FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជនសង្ស័យ១០នាក់ ត្រូវកម្លាំងទាហាន ចាប់ប្រគល់ជូនខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ពាក់ព័ន្ធបទល្មើសនេសាទ (Video inside)

13-02-2026 16:25

(កំពង់ឆ្នាំង)៖ កម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង សហការជាមួយកម្លាំងកងពលតូចលេខ៧០ បានចុះបង្ក្រាបបទល្មើសនេសាទ២ចំណុចផ្សេងគ្នា ដែលករណីនេះ កើតឡើងនៅក្នុងស្រុកកំពង់ត្រឡាច និងស្រុកបរិបូណ៌។

បន្ទាប់ពីបង្ក្រាប និងចាប់ជនប្រព្រឹត្តបទល្មើសខាងលើនេះ នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងទាហាន ក៏បានប្រគល់ជូនលោក តាត សីហាក់ នាយខ័ណ្ឌស្ដីទីរដ្ឋបាលជលផលកំពង់ឆ្នាំង។ ជនសង្ស័យចំនួន១០នាក់ និងវត្ថុតាងមួយចំនួន ត្រូវបានបង្ក្រាប ពាក់ព័ន្ធបទល្មើសហ៊ុំសម្រាស់នៅក្នុងភូមិស្ទឹងជ្រៅ ឃុំកំពង់ព្រះគគី ស្រុកបរិបូណ៌ និង១ករណីទៀតនៅក្នុងភូមិឪម៉ាល់ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច។

លោក អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានឲ្យដឹងថា កម្លាំងយោធាដឹកនាំដោយលោកវីរសេនីយ៍ទោ ម៉ៅ វ៉េ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង សហការជាមួយកម្លាំងអង្គភាពកងពលតូច លេខ៧០ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី មួង ណូរ៉ា បានចេញល្បាត និងបានប្រទះឃើញជនសង្ស័យកំពុងប្រព្រឹត្តបទល្មើសហ៊ុំសម្រាស់នៅចំណុចទាំង២ខាងលើនេះ និងបានចាប់ជនសង្ស័យ១០នាក់ បញ្ជូនទៅឲ្យខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ចាត់ការតាមផ្លូវច្បាប់។

ដោយឡែកវត្ថុតាងរួមមាន៖ អួនហ៊ុំសម្រាស់ចំនួន២ខ្សែ មានប្រវែងជាង២០០ម៉ែត្រ ម៉ាស៊ីនខ្យល់១គ្រឿង កាណូតបាឡាស្មាច់៤គ្រឿង និងទូកឈើ២គ្រឿង ត្រូវបានរក្សាទុកនៅស្នាក់ការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងស្នាក់ការអង្គភាពកងពលតូចលេខ៧០។

ពាក់ព័ន្ធនិងបទល្មើសសម្រាស់នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវបានលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមនិងលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា ហាមឃាត់ជាដាច់ខាត និងឲ្យកម្លាំងរបស់លោកចេញល្បាត ឃ្លាំមើលទាំងយប់ទាំងថ្ងៃ មិនឲ្យមានការកាប់មែកឈើ ព្រៃលិចទឹក ការដឹកមែកឈើយកមកដាក់ធ្វើជាសម្រាស់ ដើម្បីហ៊ុំចាប់យកត្រីតទៅទៀតឡើយ។ ទោះក្នុងរូបភាពតូចធំ ឬហ៊ុំតែកំប្លោកក៏មិនអនុញ្ញាតឲ្យដែរ ការប្រើឧបករណ៍ ហ៊ុំសម្រាស់ចាប់ត្រីនេះ ច្បាប់មិនអនុញ្ញាតជាដាច់ខាត។

សូមបញ្ជាក់ថា កាលពីឆ្នាំកន្លងទៅ ប្រជាពលរដ្ឋដែលប្រើប្រាស់ឧបករណ៍កាប់មែកឈើព្រែកលិចទឹកធ្វើជាសម្រាស់ដើម្បីចាប់ត្រី គឺមានពលរដ្ឋភាគច្រើនធ្លាប់បានធ្វើកិច្ចសន្យានៅចំពោះមុខអាជ្ញាធរ, សមត្ថកិច្ច, មន្ត្រីជំនាញ ពិ សេសពួកគាត់បានធ្វើកិច្ចសន្យាជាមួយកម្លាំងកងទ័ពដែលមានតួរនាទីបង្ក្រាបបទល្មើសនេសាទជុំវិញបឹងទន្លេសាប។​

ពេលនោះពួកគេបានសន្យាថា នឹងឈប់ប្រព្រឹត្តការកាប់មែកឈើព្រៃលិចទឹកយកមកធ្វើជាសម្រាស់ជាបន្តទៀត។ ក្នុងកិច្ចសន្យា ពួកគេក៏បានបញ្ជាក់ផងដែរថា បើបុគ្គលណាមិនគោរពតាមកិច្ចសន្យានឹងត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ទៀតផង។

តែបច្ចុប្បន្នក៏នៅមានពលរដ្ឋមួយចំនួនតូចនៅតែបន្តលួចប្រព្រឹត្តដោយមិនគោរពតាមកិច្ចសន្យា។ តែទោះជាយ៉ាងណា គេនៅតែសង្កេតឃើញកម្លាំងកងទ័ព និងសមត្ថកិច្ចពាក់ព័ន្ធ រួមទាំងមន្ត្រីជំនាញនៅតែបន្តឃ្លាំមើល និងចុះបង្ក្រាបនូវរាល់សកម្មភាពបទល្មើសការបំផ្លិចបំផ្លាញធនធានធម្មជាតិ រួមទាំងបទល្មើសនេសាទផងដែរ ដែលបានកើតឡើងក្នុងបឹងទន្លេសាបយ៉ាងសកម្មជារៀងរាល់ថ្ងៃ៕