FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាងរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញបើកការដ្ឋានផ្លូវក្រាលបេតុងប្រវែងជាង ២គីឡូម៉ែត្រ នៅទីជនបទខេត្តកំពង់ឆ្នាំង ស្របនឹងគន្លឹះអាទិភាពនៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋ

18-02-2026 13:04

(កំពង់ឆ្នាំង)៖ នៅថ្ងៃពុធទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រុមការងារអន្តរក្រសួងដែលដឹកនាំដោយលោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានបើកការដ្ឋានការងារលើកកម្រិតគុណភាពផ្លូវក្រាលបេតុង ចំនួន១ខ្សែ មាន ៣កំណាត់ប្រវែងសរុប ២ ១២០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ចិញ្ចើមផ្លូវក្រាលដីល្បាយក្រួសសងខាង ម្ខាងៗ១ម៉ែត្រ កម្រាស់ ០,២ម៉េត្រ ស្ថាបនាលូប្រអប់មុខមួយ ចំនួន ១កន្លែង ស្ថាបនាលូមុខមូលមួយ ចំនួន ៤កន្លែង និងលូមូលមុខបី ចំនួន ១កន្លែង ស្ថិតនៅភូមិតាវ៉ាក ទៅភូមិប្រចក្ស និង ភូមិត្រពាំងតាសុខ ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោក ឈឹម សៅគី មានប្រសាសន៍ថា ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានចាប់ផ្ដើមស្ថាបនាផ្លូវក្រាលបេតុង ផ្លូវក្រាលកៅស៊ូ ផ្លូវលំ ព្រមទាំងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើន នៅតាមបណ្តាខេត្ត និងស្រុក ដែលតភ្ជាប់ពីផ្លូវជាតិ ទៅផ្លូវខេត្ត ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងជាចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ជាក់ស្តែងពីមួយអាណត្តិទៅមួយអាណត្តិ ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រែក្លាយផ្លូវក្រាលក្រួសល្បាយដី ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវក្រាលបេតុង បានជាច្រើនខ្សែក្នុងចំណោះផ្លូវជនបទដែលមានប្រមាណជាង ៥០ ០០០គីឡូម៉ែត្រ នៅទូទាំងប្រទេស ដែលកិច្ចខិតខំកសាងនូវហេដ្ឋារចនាសម្ព័ន្ធនេះ បាននឹងកំពុងដើរស្របទៅនឹងគន្លឹះអាទិភាព នៃយុទ្ធសស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលបន្តវេនពីរាជរដ្ឋាភិបាលអាណត្តិទី៦ ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ ជាពិសេសនៅទីជនបទ។

ក្នុងឱកាសនៃពិធីសំណេះសំណាល ក្នុងនាមលោករដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន លោកសូមចូលរួមអបអរសាទរ និងសប្បាយរីករាយជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងមូលដ្ឋាននេះ ចំពោះការទទួលបានសមិទ្ធផលថ្មី បន្ថែមទៀតពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ។ ការងារលើកកម្រិតគុណភាពផ្លូវក្រាលបេតុង ចំនួន១ខ្សែ ប្រវែង ២ ១២០ម៉ែត្រ បានកសាងឡើងក្រោមគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រទេសជាតិ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលកើតចេញពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ប្រកបដោយសេរី យុត្តិធម៌ និងពហុបក្ស តាមម៌ាគាលទ្ធិប្រជាធិបតេយ្យ កាលពីថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងមកនេះ។

លោក ឈឹម សៅគី បានឱ្យដឹងថា រាជរដ្ឋាភិបាលបច្ចុប្បន្ន បាន និងកំពុងបន្តខិតខំអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត ដោយបានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី១ ដែលបានកំណត់អាទិភាពគន្លឹះ៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្រោមបាវចនា៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពដោយមានគោលដៅជាយុទ្ធសាស្រ្តចំនួន៥គឺ ទី១៖ ធានាកំណើនសេដ្ឋកិច្ចប្រមាណ៧%/ឆ្នាំ ទី២៖ បង្កើតការងារឱ្យបានកាន់តែច្រើន ទី៣. សម្រេច ឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ ទី៤៖ បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន និង ទី៥៖ ធានាឱ្យបាននូវចីរភាព នៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន។

លោក ឈឹម សៅគី បានបន្តថា ដោយឡែកពាក់ព័ន្ធនឹងវិស័យអភិវឌ្ឍជនបទត្រង់មុំទី៣ នៃបញ្ចកោណទី៤ បានបញ្ជាក់ច្បាស់អំពី ការលើកស្ទួយ និងលើកកម្ពស់ការអភិវឌ្ឍជនបទ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ ការលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ជាពិសេសការកសាងផ្លូវជនបទ តភ្ជាប់ទៅកសិដ្ឋាន ផ្លូវខេត្ត និងផ្លូវជាតិ ឱ្យក្លាយទៅជាជនបទសមាហរណកម្ម ការកែលម្អលក្ខខណ្ឌជីវភាពរបស់សហគមន៍ជនបទ ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងការអភិវឌ្ឍសហគមន៍ជនបទ និងភូមិគំរូ។

ទន្ទឹមនេះ លោក ឈឹម សៅគី ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តាមរយៈឯកឧត្តម ឆាយ ឫទ្ធិសែន ចែកជូនដល់មេឃុំ, ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ ដែលបានចូលរួមដោយម្នាក់ៗទទួលបានក្រមាមួយ និងថវិកាមួយចំនួន និងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានយោគយល់ និងអធ្យាស្រ័យដល់ក្រុមការងារសាងសង់ផ្លូវ ក្នុងករណីមានការប៉ះពាល់ដោយប្រការណាមួយក្នុងអំឡុងពេលសាងសង់ផ្លូវក្រាលបេតុងមួយខ្សែនេះផងដែរ៕