FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកឧកញ៉ា សៀ ឬទ្ធី៖ ធុរកិច្ចខ្មែរមិនត្រូវរង់ចាំមើលការផ្លាស់ប្តូរសកលឡើយ ប៉ុន្តែត្រូវធ្វើជាអ្នកក្តាប់យកផលប្រយោជន៍ពីការផ្លាស់ប្តូរទាំងនោះ

13-02-2026 16:14

(ភ្នំពេញ)៖ អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៍ប៊្រីដ គ្រុប បានសង្កត់ធ្ងន់ថា កម្ពុជាត្រូវតែរក្សាជំហរជាទីតាំងអាជីវកម្ម ដែលមានស្ថិរភាព អព្យាក្រឹត និងគួរឱ្យទុកចិត្តបំផុត ដើម្បីប្រែក្លាយបញ្ហាប្រឈមសកល ឱ្យទៅជាកាលានុវត្តភាពសេដ្ឋកិច្ចសម្រាប់ជាតិ។

ការថ្លែងយ៉ាងដូច្នេះរបស់អ្នកឧកញ៉ា សៀ ឬទ្ធី ក្នុងឱកាសសមាគមឧកញ៉ាកម្ពុជា បានរៀបចំពិធីជួបជុំសមាជិក និងពិសាភោជនាហារគ្រួសារសមាគមលើកទី១ ដើម្បីកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់សហគមន៍ធុរកិច្ចកម្ពុជា ក្នុងបរិបទដែលពិភពលោកកំពុងជួបប្រទះ នូវការប្រែប្រួលសេដ្ឋកិច្ចយ៉ាងរហ័ស និងសម្ពាធភូមិសាស្ត្រនយោបាយ កាលពីពេលថ្មីៗនេះ។

អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៍ប៊្រីដ គ្រុប បានគូសបញ្ជាក់ទៀតថា សមាគមឧកញ៉ាកម្ពុជា មានតួនាទីដ៏សំខាន់ មិនត្រឹមតែជាតំណាងសំឡេងអ្នកធុរកិច្ចប៉ុណ្ណោះទេ តែជាអ្នកនាំមកនូវគំនិតច្នៃប្រឌិត និងភាពជាអ្នកដឹកនាំ ក្នុងវិស័យឯកជនប្រកបដោយការទទួលខុសត្រូវ។

អ្នកឧកញ៉ាបានអះអាងថា លទ្ធផលអនាគតល្អនឹងផ្តល់ដល់អ្នក​ ដែលបានត្រៀមខ្លួនរួចជាស្រេច ដ្បិតថា នាពេលបច្ចុប្បន្នធុរកិច្ចនៅកម្ពុជា កំពុងប្រតិបត្តិការក្នុងស្ថានភាពមិនច្បាស់លាស់ និងមានការផ្លាស់ប្តូរជាច្រើន ដោយកំពុងប្រឈមនឹងសម្ពាធលើថ្លៃដើមហិរញ្ញប្បទាន និងតម្រូវការធនធានមនុស្ស ដែលមានជំនាញ។ ហើយនៅក្នុងតំបន់អាស៊ាន ប្រទេសជិតខាងកម្ពុជា កំពុងបង្កើនភាពប្រកួតប្រជែងតាមរយៈកំណែទម្រង់ ដើម្បីទាក់ទាញការវិនិយោគ រីឯក្នុងកម្រិតសកល កំណើនសេដ្ឋកិច្ចយឺតយ៉ាវ ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការផ្លាស់ប្តូរនៃខ្សែច្រវាក់ផ្គត់ផ្គង់ កំពុងកំណត់ទម្រង់ថ្មីនៃរបៀបធ្វើអាជីវកម្ម។

អ្នកឧកញ៉ា សៀ ឬទ្ធី បានសង្កត់ធ្ងន់ថា ក្នុងបរិបទនេះសំណួរសំខាន់ សម្រាប់សហគមន៍ធុរកិច្ច គឺមិនមែនសួរថា តើកំណើនកើតឡើងនៅទីណា? នោះទេ ប៉ុន្តែត្រូវសួរថា តើយើងគួរឆ្លើយតបយ៉ាងដូចម្តេច?​ ក្នុងន័យនេះ អ្នកឧកញ៉ា ជំរុញឱ្យធុរកិច្ចកម្ពុជា ត្រូវផ្តោតលើសកម្មភាពជាក់ស្តែងមួយចំនួនដូចជាវិនិយោគលើសមត្ថភាពទាំងបច្ចេកវិទ្យា ប្រព័ន្ធការងារ និងធនធានមនុស្ស ពោលគឺអាជីវកម្មដែលហ៊ានទទួលយកឧបករណ៍ឌីជីថល នឹងមានប្រៀបក្នុងការប្រកួតប្រជែង, ត្រូវពង្រឹងភាពជាដៃគូតាមរយៈការសហការឱ្យកាន់តែសកម្ម មិនថាជាមួយវិនិយោគិនអន្តរជាតិ ឬក្នុងចំណោមសមាជិក នៃសមាគមឧកញ៉ាកម្ពុជាខ្លួនឯង ដើម្បីពង្រីកទំហំអាជីវកម្ម និងកាត់បន្ថយហានិភ័យ និងត្រូវបង្កើនកិច្ចសហការជាមួយរាជរដ្ឋាភិបាល ដូចជាតាមរយៈសមាគមឧកញ៉ាកម្ពុជាជាដើម ដើម្បីធានាថា គោលនយោបាយ និងបទប្បញ្ញត្តិនានា ពិតជាជួយគាំទ្រដល់ធុរកិច្ចមានការប្រកួតប្រជែងរយៈពេលវែង។

ជាមួយគ្នានេះ អនុប្រធានសមាគមឧកញ៉ាកម្ពុជារូបនេះ បានវាយតម្លៃថា នៅក្នុងស្ថានភាពនៃការផ្លាស់ប្តូរទាំងនេះ ក៏បានបង្ហាញឱ្យឃើញនូវវិស័យសក្តានុពលថ្មីៗចំនួន៤ ដែលធុរកិច្ចកម្ពុជាត្រូវយកចិត្តទុកដាក់រួមមានបច្ចេកវិទ្យា និងសេវាកម្មឌីជីថល, ឧស្សាហកម្មផលិតកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់, សេវាសុខាភិបាល និងវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងថាមពលចីរភាព និងហេដ្ឋារចនាសម្ព័ន្ធ៕