រដ្ឋមន្រ្តី ឈាង រ៉ា៖ ក្នុងរយៈពេលជាង២ឆ្នាំមកនេះ មន្រ្តីនិងថ្នាក់ដឹកនាំសុខាភិបាលគ្រប់ជាន់ថ្នាក់ ប្រើប្រាស់ភាសាតែមួយក្នុងការបម្រើការងារដោយផ្តោតសំខាន់លើសុខភាពប្រជាជនជាចម្បង
17-02-2026 20:48
(ភ្នំពេញ)៖ ក្នុងឳកាសលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំនិងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ(Zoom) សរុបចំនួន ៣១៤៨រូប, លោកបានសង្កត់ធ្ងន់ថា នៅក្នុងរយៈពេលជាង២ឆ្នាំ នៃការជួបជុំគ្នាជាទៀតទាត់ ដើម្បីសិក្សាស្វែងយល់ពីភាពជាអ្នកដឹកនាំ មន្រ្តីនិងថ្នាក់ដឹកនាំសុខាភិបាលគ្រប់ជាន់ថ្នាក់បានប្រើប្រាស់ភាសាតែមួយក្នុងការបម្រើការងារក្នុងវិស័យសុខាភិបាល ដើម្បីជួយលើកកម្ពស់សុខភាពរបស់ប្រជាជនជាធំ។
ក្នុងវគ្គបណ្តុះបណ្តាលនារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ ដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាសុខាភិបាល និងបានលើកយកឧទាហរណ៍ ដែលមានលក្ខណៈជាក់ស្តែងមួយចំនួន មកចែករំលែកជាដំណោះស្រាយ ដើម្បីផ្តល់ជាគំនិត ដល់មន្រ្តីសុខាភិបាលទាំងអស់យកទៅធ្វើការឆ្លុះបញ្ចាំង និងកែលម្អចំណុចដែលមិនទាន់បានល្អប្រសើរ ព្រោះថាវិស័យសុខាភិបាលយើង បាននឹងកំពុងរួមគ្នាធ្វើដំណើរឆ្ពោះទៅរកឧត្តមភាព នៃការផ្តល់សេវា។
លោមសាស្រ្តាចារ្យបានរំលឹកថា ថ្នាក់ដឹកនាំសុខាភិបាល គ្រប់លំដាប់ថ្នាក់បានជួបជុំគ្នាជាររៀងរាល់រសៀលថ្ងៃអង្គារ បានចំនួន ១០៤ដង ដើម្បីរំលែកចំណេះដឹង និងបទពិសោធន៍លើភាពជាអ្នកដឹកនាំ។ ការជួបជុំជាប្រចាំនេះបានធ្វើឱ្យមន្រ្តី និងថ្នាក់ដឹកនាំសុខាភិបាលបានយល់ច្បាស់ជាងមុនលើភាពជាអ្នកដឹកនាំ និងបានយកចំណេះដឹងនេះទៅប្រើប្រាស់នាពេលកន្លងមក រហូតធ្វើឱ្យវិស័យសុខាភិបាល កាន់តែមានភាពប្រសើរឡើង។
សូមជម្រាបថាវគ្គបណ្តុះបណ្តាលនេះក្រុមការងារមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តឧត្តរមានជ័យ បានធ្វើបទបង្ហាញអំពីការគ្រប់គ្រង សេវាសុខាភិបាលក្នុងកំឡុងពេលមានសង្គ្រាមឈ្លានពានកាលពីចុងឆ្នាំ២០២៥ កន្លងមក។ បទបង្ហាញនេះចែករំលែកបទពិសោធន៍ នៅក្នុងការងារត្រៀមខ្លួន និងឆ្លើយតបទៅនឹងគ្រោះមហន្តរាយជាពិសេសពេលមានសង្គ្រាមផងដែរ៕




























