ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឆែប៖ គណបក្សប្រជាជនកម្ពុជា ជាកម្លាំងនយោបាយតែមួយគត់ ដែលរួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ
14-02-2026 16:03
(ព្រះវិហារ)៖ លោក សំ លាងទ្រី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឆែប នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំ កិច្ចប្រជុំ «ផ្សព្វផ្សាយរបាយការណ៍ ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សប្រចាំឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦ របស់គណៈកម្មាធិការកណ្តាល» នៅសាលប្រជុំស្នាក់ការគណបក្សស្រុកឆែប ដោយមានការចូលរួមពីលោក លោកស្រី ជាប្រធាន អនុប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំ និងលោក លោកស្រីជាប្រធាន អនុប្រធាន គណបក្សប្រជាជនកម្ពុជា ស្រុក ឃុំ ភូមិ ទូទាំងស្រុកឆែប ប្រមាណជាង៣០០នាក់។
នៅក្នុងឱកាសនេះលោក សំ លាងទ្រី បានថ្លែងនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ម៉ៅ សុផាន់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ លោកប្រាក់ សុវណ្ណ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ លោក គីម រិទ្ធី អនុប្រធានគណបក្សខេត្ត ជូនសមាជិក សមាជិកា គណបក្សដែលមានវត្តមាននៅទីនេះ។
លោកក៏បានសម្តែងនូវអំណរគុណចំពោះសមាជិកសមាជិកាគណបក្សទូទាំងស្រុកឆែប ដែលបានបន្តគាំទ្ររក្សាគោលជំហរ សតិអារម្មណ៍ហ្នឹងនរ និងជឿជាក់លើការដឹកនាំដ៏ឈ្លាសវៃរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស។
លោក សំ លាងទ្រី ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ ដែលជានិច្ចកាលតែងបានរួមសហការអនុវត្តតាមការអំពាវនាវ និងការណែនាំចង្អុល បង្ហាញ ពីថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ពិសេសការចុះចិញ្ចឹមចលនានៅមូលដ្ឋានរហូតដល់ដណ្តើមបានជ័យជម្នះដ៏ត្រចះត្រចង់ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ជាបន្តបន្ទាប់គ្រប់អាណត្តិកន្លងមក។
លោកថ្លែងបន្តថា គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលរួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈដោយប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺប្រមូលកម្លាំងប្រជាជាតិទាំងមូលដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ អតីតកាល ឬឋានៈសង្គម ដើម្បីកសាងប្រទេសកម្ពុជា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។
លោក សំ លាងទ្រី បានថ្លែងបញ្ជាក់ប្រាប់សមាជិក សមាជិកា ចំពោះស្ថានការណ៍នៅតាមព្រំដែន ដែលបង្កដោយកងទ័ពឈ្លានពានថៃ រាជរដ្ឋាភិបាលកម្ពុជាយើងបានប្រកាន់ជំហរអត់ធ្មត់ប្រកបដោយសុឆន្ទៈ និងភាពស្មោះត្រង់ ខិតខំដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធីតាមគ្រប់យន្តការនិងស្របតាមច្បាប់អន្តរជាតិ ពិសេសបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ដែលបានព្រមព្រៀងគ្នានៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
លោកបានថ្លែងនូវការគោរពដឹងគុណ និងគាំទ្រដោយឥតងាករេចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងវីរកងទ័ពនិងកងកម្លាំងនគរបាលទាំងអស់ ដែលបាននិងកំពុង បំពេញភារកិច្ចការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាងប្រកប ដោយជំហរលះបង់ និងការប្ដេជ្ញាចិត្តយ៉ាងមោះមុតបំផុត។
លោក សំ លាងទ្រី បានថ្លែងណាំនាំសមាជិក សមាជិកា គណបក្សប្រជាជនគ្រប់រូប ត្រូវជឿជាក់លើរាជរដ្ឋាភិបាល ជឿជាក់លើថ្នាក់ដឹកនាំរបស់យើង ពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មិនត្រូវជឿតាមព័ត៍មានញុះញុងរបស់ក្រុមប្រឆាំងក្រៅប្រទេសពាក់ព័ន្ធនឹងបញ្ហាតាមព្រំដែនឡើយ។
លោកបានណែនាំក្រុមការងារគណបក្សចុះជួយតាមឃុំ ត្រូវរៀបចំពិធីផ្សព្វផ្សាយតាមឃុំរៀងៗខ្លួន ធ្វើបានកាន់លឿន កាន់តែល្អ ពិសេសត្រូវធ្វើនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ លោកនិងក្រុមការងារ ព្រមទាំងសមាជិក សមាជិកា បានពិសានំបញ្ចុកសន្តិភាព ជួបជុំគ្នាដោយភាពស្និទស្នាល៕






























