Fresh Exclusive: Comment ខុសពី Command តើមួយណា ដែលទទួលខុសត្រូវចំពោះអនាគតជាតិ? (Video inside)
13-02-2026 18:23
(ភ្នំពេញ)៖ «អញ្ចឹងនៅក្នុងរយៈពេល១០នាទីបងប្អួនអាចបញ្ចេញមតិ អាចបញ្ចេញអារម្មណ៍ បួនមុខខុសគ្នា ហើយការបញ្ចេញអារម្មណ៍ចុងក្រោយ វាផ្ទុយនឹងអារម្មណ៍បីពីមុន។ ប៉ុន្តែការសម្រេចចិត្តរបស់ រាជរដ្ឋាភិបាល ពីព្រោះមានសំណួរថា ហេតុអ្វីបានរាជរដ្ឋាភិបាលធ្វើអញ្ចេះ មិនធ្វើអញ្ចុះ…»។ នេះជាប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានបង្ហាញភាពខុសគ្នាដ៏សំខាន់មួយ រវាងសិទ្ធិបញ្ចេញមតិសាធារណៈ និងការសម្រេចចិត្តរបស់រដ្ឋ ក្នុងគ្រាមានវិបត្តិព្រំដែន។ ខណៈអារម្មណ៍សង្គម អាចប្រែប្រួលពីការឈឺចាប់ ទៅការភ័យខ្លាច និងឈានដល់កំហឹង ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ត្រូវឈរលើការទទួលខុសត្រូវចំពោះទឹកដី អាយុជីវិតមនុស្ស និងអនាគតជាតិ។
សុន្ទរកថារបស់សម្តេចបវរធិបតីនេះ មិនមែនជាការឆ្លើយតបតាមសំណួរបុគ្គល ឬសម្ពាធសាធារណៈបណ្តោះអាសន្នឡើយ ប៉ុន្តែជាការដាក់បន្ទាត់គោលការណ៍ សម្រាប់ការគ្រប់គ្រងប្រទេសក្នុងស្ថានភាពអាសន្ន។ សារនេះបង្កប់នូវអត្ថន័យច្បាស់លាស់ «រដ្ឋមិនអាចដំណើរការតាមល្បឿនអារម្មណ៍បានឡើយ»។ Comment អាចកើតឡើងភ្លាមៗ តាមសន្ទុះនៃអារម្មណ៍ និងតាមការមើលឃើញតែមួយខ្លីៗ ប៉ុន្តែ Command ត្រូវកើតឡើងក្រោយការថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ។ វាត្រូវឆ្លងកាត់ការគិតគូរលើទឹកដី លើជីវិតប្រជាជន លើសុវត្ថិភាពកងកម្លាំង លើផលវិបាកអន្តរជាតិ និងលើអនាគតដែលអាចបន្តទៅជំនាន់ក្រោយ។ នេះមានន័យថា សន្តិភាពយូរអង្វែង មិនអាចកើតឡើងពីសន្ទុះអារម្មណ៍ទេ។ វាត្រូវការច្បាប់ ត្រូវការយន្តការផ្លូវការ និងត្រូវការយុទ្ធសាស្ត្រដែលអាចធានាបានលទ្ធផល។ ការការពារទឹកដី ក៏មិនអាចបំបែកចេញពីការការពារប្រជាជនបានដែរ ពីព្រោះអធិបតេយ្យភាព គឺមានន័យក្នុងពេលដែលប្រជាជនមានសុវត្ថិភាព។
ដូច្នេះការសម្រេចចិត្តរបស់រដ្ឋ មិនមែនជាការឆ្លើយតបនយោបាយខ្លីៗទេ ប៉ុន្តែជាការទទួលខុសត្រូវលើផលវិបាកដែលអាចបន្តឆ្លងកាត់ពេលវេលា។ និយាយឲ្យច្បាស់ និងឱ្យត្រង់ Comment អាចនិយាយបានគ្រប់បែបយ៉ាង។ Command ត្រូវរស់នៅជាមួយផលវិបាក។ ក្នុងន័យនេះ Comment គឺសិទ្ធិបញ្ចេញមតិ។ Command គឺកាតព្វកិច្ចលើលទ្ធផល។
*ការគ្រប់គ្រងប្រទេស មិនមែនជាការជ្រើសរើសតែមួយមុខ
នៅក្នុងគ្រាមានវិបត្តិ ការគ្រប់គ្រងប្រទេស មិនមែនជាការជ្រើសរើសនូវជម្រើសតែមួយបែបសាមញ្ញនោះឡើយ។ រដ្ឋមិនអាចជ្រើសរើសតែ «អធិបតេយ្យភាព» ហើយមើលរំលង «ជីវិតមនុស្ស» បានទេ។ ដូចគ្នានេះដែរ រដ្ឋក៏មិនអាចការពារជីវិតប្រជាជន ដោយបោះបង់គ្រឹះនៃទឹកដីបានឡើយ។ ទឹកដី គឺជាគ្រឹះនៃរដ្ឋ គឺជាបូរណភាព និងសិទ្ធិស្របច្បាប់ដែលធានាអត្តសញ្ញាណជាតិ។ ប៉ុន្តែប្រជាជន គឺជាគោលបំណងនៃរដ្ឋ គឺជាមូលហេតុ ដែលធ្វើឱ្យរដ្ឋមានន័យ។ អធិបតេយ្យភាពដែលគ្មានប្រជាជនមានសុវត្ថិភាព គឺជាអធិបតេយ្យភាពដែលទទេ។ ខណៈជីវិតដែលគ្មានទឹកដី និងអនាគតគាំទ្រ ក៏ជាជីវិត ដែលអាចរងការគំរាមកំហែងជានិច្ចផងដែរ។
ការពារទឹកដីដោយមិនគិតដល់ជីវិត គឺបាត់បង់គោលបំណង។ ការការពារជីវិតដោយបោះបង់ទឹកដី គឺបាត់បង់គ្រឹះមួលដ្ឋានរបស់វា។ ហេតុនេះ ការសម្រេចចិត្តរបស់រដ្ឋ ត្រូវស្ថិតនៅលើតុល្យភាពយុទ្ធសាស្ត្រ រវាងសុវត្ថិភាពភ្លាមៗ និងស្ថិរភាពរយៈពេលវែង។ សុវត្ថិភាពភ្លាមៗ គឺការបញ្ចៀសការខាតបង់ដែលអាចមិនអាចស្តារឡើងវិញបាន។ ស្ថិរភាពរយៈពេលវែង គឺការធានាថា ជាតិមិនធ្លាក់ចូលក្នុងវដ្តជម្លោះសាជាថ្មី។ រដ្ឋមិនអាចគិតត្រឹមថ្ងៃនេះបានទេ។ រដ្ឋត្រូវគិតដល់ខែក្រោយ ដល់ឆ្នាំក្រោយ និងដល់ទៅជំនាន់ក្រោយ។ ព្រោះការសម្រេចចិត្តមួយនៅថ្ងៃនេះ អាចបង្កើតផលវិបាកដែលបន្តឆ្លងកាត់ពេលវេលា។ នេះហើយជាភាពខុសគ្នារវាងការគិតជាអារម្មណ៍ និងការគិតជារដ្ឋ មួយគិតពីសន្ទុះភ្លាមៗ ខណៈមួយទៀតគិតពីស្ថិរភាពយូរអង្វែង។
* ពេលសង្គម មានអារម្មណ៍ ប៉ុន្តែរដ្ឋ ត្រូវមានការគិត
នៅក្នុងសង្គមនៃបណ្តាញសម័យថ្មី អារម្មណ៍អាចផ្លាស់ប្តូររាល់នាទី មួយរូបភាព អាចបង្កការអាណិត មួយរូបភាពទៀត អាចបង្កការខឹង ហើយមួយរូបភាពទៀតអាចបង្កការភ័យខ្លាច។ ពេលឃើញភាពវេទនា មនុស្សអាណិត។ ពេលឃើញសញ្ញាគំរាមកំហែងមនុស្សខឹង។ នេះជាធម្មជាតិមនុស្ស មិនមែនជាកំហុសទេ។ ប៉ុន្តែរដ្ឋ មិនអាចដំណើរការតាមល្បឿននៃអារម្មណ៍បានឡើយ។ ការគ្រប់គ្រងប្រទេស គឺជាការគ្រប់គ្រងផលវិបាក។ រាល់សេចក្តីសម្រេចមួយ ត្រូវឆ្លងកាត់ការថ្លឹងថ្លែងច្រើនជាន់ រួមមាន ការគិតអំពីសុវត្ថិភាពកងកម្លាំងនៅជួរមុខ, ជីវិតជនស៊ីវិលនៅតំបន់ប្រឈមហានិភ័យ, ផលវិបាកការទូត និងការទទួលស្គាល់អន្តរជាតិ, ផលប៉ះពាល់សេដ្ឋកិច្ច និងការវិនិយោគ, ស្ថិរភាពតំបន់ និងសន្តិភាពរយៈពេលវែង។
ការសម្រេចចិត្តរបស់រដ្ឋ មិនមែនសួរថា «តើអ្វីដើម្បីឲ្យមនុស្សសប្បាយចិត្តឆាប់ជាងគេនោះទេ?» ប៉ុន្តែសួរថា «តើអ្វីដើម្បីធានាបានលទ្ធផលប្រសើរបំផុតសម្រាប់ជាតិ?»
ភាពខុសគ្នានៅទីនេះ មិនមែនត្រឹមពាក្យទេ វាជាការខុសគ្នារវាងសិទ្ធិបញ្ចេញមតិ និងកាតព្វ កិច្ចគ្រប់គ្រងជាតិ។ មតិអាចនិយាយដោយគ្មានផលវិបាកផ្ទាល់។ បទបញ្ជារបស់រដ្ឋ ត្រូវទទួលផលវិបាកទាំងស្រុងលើជីវិតមនុស្ស លើសន្តិភាព និងលើអនាគតជាតិ។ ក្នុងពេលដែលអារម្មណ៍អាចរត់លឿនជាងការគិត ភាពរឹងមាំពិតប្រាកដរបស់រដ្ឋ គឺសមត្ថភាពក្នុងការទប់ស្កាត់នូវសន្ទុះនោះ ហើយជ្រើសរើសផ្លូវ ដែលអាចការពារជាតិបានយូរអង្វែងមិនមែនត្រឹមការឆ្លើយតបភ្លាមៗនោះទេ។
* ស្ងប់ស្ងាត់ មិនមែនស្មើស្ថិរភាព
ការស្ងប់ស្ងាត់នៅលើខ្សែបន្ទាត់ព្រំដែន អាចបង្កអារម្មណ៍ថា វិបត្តិបានបញ្ចប់។ ប៉ុន្តែក្នុងការគ្រប់គ្រងរដ្ឋ ស្ងប់ស្ងាត់ គ្រាន់តែជាដំណាក់កាលមួយវាមិនមែនជាចំណុចបញ្ចប់ឡើយ។ ស្ថានភាពអាចធូរស្រាល ប៉ុន្តែមិនមានន័យថា ប្រព័ន្ធសុវត្ថិភាពបានស្ដារឡើងវិញពេញលេញ។ នៅមានជនភៀសសឹក ដែលត្រូវការស្ដារជីវភាព និងភាពជឿជាក់ឡើងវិញ។ នៅមានតំបន់ហានិភ័យដែលត្រូវសម្អាត និងធានាសុវត្ថិភាព។ នៅមានហេដ្ឋារចនាសម្ព័ន្ធដែលត្រូវកែលម្អឡើងវិញ ដើម្បីឲ្យសេដ្ឋកិច្ច និងសង្គមដំណើរការធម្មតាវិញ។
និយាយឲ្យត្រង់៖ សង្គ្រាមអាចចប់ ដោយការឈប់បាញ់។ ប៉ុន្តែវិបត្តិនឹងបញ្ចប់ នៅពេលជីវិតប្រជាជនវិលត្រឡប់ទៅស្ថានភាពមានសុវត្ថិភាព និងមានសេចក្តីសង្ឃឹម។
សន្តិភាពពិតប្រាកដ មិនមែនវាស់តាមការស្ងប់ស្ងាត់នៃអាវុធទេ ប៉ុន្តែវាស់តាមសុវត្ថិភាពប្រជាជន ការស្ដារជីវភាព និងភាពជឿជាក់លើថ្ងៃស្អែក។ ប្រសិនបើប្រជាជននៅតែរស់នៅក្រោមការភ័យខ្លាច ឬនៅតែសង្ស័យថាវិបត្តិអាចផ្ទុះឡើងវិញ នោះស្ថិរភាពនៅតែមិនពេញលេញដដែល។ ហេតុនេះ ការសម្រេចចិត្តដែលមានការគិតវែង និងការថ្លឹងថ្លែងយុទ្ធសាស្ត្រ អាចមើលទៅយឺតនៅក្នុងភ្នែកអ្នកខ្លះ ប៉ុន្តែវាជាវិធីបិទទ្វារ មិនឲ្យជម្លោះកើតឡើងសាជាថ្មី។ ការឆ្លើយតបឆាប់វាអាចបញ្ចប់នូវសន្ទុះមួយ ប៉ុន្តែការគិតវែង វាអាចបញ្ចប់នូវវដ្តមួយ។ នោះហើយជាភាពខុសគ្នារវាង «ភាពស្ងប់» និង «ស្ថិរភាព» មួយគ្រាន់តែបាត់សំឡេងមួយទៀតបង្កើតភាពជឿជាក់។
* ច្បាប់ជាជម្រើសយុទ្ធសាស្ត្រ មិនមែនភាពទន់ខ្សោយ
ក្នុងសង្គ្រាមសម័យថ្មី ការប្រើកម្លាំងត្រូវបានមើលឃើញថាជាសញ្ញានៃអំណាច។ ប៉ុន្តែសម្រាប់រដ្ឋដែលគិតវែង ការប្រកាន់ខ្ជាប់ច្បាប់ គឺជាសញ្ញានៃភាពជឿជាក់ និងភាពស្របច្បាប់។ ការជ្រើសរើសឈរលើច្បាប់អន្តរជាតិ និងយន្តការ JBC មិនមែនជាការរង់ចាំឲ្យគេធ្វើអ្វីមួយឡើយ។ វាជាការដាក់ខ្លួនឈរលើវេទិកាដែលមានសុពលភាព និងការទទួលស្គាល់អន្តរជាតិ វេទិកាដែលអាចបង្កើតសម្ពាធផ្លូវច្បាប់ និងសីលធម៌លើភាគីបំពាន។ កម្លាំងអាចបង្កើតការប្រែប្រួលភ្លាមៗផ្លាស់ទីកម្លាំង ប្ដូរភាពតានតឹងបង្កសន្ទុះអារម្មណ៍។ ប៉ុន្តែច្បាប់បង្កើតស្ថិរភាពដែលអាចទុកចិត្តបាន។
ការឈ្នះដោយកម្លាំង វាអាចបង្កើតសំណួរសង្ស័យដូចជា៖ តើភាពស្របច្បាប់នៅឯណា? តើសហគមន៍អន្តរជាតិ នឹងឆ្លើយតបយ៉ាងដូចម្តេច? និង តើជម្លោះនឹងបន្តឡើងវិញដែរឬទេ? ប៉ុន្តែការឈ្នះតាមច្បាប់ អាចបិទសំណួរទាំងនោះជាអចិន្ត្រៃយ៍។ ព្រោះវាផ្អែកលើគោលការណ៍ មិនមែនលើសន្ទុះនៃការប្រើកម្លាំងខុសច្បាប់ឡើយ។ ក្នុងន័យយុទ្ធសាស្ត្រ ច្បាប់គឺជាអាវុធស្ងៀម មិនបង្កសំឡេងដូចគ្រាប់កាំភ្លើង ប៉ុន្តែមានអានុភាពយូរអង្វែងលើអនាគតជាតិ។ វាធានាថា អំណាចដែលប្រើប្រាស់ មានភាពស្របច្បាប់ និងអាចការពារបាននៅលើវេទិកាអន្តរជាតិ។
ហេតុនេះ ការជ្រើសរើសផ្លូវច្បាប់ មិនមែនជាការដើរថយក្រោយទេ វាជាជំហររឹងមាំ ដែលជ្រើសរើសស្ថិរភាពលើសន្ទុះ និងជ្រើសរើសអនាគតលើអារម្មណ៍។ វាជាការធានាថា ការពារជាតិថ្ងៃនេះ មិនបង្កបញ្ហាថ្ងៃស្អែក ហើយអំណាចដែលប្រើប្រាស់ មានភាពស្របច្បាប់ និងអាចការពារបាន នៅលើវេទិកាអន្តរជាតិ។
* ភាពរឹងមាំផ្ទៃក្នុង ជាខែលពិតប្រាកដ
ក្នុងសង្គ្រាមសម័យថ្មី សមរភូមិមិនមានតែខ្សែបន្ទាត់ព្រំដែនទេវាមានសមរភូមិផ្ទៃក្នុង។ ការបែកបាក់សង្គម គឺជាចំណុចខ្សោយដែលគ្រោះថ្នាក់ជាងគ្រាប់កាំភ្លើង។ ប្រទេសមួយអាចមានអាវុធ មានយុទ្ធសាស្ត្រ និងមានការគាំទ្រអន្តរជាតិ ប៉ុន្តែបើខ្វះភាពជឿជាក់ និងសាមគ្គីភាពផ្ទៃក្នុង នោះសម្ពាធពីក្រៅអាចប៉ះពាល់បានងាយ។ សាមគ្គីភាព មិនមែនជាការបិទមាត់ ឬបង្ខំឲ្យគិតដូចគ្នាទេ។ វាជាការយល់ដឹងរួមលើគោលការណ៍ជាតិ និងការយល់ព្រមថានៅពេលវិបត្តិ ការទទួលខុសត្រូវលើអនាគតរួម គឺសំខាន់ជាងភាពខុសគ្នាផ្ទាល់ខ្លួន។ ភាពរឹងមាំពិតប្រាកដ មិនកើតនៅពេលសុខស្រួលទេ។ វាកើតនៅពេលជាតិអាចឈររឹងមាំជាមួយគ្នា ពេលអារម្មណ៍ត្រូវបានគ្រប់គ្រងដោយហេតុផល និងពេលភាពខុសគ្នាមិនបំផ្លាញទិសដៅរួម។ នោះហើយជាខែលពិតប្រាកដរបស់ជាតិ មិនមែនសំឡេងអាវុធទេ ប៉ុន្តែសំឡេងនៃការយល់ដឹង និងការឈរជាមួយគ្នា។
សេចក្តីសន្និដ្ឋាន៖ នៅពេលដែលអារម្មណ៍អាចរត់លឿនជាងការគិត សាររបស់សម្តេចមហាបវរធិបតី គឺច្បាស់ លាស់និងមិនចម្រូងចម្រាសឡើយ៖ ការគ្រប់គ្រងប្រទេស មិនអាចដំណើរការតាមសន្ទុះអារម្មណ៍បានទេ។ ការសម្រេចចិត្តរដ្ឋ មិនមែនជាការឆ្លើយតបភ្លាមៗទេ ប៉ុន្តែជាការទទួលខុសត្រូវលើទឹកដី លើជីវិតមនុស្ស និងលើអនាគតជាតិ។ វាអាចមិនរហ័សមែន។ វាអាចមិនក្ដុងក្ដាំងមែន។ ប៉ុន្តែវាត្រូវតែមានការគិតវែង និងការថ្លឹងថ្លែងច្បាស់លាស់ពីព្រោះលទ្ធផលរបស់វាមិនស្ថិតត្រឹមថ្ងៃនេះទេ ប៉ុន្តែបន្តទៅថ្ងៃស្អែក និងជំនាន់ក្រោយ។
ក្នុងស្ថានភាពបែបនេះ ភាពរឹងមាំពិតប្រាកដ មិនមែនស្ថិតនៅលើការឆ្លើយតបឆាប់ជាងគេនោះទេ ប៉ុន្តែស្ថិតនៅលើសមត្ថភាពក្នុងការទប់ស្កាត់សន្ទុះ និងសម្រេចចិត្តដោយការទទួលខុសត្រូវ។ Comment អាចផ្លាស់ប្តូររាល់នាទី ខណៈ Command ត្រូវរស់នៅជាមួយលទ្ធផលរយៈពេលវែង។ ហើយនោះហើយជាភាពខុសគ្នារវាងសន្ទុះនិងស្ថិរភាព គឺជាភាពខុសគ្នារវាងមតិ Comment និងសេចក្តីសម្រេចដឹកនាំ Command ដែលជាការសម្រេចចិត្តចំពោះជាតិ៕












