FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រ៉ែក្រោមដីរបស់កម្ពុជា ប្រែក្លាយជាចលកររួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ ជាមួយការធានាគ្រប់គ្រង និងមិនឱ្យចំណូលលើវិស័យរ៉ែធ្លុះធ្លាយ (Video inside)

15-02-2026 18:05

(ភ្នំពេញ)៖ ធនធានរ៉ែក្រោមដីរបស់កម្ពុជា ដែលរ៉ែខ្លះជាប្រភេទរ៉ែកម្រផងនោះ បាននិង​កំពុង​​ក្លាយកម្លាំងចលករបន្ថែមក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ បន្ទាប់ពីរាជរដ្ឋាភិបាល​ដាក់​ចេញគោលនយោបាយលើកទឹកចិត្តវិនិយោគលើវិស័យរ៉ែ ក្នុងការកៀរគរចំណូល​បន្ថែមសម្រាប់កិច្ចអភិវឌ្ឍន៍ជាតិ។

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា នៅឆ្នាំ២០២៥កន្លងទៅ​នេះ ការវិនិយោគលើវិស័យរ៉ែនៅក្នុងប្រទេសកម្ពុជា មានទុនជិត ៣ពាន់លានដុល្លារ​អាមេរិក។ តាមរយៈការវិនិយោគនេះ បានរួមចំណែកផ្តល់ការងារផ្ទាល់ដល់ប្រជា​ពលរដ្ឋ​ជាង ១ម៉ឺន​នាក់ និងដោយប្រយោលរាប់ម៉ឺននាក់បន្ថែមទៀត។ បន្ថែមពីលើនោះ តាមរយៈ​ការវិនិយោគ​នេះ ធ្វើឱ្យក្រសួងរ៉ែ និងថាមពលប្រមូលសួយសារពីការវិនិយោគនេះ បាន​ជាង ១០០​លាន​ដុល្លារក្នុងឆ្នាំ២០២៥កន្លងទៅ។ ចំនួននេះ ទាន់គិតពីការប្រមូលពន្ធគយ និងពន្ធដារនៅ​ឡើយ​នោះទេ។

បើតាមលោក កែវ រតនៈ ចំណូលសួយសារពីការវិនិយោគរ៉ែនេះ មានការកើនឡើងច្រើន​បើ​​ធៀប​នឹងឆ្នាំ២០១៦ ដែលកាលនោះមានត្រឹមជាង ១៣លានដុល្លារប៉ុណ្ណោះ។

តាមរយៈការវិនិយោគលើវិស័យរ៉ែ មិនត្រឹមជួយឱ្យកម្ពុជាបង្កើនថវិកាជាតិប៉ុណ្ណោះទេ ប៉ុន្តែ​ក៏បានរួមចំណែកកាត់បន្ថយលំហូរលុយរបស់ខ្មែរទៅក្រៅប្រទេស តាមរយៈការទិញយក​នូវ​ផលិតផលពាក់ព័ន្ធវិស័យរ៉ែមកប្រើប្រាស់នៅកម្ពុជាផងដែរ។ បច្ចុប្បន្នស៊ីម៉ង់តិ៍ ជា​ផលិ​ត​​​ផល​ពី​រ៉ែលេចធ្លោមួយ ហើយមានតម្រូវការខ្ពស់នៅកម្ពុជា ដែលកម្ពុជាអាច​ផលិត​បាន​ដោយ​ខ្លួនឯង និងបំពេញតម្រូវការបាន១០០ភាគរយ ចាប់តាំងពីឆ្នាំ២០២៣មក។ ក្រៅពី​ស៊ី​ម៉ង់តិ៍ យើងក៏មានថ្មក្រាលតាមផ្លូវ តាមផ្ទះ តាមសួនច្បារជាដើម ដែលពីមុនសុទ្ធតែនាំ​ចូលបំពេញការប្រើប្រាស់ តែពេលបច្ចុប្បន្នការផលិតក្នុងស្រុកអាចបំពេញតម្រូវការបាន​ខ្ពស់បំផុត។

សម្រាប់លោក កែវ រតនៈ ចាត់ទុកការផលិតបាននូវផលិតផលពីរ៉ែបំពេញការប្រើប្រាស់​ក្នុងស្រុកនេះ គឺជាមោទនភាពសម្រាប់កម្ពុជា។

រ៉ែក្រោមដី ត្រូវបានប្រទេសជាច្រើនលើពិភពលោក រួមទាំងប្រទេសមានសេដ្ឋកិច្ចខ្ពស់​ដូច​ជា​អាមេរិក ចិន និងប្រទេសជាច្រើនទៀតនៅអឺរ៉ុប និងអាស៊ី បានប្រឹងប្រែងកែច្នៃរ៉ែបំពេញ​សេច​ក្តី​ត្រូវការផ្នែកអភិវឌ្ឍន៍ ការប្រើប្រាស់របស់មនុស្ស និងជំរុញសេដ្ឋកិច្ចជាតិផងដែរ។ ប៉ុន្តែការយករ៉ែអាចជារឿងថ្មីសម្រាប់សង្គមកម្ពុជា។ ប្រជាពលរដ្ឋកម្ពុជា ហាក់មានផ្នត់​គំ​និត និងការយល់មិនវិជ្ជមាននោះឡើយ សម្រាប់ការវិនិយោគ ឬការធ្វើអាជីវកម្មរ៉ែ។ មាន​ពលរដ្ឋខ្លះចាត់ទុកការវិនិយោគ ឬការធ្វើអាជីវកម្មរ៉ែ គឺជាការបំផ្លាញសម្បត្តិធន​ធានធម្ម​ជាតិ​របស់កម្ពុជា។

លោក កែវ រតនៈ បានពន្យល់ថា មានប្រទេសជាច្រើនលើពិភពលោកនេះ ដូចជាអាមេរិក ចិន និងប្រទេសនានា សុទ្ធតែបានវិនិយោគលើវិស័យរ៉ែ ដើម្បីទាញជាប្រយោជន៍សម្រាប់​សេដ្ឋកិច្ច។ សម្រាប់កម្ពុជាវិញ ការវិនិយោគលើវិស័យរ៉ែនេះ មានកម្រិតតិចតួចប៉ុណ្ណោះ។

បើទោះបីកម្ពុជា មើលឃើញពីគុណតម្លៃរ៉ែលើសេដ្ឋកិច្ចជាតិយ៉ាងណាក្តី តែកម្ពុជា ក៏បាន​គិតគូរថ្លឹងថ្លែងពីប្រយោជន៍ទេសចរណ៍ និងវប្បធម៌ ពោលមិនមែនដី ឬភ្នំ គ្រប់ទីកន្លែង​នៅ​​កម្ពុជាត្រូវតែយករ៉ែនោះទេ។

ពាក់ព័ន្ធការវិនិយោគលើវិស័យរ៉ែនេះ លោក កែវ រតនៈ ក៏បានអះអាងពីការគ្រប់គ្រងយ៉ាង​គត់មត់​លើ​ការ​ប្រមូលពន្ធ និងសួយសារពីការវិនិយោគរ៉ែ ដើម្បីធានាចំណូលពីការវិនិ​យោគ​​រ៉ែ បានជាប្រយោជន៍សម្រាប់ជាតិ និងប្រជាជន ដោយមិនធ្លុះធ្លាយនោះឡើយ។

ទន្ទឹមនឹងកម្ពុជាមានកំណើនវិនិយោគលើវិស័យរ៉ែ ហើយផលិតបាននូវផលិតផលពីរ៉ែ​ជា​ច្រើនសម្រាប់បំពេញតម្រូវការប្រើប្រាស់ហើយនោះ លោករដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលរ៉ែផលិតនៅ​កម្ពុជា ហើយរួមគ្នាជំរុញការនាំចេញ ដើម្បីទទួលបានចំណូលបន្ថែមសម្រាប់កិច្ចអភិវឌ្ឍន៍​ជាតិ រួមទាំងការពង្រឹងវិស័យការពារជាតិដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋកម្ពុជា​ផងដែរ៕