ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដាក់ចេញយុទ្ធសាស្ត្រ ៤ចំណុច ដើម្បីកែលម្អប្រព័ន្ធអប់រំកម្ពុជា ឱ្យកាន់តែប្រសើរឡើង និងបង្កើនភាពប្រកួតប្រជែងនៅក្នុងតំបន់ និងអន្តរជាតិ
13-02-2026 17:49
(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញជាទិសដៅយុទ្ធសាស្ត្រ ៤ចំណុច ដើម្បីបន្តកែលម្អប្រព័ន្ធអប់រំកម្ពុជាឱ្យកាន់តែប្រសើរឡើង ជាពិសេសការបង្កើនភាពប្រកួតប្រជែងនៅក្នុងតំបន់ និងអន្តរជាតិ ស្របតាមប្រធានបទរបស់សន្និបាតអប់រំ «គន្លងអប់រំថ្មី ប្រកបដោយបរិយាបន្ន និងភាពធន់»។
អនុសាសន៍ទាំង ៤ចំណុចរបស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានដូចជា៖
ទី១៖ ការអនុវត្តស្តង់ដាសាលារៀនគំរូ ដើម្បីកំណើនសិស្សគ្រប់ភូមិសិក្សា និងលទ្ធផលសិក្សារបស់សិស្ស៖ ចងក្រងឧត្តមានុវត្តន៍នៃការអនុវត្តស្តង់ដាសាលាគំរូកន្លងមក, បង្កើតសម្ព័ន្ធមេត្រីភាពសាលារៀនគំរូ និងសាលារៀននៅក្នុងតំបន់ជិតគ្នា, ពង្រឹងសមត្ថភាពនាយកសាលា ដើម្បីផ្សារភ្ជាប់ការអនុវត្តស្តង់ដាសាលារៀនគំរូជាមួយ នឹងលទ្ធផលសិក្សារបស់សិស្ស ជាពិសេសឆ្លើយតបនឹងតេស្តកម្រិតតំបន់ និងអន្តរជាតិ (SEA-PLM & PISA), ផ្តល់ការគាំទ្រដល់សាលារៀន ការវិភាគស្ថានភាពសាលារៀនជាក់ស្តែង និងរៀបចំផែនការជួយគាំទ្រសាលារៀនដែល ដែលមានលក្ខណៈសម្បត្តិអំណោយផល តាមរយៈ នៅខ្វះខាត។
ទី២៖ ការអនុវត្តគន្លងអប់រំថ្មី ដើម្បីរក្សាសិស្ស និងអភិវឌ្ឍមូលធន មនុស្សស្របតាមសមត្ថភាព និងឧប្បនិស្ស័យ៖ ផ្តល់ការតម្រង់ទិសសិស្សចាប់ពីថ្នាក់ទី៧ និងការបែងចែកគន្លងសិក្សាចាប់ពីថ្នាក់ទី១០, រៀបចំសេចក្តីណែនាំស្តីពី នីតិវីធីជ្រើសរើសសិស្សចូលរៀនក្នុងគន្លងអប់រំនីមួយៗ និងសិក្សា និងវាយតម្លៃលើស្ថានភាពនៃកាអនុវត្តសាកល្បងគន្លងអប់រំថ្មី ដោយផ្តោតលើ ការកែលម្អកម្មវីធីសិក្សា តម្រូវការគ្រូបង្រៀន ការបង្រៀននិងរៀន និងកិច្ចសហការ ជាមួយវិស័យឯកជន។
ទី៣៖ វិធានការលើកកម្ពស់គុណភាពនៃការសិក្សារបស់សិស្សនៅបឋម សិក្សា និងការឆ្លើយតបនឹងលទ្ធផល SEA-PLM៖ ការកែលម្អការត្រៀមខ្លួនសិក្សារបស់កុមារ តាមរយៈការអប់រំកុមារតូច, ការផ្តោតលើអំណានថ្នាក់ដំបូង និងគណិតវិទ្យាថ្នាក់ដំបូង, ការកែលម្អអភិបាលកិច្ចសាលារៀននៅកម្រិតបឋមសិក្សា, ការកែលម្អកម្មវិធីសិក្សា និងម៉ោងបង្រៀន, ការពង្រឹងសមត្ថភាពគ្រូបង្រៀន និងការអនុវត្តការបង្រៀន, ការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបរិក្ខារសាលារៀន, ការលើកកម្ពស់សុខភាពសិក្សា និងអាហារូបត្ថម្ភនៅតាមសាលារៀន។
ទី៤៖ វិធានការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សមធ្យមសិក្សា និង ការឆ្លើយតបនឹង PISA៖ ការបង្កើនការចូលរៀននៅមធ្យមសិក្សា, ការពង្រឹងមូលដ្ឋានគ្រឹះនៃការសិក្សានៅបឋមសិក្សា, ការកែលម្អកម្មវិធីសិក្សា, ការពង្រឹងការអនុវត្តក្នុងថ្នាក់រៀន, ការពង្រឹងសមត្ថភាពគ្របង្រៀន, ការគ្រប់គ្រងគ្រូបង្រៀនជាយុទ្ធសាស្ត្រ, ការលើកកម្ពស់សមធម៌ក្នុងការអប់រំនៅមធ្យមសិក្សា, ការពង្រឹងប្រព័ន្ធវាយតម្លៃ និងអធិការកិច្ច, ការលើកកម្ពស់ភាពថាអ្នកដឹកនាំសាលារៀន, ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការបង្រៀន និងរៀន និងការជំរុញការចូលរួមរបស់មាតាបិតា និងសហគមន៍ ក្នុងការអប់រំ ដោយពង្រឹងយន្តការនៃ ការចូលរួមរបស់មាតាបិតា និងសហគមន៍ ក្នុងការងារអភិវឌ្ឍសាលារៀន និងការជំរុញ ការសិក្សានៅផ្ទះ៕














