ក្រសួងមហាផ្ទៃ៖ ពលរដ្ឋភៀសសឹកជាង ១ ០០០នាក់បន្ថែមទៀត បន្តវិលត្រឡប់ទៅលំនៅឋានវិញ, ជនភៀសសឹកជាង ៧ម៉ឺននាក់ បន្តស្នាក់នៅមណ្ឌលសុវត្ថិភាព
15-02-2026 15:24
(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានឱ្យដឹងថា គិតចាប់ពីម៉ោង៦ព្រឹកថ្ងៃទី១៤ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានប្រជាពលរដ្ឋភៀសសឹក ១ ០៥៧នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមប្រជាពលរដ្ឋភៀសសឹកជាង ៦សែន ៤ម៉ឺននាក់ មានជាង៥សែន ៧ម៉ឺននាក់ ឬជាង ៨៨% បានវិលត្រឡប់ទៅលំនៅឋានវិញ។
តាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃ ក៏បានបញ្ជាក់ថា នៅមានពលរដ្ឋចំនួន ៧៦ ២១៧នាក់ទៀត (ស្ត្រី៤០ ១២៥នាក់ និងកុមារ ២៥ ៩០៣នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ។ ការភៀសសឹកទ្រង់ទ្រាយធំបែបនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទាំងផ្នែកមុខរបរ សុខុមាលភាព សាធារណៈ សិទ្ធិលំនៅឋាន ជាពិសេសសិទ្ធិទទួលបានការសិក្សារបស់កុមារ និងប៉ះទង្គិចផ្លូវចិត្តដ៏គួរឱ្យព្រួយបារម្ភ។
ជាងនេះទៅទៀត ពលរដ្ឋភៀសសឹកខ្លះ វិលដល់ភូមិករមែន ប៉ុន្តែត្រូវបង្ខំចិត្តស្នាក់នៅក្នុងជំរុំបណ្ដោះអាសន្នជាថ្មីទៀត ដោយសារផ្ទះសំបែងបានខូចខាតខ្ទេចរាបដល់ដី និងពោរពេញដោយសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់យោធាថៃ៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ៖



