FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី កែវ រតនៈ៖ អាជ្ញាធរអគ្គិសនីកម្ពុជា សម្រេចលើកលែងថ្លៃភ្ជាប់ចរន្តអគ្គិសនីដល់អតិថិជនចាប់ពីកម្លាំង ៥អំពែ ១០អំពែ និង២០អំពែ ដោយអនុវត្តចាប់ពីថ្ងៃទី១ ខែមីនាតទៅ

12-02-2026 19:11

(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា អគ្គិសនីកម្ពុជា បានសម្រេចលើកលែងថ្លៃភ្ជាប់ចរន្តអគ្គិសនី ឱ្យអតិថិជនចាប់ពីកម្លាំង ៥អំពែ ១០អំពែ និង២០អំពែ ដោយអនុវត្តចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ តទៅ។

ការឱ្យដឹងបែបនេះរបស់លោក កែវ រតនៈ បានធ្វើឡើងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរអគ្គិសនីកម្ពុជា នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

លោករដ្ឋមន្ត្រី កែវ រតនៈ បានលើកឡើងថា យើងចង់កាត់បន្ថយការិយាធិបតេយ្យ ក្នុងការផ្តល់សេវាទៅបងប្អូនប្រជាពលរដ្ឋយើង ឱ្យបានស្រួល អ៊ឹចឹងហើយក្រសួងបានដាក់គោលការណ៍រួម កាត់បន្ថយពេលវេលា ក្រដាស្នាមឱ្យបាន ៥០ភាគរយ លើអ្វីដលយើងបានដាក់ហើយពីដើមអាណត្តិ។

លោករដ្ឋមន្ត្រី កែវ រតនៈ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «លើកលែងថ្លៃភ្ជាប់ចរន្ត ឱ្យអតិថិជនលំនៅឋាន គឺមានន័យថាអត់យកលុយថ្លៃតភ្លើង សម្រាប់អតិថិជនដែលស្នើសុំកម្លាំងពី ៥អំពែ ១០អំពែ និង២០អំពែ ១ហ្វា គឺមិនឱ្យយកថ្លៃតចរន្ត ហើយកាត់បន្ថយពេលវេលា ៥០ភាគរយ ដូចគ្នា ដើម្បីជួយសម្រួលដល់បងប្អូនភ្ជាប់ចរន្តលំនៅឋាន បានឆាប់រហ័ស ដោយអនុវត្តចាប់ពីថ្ងៃទី១ ខែមីនា តទៅ»។

លោករដ្ឋមន្ត្រី កែវ រតនៈ ក៏សូមឱ្យអាជ្ញាធរអគ្គិសនីកម្ពុជា ចេញបទបញ្ញាត្តិមិនលើសពីថ្ងៃទី១ ខែមីនា ខាងមុខនេះ ទី១ គឺកាត់បន្ថយរយៈពេលភ្ជាប់ចរន្ត ឱ្យអតិថិជនធុនតូច មានន័យថាអតិថិជនដែលស្នើប្រើប្រាស់កម្លាំងពី ១ហ្វា ៦៣អំពែ ឬ ៣ហ្វា ២០អំពែ គឺកាត់បន្ថយពេលវេលាពី ១៥ថ្ងៃ មកត្រឹមតែ៨ថ្ងៃ ធ្វើការតែប៉ុណ្ណោះ។

បើតាមលោក កែវ រតនៈ ការធ្វើបែបនេះ គឺដើម្បីឱ្យអ្នកប្រកបអាជីវកម្មគ្រប់ប្រភេទពាក់ព័ន្ធនឹងវិស័យថាមពលអគ្គិសនី អាចដំណើរការបានយ៉ាងឆាប់រហ័ស ចំណុចនេះជាវិធានការថ្មីសម្រាប់ឆ្នាំ២០២៦ ដែលត្រូវអនុវត្ត៕