FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកជំនាញអារ្យធម៌ខ្មែរ៖ តើខ្មែរត្រូវត្រៀមខ្លួន ប្រឈមគំនិតជាតិនិយមជ្រុលថៃបែបណា?

15-02-2026 15:48

(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងថា ចំពោះការឈ្នះឆ្នោតរបស់លោកអានុទីន ឆានវីរៈកូល Anutin Charnvirakul ដែលបានលើកទង់សង្រ្គាមឈ្លានពានមកលើទឹកដីកម្ពុជា មកឃោសនារុករកសម្លេងឆ្នោត គឺការឈ្នះឆ្នោតនេះជាសញ្ញាដែលខ្មែរត្រូវត្រៀមខ្លួន ប្រឈមគំនិតជាតិនិយមជ្រុលថៃដូចខាងក្រោម៖

១៖ បញ្ហាសេដ្ឋកិច្ច, គំនិតដើរលើផ្លូវជាតិនិយមជ្រុលកើតចេញពីពួកគេមើលឃើញភាពខ្សោយផ្នែកសេដ្ឋកិច្ចរបស់ដៃគូ​ខ្លួន។ ហេតុនេះកម្ពុជាត្រូវពង្រឹងសេដ្ឋកិច្ចឲ្យរឹងមាំ ពិសេសកុំពឹងផ្អែកលើថៃ គឺត្រូវគាំទ្រផលិតផលក្នុងស្រុកឲ្យបានខ្លាំងក្លា នឹងធ្វើឲ្យគំនិតជាតិនិយមជ្រុលថៃចុះថមថយភ្លាមៗមួយរំពេច។

២៖ បញ្ហាពលករចំណាកស្រុក, គំនិតដើរលើផ្លូវជាតិនិយមជ្រុល ពួកគេមើលឃើញថា បញ្ហាពលករជាប្រធានបទចម្បងដែលត្រូវលើកយកមកប្រើ ដើម្បីបម្រើដល់ប្រជាភិថុតិស្ដាំនិយមខ្លួន។ ហេតុនេះកម្ពុជា ត្រូវត្រៀមដោះស្រាយពលករ។

​៣៖ ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត, ​គំនិតដើរលើផ្លូវជាតិនិយមជ្រុល ច្រើនតែរីកដុះដាលតាមរយៈការឃោសនាបំផ្លើស, ​បំភ្លៃលើបណ្តាញសង្គម, សុន្ទរកថាស្អប់ខ្ពើមប្រកាន់ពូជសាសន៍ និងព័ត៌មានក្លែងក្លាយដែលញុះញង់ឲ្យមានការរើសអើងពូជសាសន៍។ ហេតុនេះកម្ពុជា ត្រូវវាយបកទៅនឹងការបំភ្លៃ ឬការប្រមាថមើលងាយទាំងនេះ ដោយចៀសវាងការតបតវិញដោយអារម្មណ៍ជ្រុលនិយមដូចគ្នា ប៉ុន្តែត្រូវប្រើការពិតបែបវិទ្យាសាស្ត្រ បង្ហាញពីឆន្ទៈក្នុងការរស់នៅដោយសន្តិភាព ភាពអស្ចារ្យនៃវប្បធម៌ខ្មែរទៅកាន់ពិភពលោកតាមរយៈមាតិកាស្អាតៗ និងមានគុណភាពខ្ពស់ ហើយត្រូវរឹងមាំលើអធិបតេយ្យភាពជាតិ។

​៤៖ បើផ្ទៃក្នុងជាតិយើងរឹងមាំ មានសាមគ្គីភាព និងគ្មានការបែកបាក់នោះ ការញុះញង់ពីមនោគមវិជ្ជាជាតិនិយមជ្រុលថៃ នឹងមិនអាចធ្វើអ្វីយើងបានឡើយ។ ការទប់ស្កាត់ជាតិនិយមជ្រុល មិនមែនមានន័យថាត្រូវ «ស្អប់» ប្រជាជនថៃនោះទេ ប៉ុន្តែគឺការការពារ «តម្លៃ» និង «អត្តសញ្ញាណ» របស់យើងឲ្យបានគង់វង្សដោយភាពឆ្លាតវៃ។

ជាចុងក្រោយលោក រ័ត្ន សណ្តាប់ ក៏បានកត់សម្គាល់ដែរថា បើនិយាយអំពីបុគ្គលិកលក្ខណះរបស់លោកអានុទីន វិញក៏ជាអ្នកនយោបាយម្នាក់ដែលបត់បែនតាមកាលៈទេសៈយ៉ាងលឿនផងដែរ។ ជួនកាលការបោះឆ្នោត វាអាចគ្រាន់តែជាយុទ្ធសាស្ត្រឃោសនាបែបវោហារសាស្ត្រនយោបាយប៉ុណ្ណោះ ជាជាងការអនុវត្តជាក់ស្តែងដែលបំផ្លាញដល់សេដ្ឋកិច្ចខ្លួនទាំងស្រុង។ ហេតុនេះយើងត្រូវចាំមើលថា តើរដ្ឋាភិបាលថ្មីរបស់អានុទីន មានឥរិយាបថបែបណា ចំពោះទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា?

ដូច្នេះដើម្បីទប់ស្កាត់គំនិតជាតិនិយមហួសហេតុរបស់ទីក្រុងកក គឺកម្ពុជា មានតែប្រើយន្ដការអាស៊ាន និងច្បាប់​អន្ដរជាតិជា «អំណាចទន់» ដើម្បីដាក់សម្ពាធលើរដ្ឋសមាជិកប្រទេសថៃ ដែលរំលោភលើគោលការណ៍សិទ្ធិមនុស្ស និងតម្លៃរួមរបស់អាស៊ាន៕