សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ផ្ញើលិខិតរំលែកទុក្ខជូនលោកជំទាវ ជីណា ដឺ វេណេសៀ ចំពោះមរណភាពឯកឧត្តម ចូសេ ដឺ វេណេសៀ ជេអា អតីតប្រធានរដ្ឋសភានៃសាធារណរដ្ឋហ្វីលីពីន
12-02-2026 20:37
(ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានផ្ញើលិខិតរំលែកទុក្ខដ៏ក្រៀមក្រំជូនចំពោះលោកជំទាវ ជីណា ដឺ វេណេសៀ (Gina de Venecia) សមាជិការដ្ឋសភានៃសាធារណរដ្ឋហ្វីលីពីន ចំពោះមរណភាពរបស់ឯកឧត្តម ចូសេ ដឺ វេណេសៀ ជេអា (Jose de Venecia Jr.) អតីតប្រធានរដ្ឋសភានៃសាធារណរដ្ឋហ្វីលីពីន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងជន្មាយុ ៨៩ឆ្នាំ។
នៅក្នុងផ្ញើលិខិតរំលែកទុក្ខនេះ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានបញ្ជាក់ដូចនេះថា ខ្ញុំពិតជាមានសេចក្ដីក្ដុកក្ដួលរំជួលចិត្ត ដែលបានទទួលនូវដំណឹងដ៏សែនក្រៀមក្រំជាទីបំផុតនូវមរណភាព របស់ឯកឧត្តម ចូសេ ដឺ វេណេសៀ ជេអា (Jose de Venecia Jr.) អតីតប្រធានរដ្ឋសភានៃសាធារណរដ្ឋហ្វីលីពីន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងជន្មាយុ ៨៩ឆ្នាំ។
មរណភាពរបស់ស្វាមីលោកជំទាវ ឯកឧត្តម ចូសេ ដឺ វេណេសៀ ជេអា គឺជាការបាត់បង់នូវថ្នាក់ដឹកនាំដ៏ឆ្នើម និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយម្នាក់ ដែលបានលះបង់ពេញមួយជីវិតរបស់ឯកឧត្តម ដើម្បីលើកកម្ពស់សន្តិភាព លទ្ធិប្រជាធិបតេយ្យ សេរីភាព និងវិបុលភាព សម្រាប់ប្រជាជនហ្វីលីពីន ក៏ដូចជាសម្រាប់ប្រជាជនក្នុងតំបន់ និង សកលលោកផងដែរ។
ដោយធ្លាប់បានបំពេញតួនាទីជាប្រធានរដ្ឋសភាហ្វីលីពីន ប្រធានអង្គការអន្តរសភាអាស៊ាន (AIPO) ចំនួនពីរលើក ក្នុងឆ្នាំ១៩៩៤ និងឆ្នាំ២០០៦ ជាស្ថាបនិកនៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្ស នយោបាយអាស៊ី (ICAPP) និងជាតួអង្គដ៏សំខាន់នៃវេទិកាអន្តរជាតិជាច្រើន ដែលរួមមាន៖ សមាគមសភាអាស៊ី ដើម្បីសន្តិភាព (AAPP) សភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) និងសន្និសីទប្រធានសភានៃ អន្តរសភា (ISC) ឯកឧត្តម បានរួមចំណែកយ៉ាងធំធេង និងប្រកបដោយតម្លៃមិនអាចកាត់ថ្លៃបានដល់សន្តិភាព និងវិបុលភាពសម្រាប់មនុស្សជាតិនៅក្នុងតំបន់ និងលើសកលលោក។ ។ មរតកនៃឧត្តមគតិ ការលះបង់ បញ្ញាញាណ និងការបម្រើជាតិរបស់ ឯកឧត្តម នឹងបន្តជាប្រភពនៃការបំផុសគំនិត និងកម្លាំងចិត្តដល់យើងទាំងអស់គ្នា និងថ្នាក់ដឹកនាំជំនាន់ក្រោយ។
ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ ក្រៀមក្រំបំផុតជូនចំពោះលោកជំទាវ និងក្រុមគ្រួសារ ចំពោះការបាត់បង់ដ៏ធំធេងនេះ។ សូមបួងសួងឱ្យដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ចូសេ ដឺ វេណេសៀ ជេអា បានទៅកាន់ឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕


