FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមបណ្ណាល័យគំនិត ចម្អិនម្ហូបអាហារជូនកុមារ និងបុគ្គលិកអ្នកមើលថែ នៅមជ្ឈមណ្ឌលទារក និងកុមារជាតិ

14-02-2026 22:05

(ភ្នំពេញ)៖ សមាគមបណ្ណាល័យគំនិត នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានរៀបចំកម្មវិធីសប្បុរសធម៌មួយ ក្រោមប្រធានបទ «អាហារនៃសេចក្តីស្រលាញ់» ដែលជាកម្មវិធីចម្អិនម្ហូបអាហារជូនកុមារ និងបុគ្គលិកអ្នកមើលថែ នៅមជ្ឈមណ្ឌលទារក និងកុមារជាតិ (National Center for Infants and Children)។

មិនត្រឹមតែការចម្អិនម្ហូបអាហារជូនកុមារ និងបុគ្គលិកអ្នកមើលថែទេ សមាគមក៏បានដឹកនាំកុមារផាត់ពណ៌គំនូរ និងលេងកម្សាន្តសប្បាយ ដើម្បីចែករំលែកក្តីស្រលាញ់ នៅក្នុងទិវានៃក្តីស្រលាញ់មួយនេះផងដែរ។

នាឱកាសនោះ ព្រះតេជគុណ រឹម ណាំឈីវ ព្រះប្រធានសមាគមបណ្ណាល័យគំនិត បានមានថេរដីកាថា មនុស្សយើងគ្រប់រូប មិនអាចរស់នៅដាច់ដោយឡែកតែម្នាក់ឯង ដោយមិនរវល់នឹងសង្គមបានទេ ពោលគឺត្រូវមានការចូលរួមនៅក្នុងសង្គម និងចែករំលែកក្តីស្រលាញ់ដល់អ្នកដទៃ ដើម្បីអ្នកដទៃបានសុខ និងនាំឲ្យខ្លួនឯងបានសុខផ្លូវចិត្តដែរ។ ហេតុនេះហើយ បានជាព្រះអង្គតែងតែដឹកនាំសមាគម និងសប្បុរសជនធ្វើសកម្មភាពនានា ដែលនាំប្រយោជន៍ដល់សង្គមជាតិ និងជំរុញគំនិតជាតិនិយមផងដែរ។

បុរីទារក និងកុមារជាតិ កំពុងចិញ្ចឹម និងមើលថែកុមារកំព្រា និងកុមារពិការ ដែលសុទ្ធសឹងជាក្រុមមនុស្សបញ្ហាអូទីសឹម (autism) ជាច្រើនរូប។ បង្កើតឡើង នៅឆ្នាំ១៩៨០ គឺឥឡូវនេះ បុរីទារក និងកុមារ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

មជ្ឈមណ្ឌលទារក និងកុមារជាតិ មានកុមារចំនួន ២០២នាក់ និងបុគ្គលិកអ្នកមើលថែចំនួន ៨០នាក់។ នេះបើតាមលោកស្រី ថោ ពៅ ប្រធានមជ្ឈមណ្ឌល៕