តុលាការកំពូលកម្ពុជា-សិង្ហបុរី ចុះ MoU ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យតុលាការ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នយុត្តិធម៌នៃប្រទេសទាំងពីរ
13-02-2026 18:51
(ភ្នំពេញ)៖ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ តុលាការកំពូលនៃកម្ពុជា និងតុលាការកំពូលនៃសាធារណរដ្ឋសិង្ហបុរី បានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យតុលាការ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នយុត្តិធម៌នៃប្រទេសទាំងពីរ។
លោក Sundaresh Menon ប្រធានតុលាការកំពូលនៃសាធារណរដ្ឋសិង្ហបុរី បានចាត់ទុកការចុះអនុស្សរណៈនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញពីទំនាក់ទំនងដ៏រឹងមាំរវាងតុលាការកំពូលនៃប្រទេសទាំងពីរ ហើយលោកសង្ឃឹមយ៉ាងមុតមាំថា វានឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ដើម្បីជាប្រយោជន៍ដល់វិស័យយុត្តិធម៌ទៅថ្ងៃអនាគត។
ប្រធានតុលាការកំពូលនៃសាធារណរដ្ឋសិង្ហបុរី បានបន្តថា៖ «កិច្ចពិភាក្សារវាងតុលាការកំពូលយើងទាំងពីរ លើប្រធានបទស្តីពីការដាក់ពាក្យបណ្តឹងតាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធគ្រប់គ្រងសំណុំរឿងតាមប្រព័ន្ធបច្ចេកវិទ្យា គឺពិតជាមានសារៈសំខាន់ និងទទួលបានផ្លែផ្កាគួរឱ្យកត់សម្គាល់។ យើងខ្ញុំពិតជាមានចំណាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំង ចំពោះការប្តេជ្ញាចិត្ត និងភាពរស់រវើកនៃតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជាក្នុងការលើកកម្ពស់ប្រព័ន្ធយុត្តិធម៌។ ខ្ញុំសង្ឃឹមថាក្រុមការងារនៃប្រទេសយើងទាំងពីរនឹងបន្តកិច្ចពិភាក្សាលម្អិតបន្ថែមទៀតលើផ្នែកបច្ចេកទេសក្នុងពេលឆាប់ៗខាងមុខនេះ ហើយយើងខ្ញុំនឹងរង់ចាំទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះគណៈប្រតិភូជាន់ខ្ពស់នៃតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា មកបំពេញទស្សនកិច្ចនៅតុលាការកំពូលនៃសាធារណរដ្ឋសិង្ហបុរីក្នុងពេលឆាប់ៗ»។
សូមជម្រាបថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះនឹងក្លាយជាអាទិភាពដ៏សំខាន់ក្នុងការជំរុញការផ្លាស់ប្តូរបទពិសោធ និងឧត្តមានុវត្តន៍ ជាពិសេសលើការធ្វើទំនើបកម្មប្រព័ន្ធតុលាការតាមរយៈការដាក់ពាក្យបណ្តឹងតាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធគ្រប់គ្រងសំណុំរឿងតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យកាន់តែមានប្រសិទ្ធភាពនាពេលអនាគតដ៏ខ្លីខាងមុខ៕













