FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋភៀសសឹកជិត ១០០គ្រួសារ និងពលរដ្ឋមានជីវភាពខ្វះខាត នៅស្រុកជីក្រែង ទទួលបានគ្រឿងឧបភោគបរិភោគពីព្រះសង្ឃ និងសប្បុរសជន

15-02-2026 16:05

(សៀមរាប)៖ ព្រះគ្រូវិចិត្រវង្សា​ ហែម​ គឹមសាន​ ញាតិធម្មោ​ ទីប្រឹក្សាពុទ្ធិកសមាគមកម្ពុជរដ្ឋ​ និងជាព្រះចៅអធិការវត្តប្រាសាទគោកចក​ ក្រុងសៀមរាប និងសប្បុរសជន នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ បាននិមន្តនាំយកអំណោយជាគ្រឿងឧបភោគបរិភោគចែកជូនដល់ជនភៀសសឹកចំនួន ៩៩គ្រួសារ និងប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៤០នាក់ នៅឃុំគោកធ្លក ស្រុកជីក្រែង ខេត្តសៀមរាប។ ក្នុងនោះក៏បានសម្ភារៈសិក្សាដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាគោកធ្លក ចំនួន ១៤០នាក់ផងដែរ។

ថ្លែងក្នុងឱកាសនោះ អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តខេត្តសៀមរាប បានលើកឡើងថា សូមបងប្អូនភៀសសឹក និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមកម្លាំងសាមគ្គី រួមសុខរួមទុក្ខ ជាពិសេសត្រូវជឿជាក់លើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលលោកតែងតែគិតគូរ ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋទាំងអស់ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

អ្នកឧកញ៉ា បានបន្តថា កម្ពុជាស្រឡាញ់សន្តិភាព ព្រោះសន្តិភាពនេះជាសេចក្តីសុខរបស់យើងទាំងអស់គ្នា ដូចជាក់ស្តែងនេះ ទោះយើងត្រូវប្រទេសថៃឈ្លានពាន រំលោភបំពាន និងបានបង្កឱ្យមានសង្គ្រាម នៅតាមបណ្តោយព្រំដែន ក្នុងនោះក៏បានបាញ់ប្រហារដោយមិនរើសគោលដៅ ដូចជា៖ វត្តអារាម ទីប្រជុំជនដែលមានប្រជាពលរដ្ឋស៊ីវិលរស់នៅ ជាពិសេសសាលារៀនរបស់កុមារផងដែរ។

ព្រះគ្រូវិចិត្រវង្សា ហែម គឹម សាន មានថេរដីកាថា គ្រឿងឧបភោគ បរិភោគ និងសម្ភារៈសិក្សា ដែលនាំយកមកចែកនាពេលនេះ គឺដើម្បីជួយសម្រាលការលំបាកក្នុងគ្រាអាសន្ន ដែលសកម្មភាពមនុស្សធម៌ និងឆ្លុះបញ្ចាំងពីសាមគ្គីភាព «ខ្មែរជួយខ្មែរ» ក្នុងការគាំទ្រដល់ពលរដ្ឋដែលរងផលប៉ះពាល់។

ព្រះគ្រូវិចិត្រវង្សា មានថេរដីកាបន្តថា សម្ភារៈ និងអំណោយទាំងនេះ មួយផ្នែកគឺទទួលបានពីរដ្ឋបាលខេត្ត និងមួយផ្នែកទៀត ទទួលបានពីលោកជំទាវមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មាស សន ជាម៉ន និងក្រុមគ្រួសារ ព្រមទាំងសប្បុរសជនជិតឆ្ងាយ ដែលប្រគេនមកវត្តប្រាសាទគោកចក ជាសង្គហៈទានសម្រាប់បែងចែកទៅតាមលទ្ឋភាព និងទុកជូនគ្រួសារខ្វះខាតជាក់ស្តែង នៅតាមមូលដ្ឋាននានា ក្នុងខេត្តសៀមរាប។

លោក បូ ម៉េងទ្រី អភិបាលស្រុកជីក្រែង បានសម្តែងនូវអំណរព្រះគុណ និងអរគុណដល់ព្រះសង្ឃ និងសប្បុរសជនជិតឆ្ងាយ ដែល បានបរិចា្ចគធនធានថវិកាចូលរួមឧបត្ថម្ភគាំទ្រដល់បងប្អូនភៀសសឹក និងគ្រួសារជួបភាពខ្វះខាតនាពេលនេះ គឺឆ្លុះបញ្ចាំងពីឆន្ទៈចូលរួមចំណែកជាមួយអាជ្ញាធរមូលដ្ឋាន និងរាជរដ្ឋាភិបាល ឈរលើស្មារតីខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ បង្ហាញនូវក្ដីស្រឡាញ់ សាមគ្គីភាព មិត្តភាព យល់ទុក្ខធុរៈគ្នា និងជួយគ្នាក្នុងគ្រាចាំបាច់នេះ។

សូមជម្រាបថា ជនភៀសសឹក ក្នុងមួយគ្រួសារ ទទួលបាន៖ អង្ករ ២៥ គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ នំ១កញ្ចប់ បន្លែស្ពៃ ១គីឡូក្រាម និងឃីត១កញ្ចប់ (ភួយ អាវបាត់រងារ ត្រីខ អំបិល ម្សៅស៊ុបជាដើម។ ទឹកសុទ្ធ១យួរ ចានដែកជ័រ១ និងថវិកា ២០,០០០រៀល។ ចំណែកមនុស្សចាស់ ៤០នាក់ ក្នុងម្នាក់ៗ ទទួលបានចានដែកជ័រលាងចាន១ សារ៉ុង១ និងភួយ១។ សិស្សានុស្សា ១៤០នាក់ ម្នាក់ៗទទួលបានសម្ភារៈសិក្សា នំ ទឹកដោះគោ និងថវិកា ១០០០រៀល។ ក្នុងនោះក៏ប្រគេនដល់ព្រះសង្ឃ ១៩អង្គ ក្នុង១អង្គទទួលបាន សៀវភៅសរសេរ ១០ក្បាល ប៊ិច បន្ទាត់ ខ្មៅដៃ ជ័រលុប និងថវិកាមួយចំនួន៕