FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជាន់ខ្ពស់ ណែនាំដល់អ្នកបម្រើសេវាសុខាភិបាលទាំងរដ្ឋ និងឯកជន ត្រូវពង្រឹងបន្ថែមក្នុងការថែទាំសុខភាពស្ត្រីមានផ្ទៃពោះ មុនពេលសម្រាលឱ្យបានល្អបំផុត ដើម្បីកាត់បន្ថយអត្រាមរណភាពមាតា និងទារក

15-02-2026 11:47

(ភ្នំពេញ)៖ លោកស្រីសាស្រ្តាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសមាគម គ្រូពេទ្យ ទារកកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ការដែលស្ត្រីមានផ្ទៃពោះមកពិនិត្យសុខភាពលើកដំបូង គឺជាចំណុចចាប់ផ្តើមមួយដែលគ្រូពេទ្យទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីស្វែងយល់ពីសុខភាព និងលើកទឹកចិត្តឲ្យគាត់បន្តមកទទួលសេវាឱ្យបានទៀងទាត់តាមការណាត់ជាមួយគ្រូពេទ្យ ដែលនេះជាផ្នែកមួយដ៏សំខាន់ ក្នុងការតាមដានសុខភាព ឬរកឃើញនូវសញ្ញាគ្រោះថ្នាក់ទាន់ពេលវេលា របស់ស្ត្រីជាម្តាយ និងទារកនៅក្នុងផ្ទៃ។

លោកស្រីសាស្ត្រាចារ្យក៏បានបន្តណែនាំដល់មន្ត្រីសុខាភិបាល ព្រមទាំងស្ថាប័នឯកជន ជាគ្រូពេទ្យ គិលានុបដ្ឋាក និងឆ្មប ពីការថែទាំព្យាបាលសុខភាពជូនស្ត្រីមានផ្ទៃពោះទាំងមុនសម្រាល អំឡុងពេលសម្រាល និងក្រោយសម្រាលឱ្យស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល រួមមានការស្វែងរកឲ្យឃើញនូវភាពមិនប្រក្រតីពីកំណើតតាមរយៈអេកូសាស្រ្ត ការត្រៀមរៀបចំសង្គ្រោះបន្ទាន់ទារកក្រោយសម្រាល កត្តាកំណត់និងផលវិបាកនៃការសម្រាលដោយវៈកាត់ ការសង្គ្រោះព្យាបាលទារកកើតមិនគ្រប់ខែដោយវិធីសាស្ត្រ Antenatal Corticosteroids ការព្យាបាលថែទាំការលូតលាស់យឺតនៃគភ៌ក្នុងផ្ទៃ។

លើសពីនោះលោកស្រីរដ្ឋលេខាធិការបានគូសបញ្ជាក់ទៀតថា «ការថែទាំសុខភាពមុនសម្រាលបានល្អ គឺអាចកាត់បន្ថយបានច្រើននូវអត្រាមរណភាពមាតា និងទារកបាន»

ការថ្លែងយ៉ាងដូច្នេះរបស់លោកស្រីរដ្ឋលេខាធិការក្នុងឳកាស តំណាងដ៏ខ្ពង់ខ្ពស់លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល អញ្ជើញចូលរួមជាធិបតីក្នុងពិធីបើកសន្និសិទ្ធសមាគម គ្រូពេទ្យ ទារកដោយមានការ ដែលមានចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល ប្រធានមន្ទីរពេទ្យថ្នាក់ជាតិ ប្រធានមន្ទីរ សុខាភិបាល រាជ ធានី- ខេត្តទាំង២៥ ថ្នាក់ដឹកនាំសមាគមគ្រូពេទ្យកុមារកម្ពុជា សមាគមគ្រូពេទ្យសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា ប្រធាន គណៈឆ្មប គណៈគិលានុបដ្ឋាក មន្ទីរពេទ្យខេត្ត និងថ្នាក់ក្រោម ជាតិ ដទៃទៀត ភ្ញៀវជាតិ និង អន្តរជាតិ សរុបអ្នកចូលរួមផ្ទាល់មានចំនួន ១៨២រូប និងតាមរយៈប្រព័ន្ធនិមិត្ត មានចំនួន ៨៨០រូបនាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងឱកាសនោះលោកស្រីសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ បានផ្តល់នូវអនុសាសន៍ណែនាំបន្ថែមទៀតដល់ថ្នាក់ដឹកនាំ ប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធានមន្ទីរពេទ្យថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ មន្ទីរពេទ្យបង្អែក ប្រធានមណ្ឌលសុខភាព ទូទាំងរាជធានីខេត្តនៅអនុសាសន៍ ៥ចំនុចរួមមាន៖

១៖ ពង្រឹងការរកឃើញ និងធ្វើរោគវិនិច្ឆ័យឱ្យបានទាន់ពេលវេលា ដោយបង្កើនប្រសិទ្ធភាពការពិនិត្យអេកូសាស្ត្រ ជំរុញការប្រើប្រាស់ឧបករណ៍សម្គាល់អ៊ុលត្រាសោនកម្រិតខ្ពស់ (Advanced Ultrasound Markers) និងការពិនិត្យ Doppler (UA, MCA, DV) ដើម្បីតាមដានការលូតលាស់មិនប្រក្រតីនៃទារកក្នុងផ្ទៃ ។

២៖ គ្រប់គ្រងការសម្រាល និងការថែទាំក្រោយសម្រាលប្រកបដោយស្តង់ដាដោយត្រូវពង្រឹងការអនុវត្តពិធីការគ្រប់គ្រងក្រោយសម្រាលភ្លាមៗ រួមមាន ការរក្សាកម្ដៅទារក (Thermal regulation) ការសង្គ្រោះទារកក្រោយសម្រាល ការគ្រប់គ្រងជាតិស្ករ (Hypoglycemia management) និងការសង្គ្រោះទារកក្រោយសម្រាល ។

៣៖ យកចិត្តទុកដាក់លើអាហារូបត្ថម្ភ និងការយល់ដឹងជាសាធារណៈនៃសារៈសំខាន់នៃ ១០០០ ថ្ងៃដំបូងដោយត្រូវផ្សព្វផ្សាយ និងអប់រំអំពីសារៈសំខាន់នៃអាហារូបត្ថម្ភដល់មាតា និងទារកដើម្បីធានាបាននូវការចាប់ផ្តើមដ៏ល្អបំផុត។

៤៖ បង្កើនកិច្ចសហការ និងការបណ្តុះបណ្តាលបន្ត ការធ្វើបច្ចុប្បន្នភាពចំណេះដឹង ដើម្បីយកទៅអនុវត្តក្នុង មូលដ្ឋានសុខាភិបាលរៀងៗខ្លួន ។

៥៖ ការកសាងប្រព័ន្ធសិក្សា និងកែលម្អជាបន្តបន្ទាប់ តាមរយៈប្រព័ន្ធ MPDSR (Maternal and Perinatal Death Surveillance and Response) ដែលជាប្រព័ន្ធសិក្សា និងឆ្លើយតបដ៏មានប្រសិទ្ធភាព៕