ទិវានៃក្តីស្រឡាញ់! អភិបាលខេត្តប៉ៃលិន ចុះជួបសំណេះសំណាលជាមួយអាជីវករលក់ដូរ នៅក្នុងផ្សារប៉ាហ៊ី ដើម្បីស្វែងយល់ពីសុខទុក្ខ
14-02-2026 19:21
(ប៉ៃលិន)៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងក្រុមការងារបានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងស្តាប់នូវរាល់សំណូមពរនានា របស់អាជីវករដែលលក់ដូរនៅក្នុងផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី ស្ថិតនៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោកស្រីបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា អាជ្ញាធរ និងមន្ត្រីជំនាញគ្រប់ជាន់ថ្នាក់ គឺមានតួនាទីដោះស្រាយរាល់សុខទុក្ខ និងសំណូមពររបស់ប្រជាពលរដ្ឋទាំងនៅតំបន់ទីផ្សារ និងនៅទីជនបទក្នុងគោលបំណងសម្រួលដល់ការប្រកបរបបរទទួលទៀនរបស់ប្រជាពលរដ្ឋ ដើម្បីលើកស្ទួយសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើរឡើង សម្តៅរួមចំណែកអនុវត្តន៍គោលនយោបាយកាត់បន្ថយភាពក្រីក្រ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
លោកស្រីបណ្ឌិតអភិបាលខេត្ត បានបញ្ជាក់ថា ខេត្តប៉ៃលិន មានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។ ដូច្នេះផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី នៅថ្ងៃអនាគតក៏មានផែនការគ្រោងរៀបចំកែរលម្អទីតាំងថ្មីបន្ថែម និងតូបលក់ដូរឱ្យកាន់តែមានសោភ័ណភាព អនាម័យ និងសណ្តាប់ធ្នាប់របៀបរៀបរយល្អប្រសើរ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងសំណូមពររបស់បងប្អូនអាជីវករ ជាពិសេសផ្តល់នូវសេវាដល់អតិថិជនពីគ្រប់មជ្ឈដ្ឋាន រួមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។
នៅក្នុងឱកាសនោះលោកស្រីបណ្ឌិត បាន ស្រីមុំ ក៏បានសំណូមពរដល់បងប្អូនអាជីវករក្នុងផ្សារសាមគ្គីទាំងអស់ សូមចូលរួមលើកកម្ពស់អនាម័យ និងសោភ័ណភាណសាធារណៈ ដោយត្រូវដាក់ទំនិញលក់ដូរឱ្យមានសណ្តាប់ធ្នាប់ ចៀសវាងការដាក់តាំងលក់នៅលើចិញ្ចើមផ្លូវបណ្តាលឱ្យកកស្ទះចរាចរណ៍ ជាពិសេសគណៈគ្រប់គ្រងផ្សារត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធធ្វើការរៀបចំសណ្តាប់ធ្នាប់ និងសន្តិសុខផ្សារឱ្យបានល្អ៕










