ប្រកាសបញ្ចូលសមាជិកថ្មីចំនួន ២៣០នាក់ របស់គណបក្សប្រជាជនកម្ពុជា នៅឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
16-02-2026 10:41
(កំពង់ឆ្នាំង)៖ លោកបណ្ឌិត ហ៊ឺ វីរៈ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា របស់គណៈកម្មាធិការគណបក្សឃុំឈូកសសរុបចំនួន ២៣០នាក់។
ពិធីនេះក៏មានការចូលរួមពីលោកស្រី កុប ម៉ារីយ៉ាស សមាជិកគណៈកម្មការកណ្ដាល អនុប្រធានប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំឈូកស រួមជាមួយលោក លោកស្រី ជាក្រុមការងារគណបក្សថ្នាក់កណ្តាល ថ្នាក់ខេត្ត ថ្នាក់ស្រុកចុះមូលដ្ឋានឃុំឈូកស ជាច្រើនរូបទៀត។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ស្វាគមន៍ ដោយលោកប្រធានគណៈកម្មាធិការគណបក្សឃុំឈូកស និងការប្តេជ្ញាចិត្តរបស់តំណាងសមាជិកគណបក្សទើបចូលថ្មី លោកបណ្ឌិត បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករឭកពីសំណាក់សម្តេចប្រធានគណបក្ស និងសម្តេចអនុប្រធានបក្ស ជូនដល់ក្រុមគ្រួសារគណបក្ស ដែលកំពុងមានវត្តមានក្នុងពិធីនេះផងដែរ។
លោកបណ្ឌិត ហ៊ឺ វីរៈ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគណបក្សឃុំឈូកស ដែលបានកសាងសមាជិករបស់គណបក្សប្រជាជនកម្ពុជា និងបានធ្វើពិធីប្រកាសបញ្ចូលជាសមាជិកទៅតាមគោលការណ៍របស់គណបក្សនាពេលនេះ។ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា នេះជាឃុំទី៨ ហើយ ដែលបានរៀបចំពិធីប្រកាសបញ្ចូលសមាជិកថ្មី ក្នុងចំណោមឃុំទាំង ១០ របស់ស្រុកកំពង់ត្រឡាច។
បន្ថែមពីលើនោះលោកបណ្ឌិត បានថ្លែងនូវការកោតសរសើរចំពោះឆន្ទៈ និងភាពក្លាហានរបស់សមាជិក សមាជិកាគ្រប់រូប ដែលបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ លោកបានបង្ហាញឱ្យឃើញពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងបានធ្វើឱ្យជីវភាពរបស់ប្រជាជនកាន់តែរីកចម្រើនជាលំដាប់។
ជាមួយគ្នានោះ លោកបណ្ឌិត ហ៊ឺ វីរៈ ក៏បានផ្ដាំផ្ញើដល់ប្អូនៗជាសមាជិកថ្មីត្រូវខិតខំរៀនសូត្រ ក្រេបយកចំណេះជំនាញថ្មីឱ្យស្របតាមបរិបទសង្គម នៃវឌ្ឍនភាពបច្ចេកវិទ្យា ដើម្បីក្លាយខ្លួនជាមូលធនមនុស្សចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិយើង៕




















