FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្ដី ឆាយ ឫទ្ធិសែន រួមជាមួយគណៈប្រតិភូរបស់ ADB អញ្ជើញចុះទស្សនកិច្ចពិនិត្យវឌ្ឍនភាពការអនុវត្តកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព នៅក្នុងខេត្តកំពង់ស្ពឺ

16-02-2026 16:08

(កំពង់ស្ពឺ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ លោកស្រី YASMIN SIDDIQI នាយិកាប្រចាំប្រទេសកម្ពុជានៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញចុះទស្សនកិច្ចពិនិត្យវឌ្ឍនភាពការអនុវត្តកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព នៅក្នុងខេត្តកំពង់ស្ពឺ។ ក្នុងដំណើរទស្សនកិច្ចនេះ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំនៃក្រសួង មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ និងអាជ្ញាធរមូលដ្ឋានស្រុក និងឃុំផងដែរ។

គណៈប្រតិភូបានអញ្ជើញទស្សនកិច្ច និងត្រួតពិនិត្យវឌ្ឍនភាពគម្រោងចំនួន ៥ទីតាំង ដូចខាងក្រោម៖
*ទីតាំងទី១៖ នៅក្នុងសាលាឃុំផុង ស្រុកបសេដ្ឋ ដោយបានជួបសំណេះសំណាលជាមួយរដ្ឋបាលឃុំផុង ដោយបានជម្រាបជូនអំពីស្ថានភាពនៃការអភិវឌ្ឍ និងរីកចម្រើននៃសង្គម និងសេដ្ឋកិច្ចនៅក្នុងទូទាំងប្រទេសកម្ពុជា ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្ដិភាព។ ជាក់ស្ដែងជនបទគ្រប់ច្រកល្ហកនៃប្រទេសកម្ពុជា មានការកើនឡើងនូវហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ ដូចជា ផ្លូវក្រាលបេតុ ឬផ្លូវក្រាលកៅស៊ូ, បណ្ដាញអគ្គិសនី, ទឹកស្អាត អនាម័យ ជាពិសេសកម្រិតជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ កាន់តែល្អប្រសើរជាលំដាប់។ ជាមួយគ្នានោះដែរ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងយកចិត្តទុកដាក់ក្នុងការអនុវត្តនូវផែនការយុទ្ធសាស្ដ្ររបស់ខ្លួន ដើម្បីសម្រេចនូវចក្ខុវិស័យដែលបានកំណត់គឺ «កសាងសង្គមជនបទកម្ពុជា ឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព»

*ទីតាំងទី២៖ នៅក្នុងបរិវេណវត្តទួលក្រួស ដោយបានពិនិត្យទីតាំងការដ្ឋានផលិតពាងទឹកសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋនៅក្នុងភូមិគោលដៅ និងជួបសំណេះសំណាលជាមួយកម្មករ ផលិតពាង និងក្រុមគ្រួសារដែលទទួលបានផលប្រយោជន៍ ពីការងារផលិតពាង។

*ទីតាំងទី៣៖ ត្រួតពិនិត្យទីតាំងអណ្តូងទឹកប្រើដោយប្រព័ន្ធថាមពលអគ្គីសនីមួយកន្លែង ស្ថិតក្នុងភូមិដំបូកខ្ពស់ និងសំណេះសំណាលជាមួយសហគមន៍ប្រើប្រាស់ និងគ្រប់គ្រងអណ្តូង ចំនួន ១៤គ្រួសារ។ អណ្តូងទឹកប្រើដោយប្រព័ន្ធថាមពលអគ្គីសនីនោះ ត្រូវបានសាងសង់ក្នុងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ មានជម្រៅ ៤២ម៉ែត្រ និងមានសមត្ថភាពបូមទឹកបាន ៤,៥ម៉ែត្រគូប ក្នុង១ម៉ោង។

*ទីតាំងទី៤៖ អណ្តូងស្នប់ដៃមួយកន្លែងស្ថិតនៅក្នុងភូមិត្រពាំងវែង និងបានជួបសំណេះសំណាលជាមួយក្រុមអ្នកប្រើប្រាស់ទឹកចំនួន ៧គ្រួសារ ដើម្បីស្វែងយល់អំពីស្ថានភាពនៃការប្រើប្រាស់ទឹកនៅក្នុងមូលដ្ឋាន ព្រមទាំងស្វែងយល់អំពីតម្រូវការសាធារណៈផ្សេងទៀតរបស់ប្រជាពលរដ្ឋផងដែរ។

*ទីតាំងទី៥៖ អណ្តូងទឹកប្រើប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យមួយកន្លែងស្ថិតក្នុងភូមិត្រពាំងវែង និងសំណេះសំណាលជាមួយសហគមន៍ប្រើប្រាស់និងគ្រប់គ្រងអណ្តូងចំនួន ១៥គ្រួសារ។ អណ្តូងទឹកប្រើប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ត្រូវបានសាងសង់ក្នុងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ដែលមានជម្រៅ ៤៣ម៉ែត្រ និងមានសមត្ថភាពបូមទឹកបាន ៣,៥ម៉ែត្រគូប ក្នុង១ម៉ោង។

ក្នុងឱកាសពិនិត្យសមិទ្ធផលនានារបស់គម្រោងនាឱកាសនោះ លោករដ្ឋមន្ដ្រី និងគណៈប្រតិភូរួមដំណើរ បានអញ្ជើញពិនិត្យគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្នែកខ្លះក្រាលបេតុង ១ខ្សែ មានប្រវែងសរុប ១១,១០គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិសំបួរ ឃុំមហាសាំង ទៅដល់ភូមិប្រិយ៍ ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន ១ ១២០គ្រួសារ ស្មើនឹង ៦ ០៥០នាក់ និង អ្នកទទួលផលដោយប្រយោលចំនួន ២ ១៦០គ្រួសារ ស្មើនឹង ១១ ៦៦០នាក់។ ខ្សែផ្លូវនេះ ត្រូវបានអនុវត្តការសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឆ្នាំ២០១៩ ក្នុងក្របខ័ណ្ឌគម្រោងកែលម្អផ្លូវជនបទជំហានទី២ (RRIP-II) ដោយប្រើប្រាស់ថវិកាសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា និងហិរញ្ញប្បទានឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

លោករដ្ឋមន្ដ្រី និងគណៈប្រតិភូរួមដំណើរ បានបន្តអញ្ជើញពិនិត្យស្ថានភាពស្ពានបេឡេត៍មួយកន្លែង មានបណ្ដោយប្រវែង ១២ម៉ែត្រ ទទឹង ៤ម៉ែត្រ សាងសង់ក្នុងឆ្នាំ២០២៥។ ស្ពាននេះតភ្ជាប់ពីភូមិដំបូកខ្ពស់ ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ឆ្លងទៅកាន់ភូមិផ្លូវលោក ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។ បន្ថែមពីនេះ គណៈប្រតិភូ បានអញ្ជើញពិនិត្យស្ថានភាពស្រះទឹកសហគមន៍មួយកន្លែង មានបណ្ដោយ ១៣០ម៉ែត្រ និងទទឹង ៥៨ម៉ែត្រ ដែលមានសភាពរាក់ មិនអាចស្ដុកទឹកសម្រាប់ប្រើប្រាស់នៅរដូវប្រាំងបាន។ ដោយពិនិត្យឃើញស្ថានភាពជាក់ស្ដែង លោករដ្ឋមន្ដ្រី បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ពិភាក្សាជាមួយភាគីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីស្វែងរកមធ្យោបាយស្ដារស្រះ ផ្ដល់ទឹក ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់៕