FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ រៀបចំពិធីខមាទោស និងដឹងគុណគ្រូចូលនិវត្តន៍នៅ វិទ្យាល័យជាស៊ីម សន្ធរម៉ុក

14-02-2026 22:40

(ភ្នំពេញ)៖ នៅរសៀលថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រុមកាយរឹទ្ធិរៀមច្បងរាជ​ធានី​ភ្នំពេញ បានសហការជាមួយការិយាល័យយុវជន នៃមន្ទីរអប់រំ យុវជន និងកីឡា រាជ​ធានីភ្នំពេញ និងសមាគមអប់រំសីលធម៌អន្តរជំនាន់ រៀបចំពិធីខមាទោស និងដឹង​គុណ​គ្រូ​ចូលនិវត្តន៍ នៅវិទ្យាល័យ ជាស៊ីម សន្ធរម៉ុក ក្នុងកម្មវិធីផ្សព្វផ្សាយអត្ថន័យទិវានៃក្តី​ស្រ​ឡាញ់ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សុខុមាលភាពសង្គម ផ្តើមចេញពីក្តីស្រឡាញ់​ប្រកបដោយសីលធម៌»។

ពិធីនេះ មានអ្នកចូលរួមប្រមាណ ២៥០នាក់ រួមមានអតីតគណៈនាយក គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូចូលនិវត្ត សមាជិកកាកបាទក្រហម កាយរឹទ្ធិ និងក្រុមប្រឹក្សាយុវជន ក្រោម​ព្រះអធិបតីភាព ព្រះពលៈកោសល ហួន សេងហាក់ និងអធិបតីភាព ង៉ែត ចាន់​សុខ ប្រធានការិយាល័យយុវជន រាជធានីភ្នំពេញ ដោយមានការគាំទ្រពីសហ​ភាពសហ​ព័ន្ធ​យុវជនកម្ពុជារាជធានីភ្នំពេញ និងពុទ្ធិកសមាគមកម្ពុជារដ្ឋ។

ក្នុងឱកាសនោះ ព្រះពលៈកោសល ហួន សេងហាក់ បានសម្តែងធម៌យ៉ាងជ្រាលជ្រៅអំពី «សេចក្តីកត្តញ្ញូ–កតវេទី» ដែលជាគុណធម៌ដ៏ខ្ពង់ខ្ពស់សម្រាប់សិស្ស និងយុវជន។ ព្រះ​អង្គ​បានមានព្រះថេរដីការថា កត្តញ្ញូ គឺការដឹងគុណ ចំណែកកតវេទី គឺការតបស្នង​គុណ​។ មនុស្សដែលមានកត្តញ្ញូ គឺមនុស្សមានគុណធម៌ មានបេះដូងសុចរិត និងមាន​សមត្ថ​ភាព​ក្លាយជាអ្នកដឹកនាំល្អនៅថ្ងៃអនាគត ដូចពុទ្ធវចនៈព្រះអង្គសម្តែងថា៖ «កត្តញ្ញូ កត​វេទី បុគ្គលោ ទុល្លភោ លោកេសុ» មានន័យថា មនុស្សដែលដឹងគុណ និងតបស្នងគុណ គឺជាមនុស្សកម្រនៅក្នុងលោក។ព្រះអង្គបានបញ្ជាក់ថា សិស្សដែលដឹងគុណគ្រូ គឺមិន​ត្រឹម​សំពះ ឬនិយាយអំណរគុណប៉ុណ្ណោះទេ ប៉ុន្តែត្រូវខិតខំរៀនសូត្រ ប្រកាន់វិន័យ និង​រក្សាកិត្តិយសសាលា។ ការរៀនឲ្យបានល្អ គឺជាការតបស្នងគុណគ្រូយ៉ាងមាន​ន័យជា​ង​គេ។ ចំពោះគ្រួសារ មាតាបិតាជាព្រះអរហន្តនៅក្នុងផ្ទះ។ កូនដែលមានកត្តញ្ញូ ត្រូវគោរព ស្តាប់​ដំបូន្មាន និងជួយសម្រួលភារកិច្ចគ្រួសារ។ ការប្រព្រឹត្តខុសវិន័យ ឬធ្វើអំពើប៉ះពាល់​ដល់កិត្តិយសគ្រួសារ គឺជាការខ្វះកត្តញ្ញូយ៉ាងធ្ងន់ធ្ងរ។ ចំពោះប្រទេសជាតិ ការដឹងគុណ​ជាតិ គឺការគោរពច្បាប់ ស្រឡាញ់សន្តិភាព និងចូលរួមកសាងសង្គម។ យុវជនដែលមាន​កត្តញ្ញូជាតិ នឹងមិនធ្វើអំពើបំផ្លាញសង្គម ឬធ្វើអ្វីដែលប៉ះពាល់ដល់សាមគ្គី​ភាពជាតិ​ឡើយ។

លោក ឈួរ សុបញ្ញាបានលើកឡើងថា ទិវានៃក្តីស្រឡាញ់ គួរត្រូវបានបកស្រាយក្នុង​ន័យ​សង្គម និងសីលធម៌ មិនត្រឹមជាការបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែជាការអនុ​វត្តន៍​ក្តីស្រឡាញ់តាមរយៈការដឹងគុណ និងការគោរពអ្នកមានគុណ។ ការខមាទោស និង​ការថ្លែងអំណរគុណចំពោះគ្រូ គឺជាការអប់រំចិត្តយុវជនឱ្យចេះទទួលខុសត្រូវ ចេះគោរព និង​ចេះថែរក្សាតម្លៃវប្បធម៌ជាតិ។ ពេលយុវជនមានបេះដូងដឹងគុណ នោះសង្គមនឹង​មាន​មូលដ្ឋានរឹងមាំប្រកបដោយសីលធម៌ គុណធម៌ និងសាមគ្គីភាព។ ពិធីខមាទោស និងដឹង​គុណគ្រូចូលនិវត្តន៍នេះ ក៏បានបង្ហាញថា ក្តីស្រឡាញ់ពិតគឺជាការអនុវត្តសីលធម៌​តាម​រយៈ​សកម្មភាពជាក់ស្តែង។ ពេលយុវជនចេះសំពះ សុំអភ័យទោស និងថ្លែងអំណរគុណ ចំពោះអ្នកបង្រៀននិងផ្តល់ចំណេះដឹង នោះពួកគេកំពុងបណ្តុះគុណធម៌ក្នុងខ្លួន និង​កំពុង​រួមចំណែកកសាងសង្គមសន្តិភាព។ កម្មវិធីនេះមិនត្រឹមជាពិធីការបែបប្រពៃណីទេ ប៉ុន្តែ​ជា​វេទិកាអប់រំសង្គម ដែលបញ្ជាក់ថា ក្តីស្រឡាញ់ប្រកបដោយសីលធម៌ គឺជាគ្រឹះ​នៃសុខុ​មាល​​ភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។យុវវ័យដែលចេះដឹងគុណ នឹងក្លាយ​ជា​ពលរដ្ឋល្អ។ យុវវ័យដែលមានសីលធម៌ នឹងក្លាយជាអ្នកដឹកនាំល្អនៅថ្ងៃខាងមុខ។ ហើយ​យុវវ័យដែលចេះស្រឡាញ់ដោយមានការទទួលខុសត្រូវ នឹងក្លាយជាថាមពល​វិជ្ជមាន​សម្រាប់សង្គមជាតិ។ ក្តីស្រឡាញ់ដែលគ្មានសីលធម៌ អាចនាំឱ្យវង្វេង ប៉ុន្តែក្តីស្រឡាញ់​ដែលមានកត្តញ្ញូ នឹងនាំជីវិតរីកចម្រើន។ យុវជនត្រូវចងចាំថា អនាគតមិន​ស្ថិតនៅ​ក្នុង​អារម្មណ៍ខ្លីៗទេ ប៉ុន្តែស្ថិតនៅក្នុងការខិតខំ និងការរក្សាគុណធម៌ជាប្រចាំថ្ងៃ។

លោក ង៉ែត ចាន់សុខ បានថ្លែងថា កម្មវិធីនេះជាគំរូអប់រំដ៏មានអត្ថន័យ ដែលបង្ហាញថា សុខុមាលភាពសង្គម មិនអាចកើតឡើងដោយច្បាប់ ឬគោលនយោបាយតែប៉ុណ្ណោះទេ ប៉ុន្តែត្រូវចាប់ផ្តើមពីការកសាងចិត្តមនុស្ស។ ក្នុងសម័យឌីជីថល ដែលយុវជនទទួល​ឥទ្ធិ​ពលពីព័ត៌មាន និងវប្បធម៌ចម្រុះ ក្តីស្រឡាញ់ត្រូវមានសីលធម៌ជាគោលដៅ មានការ​ទទួល​ខុសត្រូវ និងមានការគោរពគ្នាទៅវិញទៅមក។

លោកបានលើកទឹកចិត្តឲ្យយុវជនបន្តអនុវត្តវប្បធម៌ដឹងគុណដោយមិនត្រឹមជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ប៉ុន្តែជាទម្លាប់ប្រចាំថ្ងៃ ដើម្បីបង្កើនសាមគ្គីភាព និងជំនឿទុកចិត្ត​ក្នុង​សង្គម។ ការខមាទោសគ្រូនៅថ្ងៃនេះ គឺជាអនុស្សាវរីយ៍ឱ្យយុវជនចងចាំថា មនុស្សមិនអាច​ជោគ​ជ័យដោយខ្លួនឯងឡើយ។ នៅពីក្រោយភាពជោគជ័យ មានការប្រឹងប្រែងរបស់គ្រូ មាតា​បិតា និងសង្គម។ ដូច្នេះយុវជនត្រូវបម្លែងក្តីស្រឡាញ់ទៅជាការខិតខំរៀនសូត្រ ការអនុវត្ត​វិន័យ ការចូលរួមសកម្មភាពសង្គម និងការពារកិត្តិយសខ្លួនឯង៕