លោក ឆាយ ឫទ្ធិសែន អញ្ជើញទៅពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក្នុងតំបន់ដីសម្បទានសង្គមកិច្ចជូនអតីតយុទ្ធជន និងពិនិត្យស្ថានភាពផ្លូវជនបទ ចំនួន ២ខ្សែ នៅក្នុងខេត្តព្រះសីហនុ
18-02-2026 16:08
(ព្រះសីហនុ)៖ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ រួមដំណើរដោយ ថ្នាក់ដឹកនាំនៃក្រសួង មន្ដ្រីជំនាញក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ បានអញ្ជើញទៅពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធជនបទ នៅក្នុងតំបន់ដីសម្បទានសង្គមកិច្ចជូនអតីតយុទ្ធជន ស្ថិតក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ ដែលក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងចូលរួមអភិវឌ្ឍចាប់ពីឆ្នាំ២០២៣ រហូតដល់ឆ្នាំ២០២៥ រួមមាន៖ ផ្លូវកម្រាលល្បាយក្រួស ចំនួន ៥ខ្សែ ដែលមានទទឹង ៨ម៉ែត្រ មានប្រវែងសរុប ៧,៧០គីឡូម៉ែត្រ, និងសំណង់សិល្បការ្យដូចជា លូមូលមុខមួយ ចំនួន ០៤កន្លែង, លូមូលមុខពីរ ចំនួន ០៤កន្លែង, លូមូលមុខបី ចំនួន ០៣កន្លែង, លូប្រអប់មុខមួយ ចំនួន ០១កន្លែង, លូប្រអប់មុខពីរ ចំនួន ០៣កន្លែង, លូប្រអប់មុខបី ចំនួន ០២កន្លែង និងលូប្រអប់មុខបួន ចំនួន ០២កន្លែង។
ដោយឡែកសម្រាប់ឆ្នាំ២០២៦ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងសិក្សាបច្ចេកទេសដើម្បីសាងសង់ស្ពានបេតុងប្រវែង ៤៥ម៉ែត្រ ទទឹង ៨ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួនផ្សេងទៀត។ ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ដ្រី និងគណៈប្រតិភូ ក៏បានអញ្ជើញចូលជួបសំណេះសំណាលដោយផ្ទាល់ ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោប្រធានព្រឹទ្ធសភា និងប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ព្រមទាំងអំណោយរួមទាំងថវិកាដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនអតីតយុទ្ធជន និងគ្រួសារ ក៏ដូចជាកងកម្លាំងដែលឈរជើងប្រចាំការនៅក្នុងតំបន់ដីសម្បទានសង្គមកិច្ចនោះផងដែរ។
បន្ទាប់ពីបានពិនិត្យវឌ្ឍនភាពនៅក្នុងតំបន់ដីសម្បទានសង្គមកិច្ចរួចមក លោករដ្ឋមន្ដ្រី និងគណៈប្រតិភូ បានអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវ ២ខ្សែ ដូចខាងក្រោម៖
ខ្សែទី១៖ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ១៦គីឡូម៉ែត្រ មានទទឹងខ្នងលើ ៦ម៉ែត្រ ដែលសាង់សង់ដោយក្រសួងអភិវឌ្ឍន៍ជនបទជាពហុឆ្នាំ គឺក្នុងឆ្នាំ២០១៦-ឆ្នាំ២០១៧-ឆ្នាំ២០១៨។ ផ្លូវនេះតភ្ជាប់ពីវិថីសម្តេច ទេព្យ វង្ស ត្រង់ចំណុចភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ទៅដល់ភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ។
ខ្សែទី២៖ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ១០,៤០គីឡូម៉ែត្រ មានទទឹងខ្នងលើ ៧ម៉ែត្រ ដែលសាង់សង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឆ្នាំ២០០៧។ ខ្សែផ្លូវនេះតភ្ជាប់ពីរង្វង់មូលកែវផុស ភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ រហូតដល់ផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕





























