FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលស្រុកស្ទោង ជំរុញមន្ត្រីក្រោមឱវាទ បំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយទំនួលខុសត្រូវខ្ពស់ ដើម្បីបម្រើពលរដ្ឋនៅក្នុងមូលដ្ឋាន

17-02-2026 15:30

(កំពង់ធំ)៖ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ, លោក សាយ គឹមឡមអភិបាលស្រុកស្ទោង ខេត្តកំពង់ធំ បានជំរុញមន្ត្រីក្រោមឱវាទទាំងអស់ ត្រូវបំពេញ តួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយទំនួលខុសត្រូវខ្ពស់ ដើម្បីបម្រើសេវាសាធារណជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន។

លោកបានបញ្ជាក់ថា គ្រប់អាជ្ញាធរឃុំ ជាពិសេសនៅតាមដងផ្លូវជាតិលេខ៦ ត្រូវធ្វើអនាម័យតាមដងផ្លូវឱ្យបានទៀងទាត់ជាប្រចាំ ថែរក្សាការពារសូឡាដែលលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានដាក់បំពាក់ជូន ក្រោមការចង្អុលបង្ហាញរបស់សម្ដេចមហាបវរអធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាចំណែកមួយនៃការលើកកម្ពស់សោភ័ណភាព និងសុវត្ថិភាពតាមដងផ្លូវជាតិលេខ៦ ការទាក់ទាញភ្ញៀវទេសចរ ហើយត្រូវមើលថែទាំ ការពារឱ្យបានហ្មត់ចត់បំផុត។

លោកអភិបាលស្រុកបានសង្កត់ធ្ងន់ថា ល្បែងអនឡាញ ក្មេងទំនើង ចោរកម្ម និងបទល្មើសនានានៅក្នុងមូលដ្ឋាន គឺជាគោលដៅអាទិភាពបំផុតដែលរដ្ឋបាលស្រុកស្ទោង ត្រូវរួមសហការគ្នា គ្រប់ភាគីពាក់ព័ន្ធ កងកម្លាំងទាំង៣ ប្រើគ្រប់មធ្យោបាយដើម្បីបង្ក្រាបឱ្យខាងតែបានដាច់ខាត ដើម្បីធានាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងអនុវត្តតាមគោលនយោបាយដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

លោកបានណែនាំដល់កងកម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទោង ត្រូវបន្តអប់រំ ណែនាំដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានឱ្យបានដូចភ្លៀងរលឹម ដើម្បីបន្តយល់ដឹងពីច្បាប់ចរាចរណ៍ និងអនុវត្តឱ្យបានទាំងអស់គ្នា ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ផ្ទាល់ខ្លួន និងសាធារណៈនៅលើដងផ្លូវឱ្យមានសុវត្ថិភាពខ្ពស់បំផុត។

លោក សាយ គឹមឡម បានក្រើនរម្លឹកថែមទៀតដល់អាជ្ញាធរឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវរួបរួមសហការឱ្យស៊ីសង្វាក់គ្នាក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានជាពិសេសការយកចិត្តទុកដាក់ដល់សុខទុក្ខសុខុមាលភាពប្រជាពលរដ្ឋ និងគ្រួសារជនភៀសសឹក ដែលបានកំពុងបន្តស្នាក់នៅក្នុងមូលដ្ឋានខ្លួនឱ្យបានល្អប្រសើរបំផុតប្រកបដោយទំនួលខុសត្រូវខ្ពស់៕