័យថាមានសញ្ញា គ្រោះថ្នាក់ណាមួយ។

*រំលឹកស្ត្រីមានផ្ទៃពោះ កុំឱ្យធ្វើការធ្ងន់ ព្យាយាមនៅកន្លែងដែលមានខ្យល់អាកាសល្អ មិនក្តៅខ្លាំង និងស្ត្រីត្រូវសម្រាកឱ្យបានច្រើន និងជាពិសេសមិនត្រូវប្រើថ្នាំផ្តេសផ្តាសគ្មានវេជ្ជបញ្ជា មិនត្រូវជក់បារី ឬប្រើគ្រឿងស្រវឹង គ្រឿងញៀន។

២៖សូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ មូលដ្ឋានសហគមន៍ ជួយសហការរៀបចំ ស្វែងរកជំនួយ ជួយដល់ស្ត្រី ដែលត្រូវទៅសម្រាល៖

*ដោះស្រាយមធ្យោបាយធ្វើដំណើរ ឬរថយន្តគិលានសង្គ្រោះ ដើម្បីបញ្ជូនស្ត្រីទៅមន្ទីរពេទ្យឱ្យបាន ទាន់ពេលវេលា ក្នុងពេលស្ត្រីជួបបញ្ហា ឬមានសញ្ញាគ្រោះថ្នាក់ណាមួយ។

*ក្នុងបរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ សូមជួយស្ត្រីមានផ្ទៃពោះឱ្យទទួលបានសេវា ពិនិត្យផ្ទៃពោះ និងសម្រាលកូន នៅតាមមណ្ឌលសុវត្ថិភាពដែលបានរៀបចំផ្តល់ជូនដោយមន្ទីរ សុខាភិបាល/ក្រសួងសុខាភិបាល។

៣៖សូមថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកសុខាភិបាលទាំងអស់ បន្តនូវកាតព្វកិច្ចដ៏ឧត្តុង្គឧត្តម បម្រើសេវាជូន ប្រជាពលរដ្ឋឱ្យកាន់តែមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពថែមទៀត។

៤៖សូមមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្តកាកបាទក្រហមតាមសាខា/អនុសាខា និងក្រុមការងារឥស្សរជនឆ្នើម ថ្នាក់ជាតិថ្នាក់កណ្តាល និងថ្នាក់សាខា ចូលរួមសហការឱ្យបានជិតស្និទ្ធជាមួយមន្ត្រី/បុគ្គលិកសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការជួយអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវសារសុខភាពសំខាន់ៗ ដើម្បី ជាប្រយោជន៍ដល់ពលរដ្ឋគ្រប់រូប ជាពិសេសមាតា និងទារកនៅកម្ពុជា។

៥៖សូមស្ថាប័នជាតិ អន្តរជាតិ និងអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងអង្គការសង្គមស៊ីវិល វិស័យឯកជន និង ដៃគូអភិវឌ្ឍន៍ បន្តជួយគាំទ្រ ទាំងបច្ចេកទេស និងថវិកាដល់ការគាំពារសុខភាពមាតា ទារក និង កុមារ ដែលជាគោលបំណងរួមរបស់យើងទាំងអស់គ្នា។
តាមរយៈសារលិខិតខាងលើនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានសង្ឃឹមយ៉ាងមុតមាំថា ប្រទេសកម្ពុជានឹងឆ្លងផុតការលំបាកក្នុងពេលឆាប់ៗខាងមុខនេះ និងអាចបោះជំហានទៅមុខយ៉ាងរឹងមាំដោយស្មារតីសាមគ្គីភាព និងជួយដល់ការលើកកម្ពស់សុខភាពមាតា និងទារក ឱ្យកាន់តែប្រសើរឡើង ដើម្បីសម្រេចបាននូវគោលដៅនៃយុទ្ធសាស្ត្រជាតិស្តីពី សុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិនៅកម្ពុជា ឆ្នាំ២០២៥-២០៣០ និងនិយាមបែបបទប្រតិបត្តិសម្រាប់បង្ការការចម្លងមេរោគអេដស៍ ស្វាយ និងរលាកថ្លើមប្រភេទបេ ពីម្តាយទៅកូន និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០។

ជាថ្មីម្តងទៀតសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ មន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ អង្គការជាតិ អន្តរជាតិ អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច សប្បុរសជនទាំងអស់ ជាពិសេសថ្នាក់ដឹកនាំ មន្ត្រីគ្រប់គ្រង គ្រូពេទ្យ បុគ្គលិកសុខាភិបាលគ្រប់រូបនៃអង្គភាពសុខាភិបាលទាំងអស់នៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដែលបាននិងកំពុងអនុវត្តសកម្មភាពប្រចាំថ្ងៃដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមគោលការណ៍ប្រតិបត្តិ «សកលភាព ភាពជឿទុកចិត្ត សុចរិតភាព គុណភាព នវានុវត្តន៍ ការសហការ»។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសខ្លឹមសារ និងអត្ថន័យនៃទិវាជាតិសុខភាពមាតា ទារក និងកុមារ ដែលឆ្នាំនេះផ្តោតសំខាន់លើ «ការរួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពនៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុងបរិបទ មានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថាទាំងម្តាយ និងទារកមានសុខភាពល្អ» បន្តស្ថិតនៅជាស្មារតី របស់ពលរដ្ឋម្នាក់ៗក្នុងការចូលរួមចំណែកដើម្បីឧត្តមប្រយោជន៍ជាតិមាតុភូមិរបស់យើង៕