លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សប្រជាជនកម្ពុជា ប្រចាំឆ្នាំ២០២៥ និងដាក់ទិសដៅបន្ត
14-02-2026 16:26
(ប៉ោយប៉ែត)៖ លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត រសៀលថ្ងៃសៅរ៍ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សប្រជាជនកម្ពុជា ប្រចាំឆ្នាំ២០២៥ និងដាក់ទិសដៅបន្តឆ្នាំ២០២៦។
បន្ទាប់ពីស្តាប់របាយការណ៍សង្ខេបរបស់លោក គាត ហ៊ុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនក្រុងប៉ោយប៉ែតអំពីវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច សង្គម និង ស្ថិរភាពនយោបាយគួរឱ្យកត់សម្គាល់នៅក្នុងក្រុងប៉ោយប៉ែតរួចមក លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានថ្លែងការកោតសរសើរខ្ពស់ចំពោះមន្ត្រី និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្រុងប៉ោយប៉ែត ដែលបានចូលរួមអនុវត្តការងារ បានយ៉ាងល្អប្រសើរ ស្របតាមគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងចូលរួមគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានបញ្ជាក់បន្ថែមថា យើងទាំងអស់គ្នាជាមន្ត្រី និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាត្រូវបន្តសកម្មភាពល្អៗទាំងឡាយនៅក្នុងមូលដ្ឋាន ដើម្បីបន្តរួមគ្នាបង្ហាញឆន្ទៈសាមគ្គីភាព ឯកភាពគ្នា លើកកម្ពស់សុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិកម្ពុជាយើង ឱ្យកាន់តែខ្លាំងក្លាល្អប្រសើរឡើងថែមទៀត។ ជាក់ស្តែង យើងឃើញជាក់ច្បាស់នូវរាល់សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងមូលដ្ឋានយើងដែលកំពុងអភិវឌ្ឍ គឺជាស្នាដៃដឹកនាំរបស់រាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត របស់ប្រជាពលរដ្ឋកម្ពុជា ជឿជាក់និងបោះឆ្នោតជូនគណក្សប្រជាជនកម្ពុជាយើង។ ដូច្នេះយើងត្រូវរួមគ្នាបន្តសកម្មភាពល្អៗ គ្រប់បែបយ៉ាងក្នុងន័យចូលរួមបម្រើប្រយោជន៍សង្គមជាតិ និងប្រជាពលរដ្ឋកម្ពុជាយើង។
ក្នុងនោះផងដែរឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ក៏បានឧបត្ថម្ភអង្ករ១០តោន ទឹកពិសាបរិសុទ្ធ ១ពាន់កេស មី ១ពាន់កេស ត្រីខ ១ពាន់កេស ដល់គណៈកម្មាធិការគណបក្សក្រុងប៉ោយប៉ែត និងឧបត្ថម្ភបន្ថែមដល់គណៈកម្មាធិការគណបក្សសង្កាត់ទាំង៥ ទូទាំងក្រុងប៉ោយប៉ែត ដោយគណៈកម្មាធិការគណបក្សសង្កាត់នីមួយៗទទួលបាន អង្ករ២តោន ទឹកពិសាបរិសុទ្ធ២រយយួរ មី២រយកេស ត្រីខ២រយកេស និងបានឧប្ថម្ភថវិកាជូនដល់សមាជិក សមាជិកា ទាំងអស់ដែលបានចូលរួមក្នុងម្នាក់៥ម៉ឺនរៀល៕


















