FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គម្រោង «ការកែលម្អភាពធន់នឹងការប្រែប្រួល អាកាសធាតុនៅកម្ពុជា» ជួយពលរដ្ឋ និងកសិករតំបន់ដាច់ស្រយាលជាង ២ម៉ឺននាក់ បន្សាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ (Video inside)

12-02-2026 18:27

(ភ្នំពេញ)៖ គម្រោង «ការកែលម្អភាពធន់នឹងការប្រែប្រួល អាកាសធាតុនៅកម្ពុជា» បានរួមចំណែកជួយពលរដ្ឋ និងកសិករនៅខេត្តដាច់ស្រយាល ក្នុងការបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ ស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

គម្រោងនេះ ត្រូវបានអនុវត្តក្នុងខេត្ត រតនគិរី និងស្ទឹងត្រែង ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៤ រហូតដល់ខែមិថុនា ឆ្នាំ២០២៩ ក្នុងគោលបំណងកាត់បន្ថយភាពងាយរងគ្រោះ ចំពោះផលប៉ះពាល់ នឹងគ្រោះមហន្តរាយ ដោយសារការប្រែប្រួលអាកាសធាតុ តាមរយៈការបន្សាំ និងកាត់បន្ថយការបំភាយឧស្ម័ន និងវិធានការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ក្នុងស្រុកចំនួន១១ ក្នុងចំណោម ១៤ ស្រុក នៅក្នុងខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។

គម្រោងនេះ បានផ្តួចផ្តើមអនុវត្តរួមគ្នា ដោយអង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព (DPA) និងសមាគមថែរក្សាបរិស្ថាន និងវប្បធម៌ (CEPA) ក្រោមជំនួយឧបត្ថម្ភពី ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT) តាមរយៈអង្គការការីតាសអូស្ត្រាលី (CA)។

គម្រោងនេះ បានផ្តោតជាសំខាន់ទៅលើការគាំទ្រដល់កសិករខ្នាតតូច អ្នកនេសាទ សហគមន៍ព្រៃឈើ ជនជាតិ ដើមភាគតិច ស្រ្តី មនុស្សចាស់ ក្រុមមានពិការភាព ក្រុមអ្នកស្រលាញ់ភេទដូចគ្នា និងក្រុមងាយរងគ្រោះផ្សេងទៀត នៅក្នុងខេត្តទាំងពីរ។

គម្រោងនេះបានធ្វើការសិក្សា វិភាគ និងឆ្លុះបញ្ចាំងគោលនយោបាយនៃការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ ការស្តារឡើងវិញ សកម្មភាពត្រៀមបង្ការជាមុន និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ដើម្បីចូលរួមជាមួយស្ថាប័នរដ្ឋាភិបាល គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) ក្រសួងកិច្ចការនារី (MOWA) និងក្រសួងបរិស្ថាន (MOE) ក្នុងការពិនិត្យ និងកែសំរួលគោលនយោបាយដើម្បីឆ្លើយតប នឹងតម្រូវការរបស់ក្រុមដែលងាយរងគ្រោះ រួមទាំងស្ត្រី ជនជាតិដើមភាគតិច និងជនមានពិការភាព ។

ក្នុងសិក្ខាសាលាបង្ហាញលទ្ធផល នៃការសិក្សាស្រាវជ្រាវ ស្តីពីការវិភាគគោលនយោបាយនៃការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការស្តារឡើងវិញ សកម្មភាពត្រៀមបង្ការជាមុន និងការបន្សាំ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ នៅកម្ពុជា នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ម៉ម សម្បត្តិ នាយកប្រតិបតិ្ត អង្គការ ឌីភីអេ បានថ្លែងថា តាមរយៈការសិក្សានេះ បានរកឃើញថាកម្ពុជា មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ នៅក្នុងការកសាងគោលនយោបាយផែនការយុទ្ធសាស្រ្ត និងក្របខណ្ឌស្ថាប័ន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ ដោយមានច្បាប់ និងយុទ្ធសាស្ត្រសំខាន់ៗ ដូចជា ច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ផែនការជាតិ ស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងយុទ្ធសាស្ត្រជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ។ ទោះជាយ៉ាងណាក្តី ការសិក្សានេះ ក៏បានបង្ហាញអំពីគម្លាតសំខាន់ៗមួយចំនួនតូច ក្នុងការ អនុវត្តជាក់ស្តែង ជាពិសេសការភ្ជាប់គ្នារវាងគោលនយោបាយ CCA និង DRR ការស្តារឡើងវិញ និងការដាក់បញ្ចូលសកម្មភាពត្រៀមបង្ការជាមុន នៅក្នុងប្រព័ន្ធជាតិ និងថ្នាក់ក្រោមជាតិ។

លោក Joseph Kodamanchaly នាយកស្តីទីប្រចាំប្រទេស នៃអង្គការ Caritas Australia បានលើកឡើងថា ការប្រែប្រួលអាកាសធាតុបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលនាំឱ្យមានផលប៉ះពាល់ដល់កសិករ ក្នុងការដាំដុះដំណាំផ្សេងៗ។ ដូច្នេះលោកសង្ឃឹមថា លទ្ធផលនៃការស្រាវជ្រាវនេះ នឹងចូលរួមចំណែក ក្នុងការជួយពង្រឹងដល់ការអនុវត្តគោលនយោបាយ ដែលមានស្រាប់ ដើម្បីរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុនេះទាំងអស់គ្នា និងជួយដល់កសិករ។

លោក ជួប ប៉ារីស រដ្ឋលេខាធិការ ក្រសួងបរិស្ថាន មានប្រសាសន៍ថា កម្ពុជាក៏ជាប្រទេសដែលរងគ្រោះដោយសារតែការប្រែប្រួលអាកាសធាតុ ដែលភាគច្រើនបង្កឡើងដោយប្រទេសដែលមានឧស្សាហកម្មធំៗ ហើយបានបង្កឱ្យកើតមាន ខ្យល់ព្យុះ គ្រោះរាំងស្ងួត និងការកើនឡើងនៃទឹកសមុទ្រជាដើម។ ក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តសកម្មភាពជាច្រើន ដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ក្នុងការកាត់បន្ថយផលប៉ះពាល់ដែលកើតមានឡើង។

លោក បានបញ្ជាក់បន្ថែមថា យន្តការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ គឺមានសារៈសំខាន់ខ្លាំងចំពោះប្រទេសកម្ពុជា និងពិភពលោក ហើយគម្រោងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុមិនមែនទើបតែចាប់ផ្តើមនៅពេលពិភពលោករងគ្រោះធ្ងន់ធ្ងរនោះទេ ។យន្តការនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩២ ហើយប្រទេសកម្ពុជាបានចូលរួមជាសមាជិក អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ UNFCCC ក្នុងឆ្នាំ ១៩៩៦ និង UNFCCC សម្រេចបានកិច្ចព្រមព្រៀងផ្លូវការ នៅឆ្នាំ២០១៥៕