FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ សម្ពោធដាក់ឲ្យដំណើរការជាផ្លូវការខ្សែច្រវាក់ផលិតកម្មអាហារហាឡាលនៅកម្ពុជា

17-02-2026 18:04

(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមហ៊ុន NAFIER Industry ដែលជាក្រុមហ៊ុនវិនិយោគទុនមកពីប្រទេសចិន បានរៀបចំពិធីសម្ពោធបើកដំណើរការអាជីវកម្មរបស់ខ្លួនជាផ្លូវការ ក្រោមអធិបតីភាពរបស់លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា។ ក្រុមហ៊ុននេះមានទីតាំងស្ថិតនៅ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នពេញ ហើយព្រឹត្តិការណ៍សម្ពោធនេះ ត្រូវបានចាត់ទុកថា ជាសញ្ញាណវិជ្ជមានថ្មីមួយនៃការរីកចម្រើនផ្នែកវិនិយោគ និងឧស្សាហកម្មហាឡាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដែលបានសម្រេចចិត្តមកវិនិយោគលើការកែច្នៃអាហារហាឡាលស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន។ លោកបានបញ្ជាក់ថា ក្រុមហ៊ុន NAFIER Industry បានទទួលវិញ្ញាបនបត្រស្តង់ដារហាឡាលកម្ពុជារួចរាល់ ដែលនេះសបញ្ជាក់ពីការគោរពយ៉ាងម៉ឺងម៉ាត់ អនាម័យ និងសុវត្ថិភាពចំណីអាហារស្របតាមស្តង់ដារហាឡាល។ លើសពីនេះ ឧស្សាហកម្មហាឡាលមិនត្រឹមតែបម្រើតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទំនិញដែលមានសក្តានុពលខ្លាំងសម្រាប់ទីផ្សារក្នុងតំបន់ និងអន្តរជាតិផងដែរ។

លោកសង្ឃឹមថា ក្រុមហ៊ុននេះនឹងក្លាយជាក្រុមហ៊ុនមួយ ដែលមានសមត្ថភាពប្រកួតប្រជែង មានគុណភាពខ្ពស់ និងអាចបង្កើតផលប្រយោជន៍ជាច្រើនសម្រាប់សហគមន៍ឥស្លាមកម្ពុជា និងសង្គមទាំងមូលនាពេលអនាគត។ ជាមួយគ្នានេះផងដែរ លោកលើកទឹកចិត្តឲ្យក្រុមហ៊ុនបន្តពង្រឹងគុណភាព ផលិតភាព និងស្តង់ដារប្រតិបត្តិការដើម្បីឲ្យមានការរីកចម្រើនប្រកបដោយចីរភាព។

ដោយឡែក លោក Ma Biao នាយកក្រុមហ៊ុន NAFIER Industry បានលើកឡើងថា ការជ្រើសរើសយកកម្ពុជាជាទីតាំងវិនិយោគ គឺផ្អែកលើការវាយតម្លៃរយៈពេលវែងអំពីតម្រូវការទីផ្សារ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងដំណើរការផលិតផលិតផលមួយចំនួនដូចជា ប្រហិត និងគាវ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍គុណភាពជាចម្បង និងសម្រិតសម្រាំងវត្ថុធាតុដើមយ៉ាងច្បាស់លាស់តាមបទប្បញ្ញត្តិហាឡាល។

លោកនាយកក្រុមហ៊ុនបានបន្ថែមថា ការធ្វើអាជីវកម្មនេះមិនមែនផ្តោតតែលើប្រាក់ចំណេញនោះទេ ប៉ុន្តែគឺជាការបម្រើប្រជាជន និងចូលរួមអភិវឌ្ឍសង្គមតាមរយៈការបង្កើតការងារ និងការបណ្តុះបណ្តាលធនធានមនុស្ស។ លោកសង្ឃឹមថា ទីតាំងនេះនឹងមិនត្រឹមតែជារោងចក្រប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាទីកន្លែងសម្រាប់បម្រើឲ្យសាធារណជន បណ្តុះទេពកោសល្យ និងភ្ជាប់ទំនាក់ទំនងជាមួយទីផ្សារ នាពេលអនាគត៕