ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន៖ ជម្លោះព្រំដែនជាមួយថៃ បានបង្រៀនយើងថា មានតែធនធានមនុស្សដែលមានភាពធន់ និងបរិយាបន្នទេ ទើបអាចការពារស្ថិរភាពសង្គមបាន
13-02-2026 16:52
(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ជម្លោះព្រំដែនជាមួយប្រទេសថៃ បានធ្វើឱ្យមានការផ្លាស់ប្តូរខ្សែច្រវាក់ផលិតកម្ម ពាណិជ្ជកម្ម និងការប្រណាំងប្រជែង និងបានបង្រៀន យើងថាមានតែធនធានមនុស្ស ដែលមានភាពធន់ និងបរិយាបន្នទេ ទើបអាចការពារស្ថិរភាព សង្គមបាន។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងដូចនេះ នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នាឱកាសអញ្ជើញតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៤-២០២៥ និងទិសដៅឆ្នាំសិក្សា ២០២៥-២០២៦ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោក Will Park ប្រធានក្រុមការងារវិស័យអប់រំ រួមទាំងមានតំណាងដៃគូអភិវឌ្ឍ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ លោក លោកស្រី ប្រតិភូអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ជាច្រើនរូបទៀត។
ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានថ្លែងដូចនេះដែរថា «ជាមួយគ្នានេះជម្លោះព្រំដែនជាមួយប្រទេសថៃ បានធ្វើឱ្យមានការផ្លាស់ប្តូរខ្សែច្រវាក់ផលិតកម្ម ពាណិជ្ជកម្ម និងការប្រណាំងប្រជែង ដោយបានបង្រៀន យើងថា មានតែធនធានមនុស្សដែលមានភាពធន់ និងបរិយាបន្នទេ ទើបអាចការពារស្ថិរភាព សង្គមបាន។ យើងត្រូវបណ្តុះបណ្តាលយុវជនឱ្យមានសមត្ថភាពខ្លាំង និងសមធម៌ ដែលនឹងមាន លទ្ធភាពពេញលេញ ក្នុងការប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ និងរក្សាបាននូវសុខសន្តិភាពយូរអង្វែង»។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ដែរថា ការអភិវឌ្ឍមូលធនមនុស្ស ប្រកបដោយបរិយាបន្ន និងភាពធន់ ព្រមទាំងបានដាក់ចេញនូវទិសដៅជាយុទ្ធសាស្ត្រ ដើម្បីឆ្លើយតបទៅនឹងបរិបទពិភពលោកនាពេលបច្ចុប្បន្ន ដែលកំពុងស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជា បង្កឡើងដោយការប្រកួតប្រជែងអំណាចរវាងប្រទេសមហាអំណាច សង្គ្រាមពាណិជ្ជកម្ម និង សង្គ្រាមពន្ធគយ។ ក្នុងស្ថានភាពនេះប្រសិនបើកម្ពុជាមិនមានទិសដៅយុទ្ធសាស្ត្រច្បាស់លាស់ទេ យើងនឹងងាយរងគ្រោះដោយសារសម្ពាធទាំងនេះ ដូច្នេះការវិនិយោគលើធនធានមនុស្សមាន តួនាទីយ៉ាងសំខាន់ក្នុងបរិបទបច្ចុប្បន្ន។
លោកបណ្ឌិតសភាចារ្យ ក៏បានគូសបញ្ជាក់ដែរថា ការផ្លាស់ប្តូរខាងផ្នែកបច្ចេកវិទ្យា ជាពិសេសបញ្ញាសិប្បនិម្មិត (AI) នឹងមានផលជះយ៉ាងខ្លាំងលើវិស័យអប់រំ ហើយជំនាញខ្លះនឹងត្រូវបាត់បង់ ជំនាញថ្មីនឹងកើតឡើង ដូច្នេះការអប់រំត្រូវតែឆ្លើយតបឱ្យចំគោលដៅ និងទាន់ពេលវេលាទៅលើការរីកចម្រើននៃ បច្ចេកវិទ្យាសិប្បនិម្មិតនេះ។
ក្រសួងមានភាពចាំបាច់ ក្នុងការជំរុញឱ្យមានការស្រាវជ្រាវកាន់តែច្រើន និងទូលំទូលាយ ដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ជំរុញការធ្វើនវានុវត្តន៍ការសិក្សាផ្អែកលើលទ្ធផលសិក្សា (Outcome Based Education) និងបង្កើនការប្រឹក្សាយោបល់ដល់សិស្សនៅតាមសហគមន៍អំពី ឱកាសសិក្សា ជាពិសេសពាក់ព័ន្ធនឹងជំនាញបច្ចេកទេសផ្សេងៗ៕














