FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្នែកឯកជនវិស័យទេសចរណ៍ បន្តគាំទ្រយុទ្ធនាការ «រដូវកាលបៃតង ២.០» ដើម្បីជំរុញសក្ដានុពលទេសចរណ៍កម្ពុជា

13-02-2026 16:10

(ភ្នំពេញ)៖ ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះយុទ្ធនាការ «រដូវកាលបៃតង ២.០» (Green Season 2.0) សម្រាប់ឆ្នាំ២០២៦ ដែលរាជរដ្ឋាភិបាលបានផ្តល់គោលការណ៍ឯកភាពឲ្យបន្តអនុវត្ត ដោយមានគោលដៅបង្កើនសក្ដានុពល និងភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា។

ក្នុងបទសម្ភាសជាមួយ Fresh News លោក ធួន ស៊ីណាន ប្រធាន Pacific Asia Travel Association Cambodia Chapter (PATA Cambodia) បានឱ្យដឹងថា សមាគមនឹងរៀបចំកម្មវិធីផ្សព្វផ្សាយថ្មីមួយឈ្មោះ «CTM Mini Series» ដើម្បីលើកកម្ពស់គោលដៅទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។ កម្មវិធីនេះ គ្រោងចាប់ផ្តើមពីចុងខែមីនា ឆ្នាំ២០២៦ រហូតដល់ខែធ្នូ ឆ្នាំ២០២៦។

លោកបានបន្ថែមថា ជារៀងរាល់ខែ សមាគមនឹងអញ្ជើញក្រុមហ៊ុនទិញសេវាទេសចរណ៍ពីបរទេស (buyers) ចំនួន ២៥ ក្រុមហ៊ុន មកចូលរួមកម្មវិធីផ្លាស់ប្តូរព័ត៌មាន និងពិភាក្សាអាជីវកម្មជាមួយអ្នកផ្គត់ផ្គង់សេវាទេសចរណ៍ក្នុងស្រុក។ សម្រាប់ខែមីនា ឆ្នាំ២០២៦ នឹងមានការអញ្ជើញរហូតដល់ ៤០ ក្រុមហ៊ុន ដើម្បីបើកដំណើរការយុទ្ធនាការជាផ្លូវការ។

កម្មវិធីនេះ នឹងរៀបចំជាទម្រង់ដំណើរទស្សនកិច្ចរយៈពេល ៦ យប់ ៧ ថ្ងៃ ដោយភ្ជាប់គោលដៅសំខាន់ៗ រួមមាន ភ្នំពេញ, ព្រះសីហនុ និង សៀមរាប ដើម្បីបង្ហាញសក្ដានុពលទេសចរណ៍ពហុវិស័យ ទាំងវប្បធម៌ បេតិកភណ្ឌ ធម្មជាតិ និងទេសចរណ៍ឆ្នេរសមុទ្រ។

សកម្មភាពនេះ ត្រូវបានចាត់ទុកថា ជាកិច្ចសហការសំខាន់រវាងផ្នែកឯកជន និងរាជរដ្ឋាភិបាល ក្នុងការជំរុញចំនួនភ្ញៀវទេសចរអន្តរជាតិ បង្កើនការចំណាយក្នុងស្រុក និងពង្រីកទីផ្សារទេសចរណ៍ថ្មីៗ ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយចីរភាព។

សូមជម្រាបថា យោងតាមរបាយការណ៍អនុវត្តសាកល្បងយុទ្ធនាការរដូវកាលបៃតង ក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានកំណើនទេសចរជាតិគួរឱ្យកត់សម្គាល់ ក្នុងរយៈពេល ៦ ខែ ចាប់ពីខែឧសភា ដល់ខែតុលា ដោយមានភ្ញៀវទេសចរជាតិធ្វើដំណើរកម្សាន្តសរុប ៩ លាន ៤៦ ម៉ឺននាក់ កើនឡើងប្រមាណ ៦៤,៧% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤៕