ទិវានៃក្តីស្រឡាញ់! ពលរដ្ឋចំនួន ១២០គ្រួសារ និងលោកគ្រូ អ្នកគ្រូ នៅស្រុកកំពង់រោទិ៍ បានទទួលអំណោយពីសប្បុរសជន
15-02-2026 10:35
(ស្វាយរៀង)៖ ប្រជាពលរដ្ឋចំនួន ១២០គ្រួសារ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចំនួន ៦៣៨នាក់ មកពីសាលាចំនួន៧ និងព្រះសង្ឃចំនួន ៤វត្ត ស្ថិតក្នុងស្រុកកំពង់រោទិ៍ បានទទួលអំណោយសប្បុរសធម៌ នាថ្ងៃទិវានៃសេចក្តីស្រឡាញ់ មានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ក្រោមការឧបត្ថម្ភផ្ទាល់របស់លោក លីម គឹមសេង អគ្គនាយកក្រុមហ៊ុន ឡាក់គី រ៉ូប៊ី។
ពិធីចែកអំណោយនេះបានប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការចូលរួមជាអធិបតីពីលោក លីម គឹមសេង, លោក សុច ពិសី អភិបាលស្រុកកំពង់រោទិ៍, នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិព្រៃវ៉ល្លិ៍ លោក លោកស្រី ជាមន្ត្រីរាជការបម្រើការងារនៅក្នុងមូលដ្ឋានស្រុកកំពង់រោទិ៍ជាច្រើនរូបទៀតផងដែរ។
ក្នុងឱកាសនោះ លោក លីម គឹមសេង បានថ្លែងថា ថ្ងៃទិវានៃក្តីស្រឡាញ់ ១៤កុម្ភៈនេះ សូមទទួលបាននូវសេចក្តីស្រឡាញ់គ្រប់ៗគ្នា ព្រោះទម្រាំលោកមានថ្ងៃនេះ អតីតកាលគ្រួសាររបស់លោក និងរូបលោក មានការលំបាកខ្លាំង ដូច្នេះហើយទើបលោកតែងតែចែករំលែកនូវទានមនុស្សធម៌នេះជារៀងរាល់ឆ្នាំ។
ជាមួយគ្នានេះអភិបាលស្រុកកំពង់រោទិ៍ បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់លោក លីម គឹមសេង ដែលតែងតែគិតគូរយកចិត្តទុកដាក់ ដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់ព្រំដែន នៅក្នុងភូមិសាស្ត្រស្រុកកំពង់រោទិ៍។
សូមបញ្ជាក់ថា ដើម្បីញ៉ាំងឱ្យបរិយាកាស មានភាពសប្បាយរីករាយ លោក លីម គឹមសេង បានសហការជាមួយអាជ្ញាធរស្រុក រៀបចំកម្មវិធីសប្បាយៗដល់ពលរដ្ឋ អាចចូលរួម លេងកីឡាកម្សាន្ត ដើម្បីទទួលបានរង្វាន់លើកទឹកចិត្ត និងប្រឡងចម្រៀង ទទួលបានជ័យលាភី៖
*លេខ១ ទទួលបានរង្វាន់ធំទឹកប្រាក់ ៥,០០០ដុល្លារ
*លេខ២ ទទួលបានរង្វាន់ទឹកប្រាក់ ២,០០០ដុល្លារ
*និងរង្វាន់លើកទឹកចិត្ត ៣០០ដុល្លារ ក្នុងបេក្ខជនម្នាក់ៗគណៈកម្មធិការផ្ដល់ពិន្ទុជ័យលាភី សុទ្ធសឹងជាតារាល្បីៗ និងមានប្រជាប្រិយភាពនៅព្រះរាជាណាចក្រកម្ពុជាផងដែរ៕





















