FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Fresh Exclusive: ព្រំដែនមិនរលាយដោយសត្រូវក្រៅទេ វារលាយពេលសង្គមបែកបាក់ «សាមគ្គីភាពជាគន្លឹះការពារជាតិ»

12-02-2026 18:29

(ភ្នំពេញ)៖ នៅពេលដែលវិបត្តិព្រំដែន ត្រូវបានគេយកមកធ្វើជាឧបករណ៍នយោបាយ និងព័ត៌មានញុះញង់ ត្រូវបានបញ្ចេញដើម្បីបំបែកទំនុកចិត្តក្នុងសង្គម សាមគ្គីភាពជាតិ មិនមែនជាពាក្យនិយាយតាមអារម្មណ៍នោះទេ ប៉ុន្តែវាពិតជាគោលការណ៍សន្តិសុខជាតិដ៏សំខាន។ប្រទេសមួយ មិនចាញ់ព្រំដែនដោយសារកម្លាំងយោធារបស់ប្រទេសផ្សេងដែលខ្លាំងជាងទេ ប៉ុន្តែចាញ់នៅពេលសង្គមរបស់ខ្លួន បាត់បង់ការជឿទុកចិត្តនិងបែកបាក់ពីខាងក្នុង។

នៅពេលសម្លេងគ្រាប់កាំភ្លើងបានស្ងប់ស្ងាត់តាមបណ្តោយព្រំដែន ការប្រកួតប្រជែងមិនបានបញ្ចប់ទេ។ វាបានផ្លាស់ទីទៅកាន់សមរភូមិថ្មី សមរភូមិព័ត៌មាន និងស្មារតីសង្គម។ ការបង្កើនព័ត៌មានញុះញង់ ព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ មិនមែនជាបាតុភូតចៃដន្យទេ ប៉ុន្តែជាវិធីសាស្ត្រដែលអាចបង្កើតអារម្មណ៍កំហឹង បំបាត់ការអត់ធ្មត់ និងធ្វើឱ្យប្រជាពលរដ្ឋសង្ស័យលើស្ថាប័នរដ្ឋ។ ប្រវត្តិសាស្ត្រពិភពលោកធ្លាប់បានបង្ហាញយ៉ាងច្បាស់ថា ប្រទេសជាច្រើន មិនរលាយដោយសារសត្រូវពីខាងក្រៅទេ ប៉ុន្តែរលាយនៅពេលទំនុកចិត្តក្នុងសង្គមរលាយពីខាងក្នុង។
នៅក្នុងបរិបទនេះ សំណួរដែលគួរត្រូវសួរមិនមែនថាតើនរណាត្រឹមត្រូវ? ប៉ុន្តែថាតើយើងអាចរក្សាសាមគ្គីភាពក្នុងពេលមានវិបត្តិបានដែរឬទេ?

* ព្រំដែនជាបញ្ហាច្បាប់ មិនមែនបញ្ហាអារម្មណ៍

ការដោះស្រាយវិបត្តិព្រំដែន គឺជាកិច្ចការតាមផ្លូវច្បាប់ និងការទូត។ ព្រំដែនត្រូវបានកំណត់ដោយសន្ធិសញ្ញា ផែនទី និងគោលការណ៍ច្បាប់អន្តរជាតិ មិនមែនដោយសំឡេងខឹងសម្បារ ឬសម្តីញុះញង់ទេ។
ការលើកកម្ពស់អារម្មណ៍កំហឹង ឬការញុះញង់ឱ្យបង្កការប៉ះទង្គិចផ្ទៃក្នុង មិនអាចយកដីដែលបាត់បង់ ត្រឡប់មកវិញបានទេ។ ផ្ទុយទៅវិញ វាអាចបង្កការខាតបង់កាន់តែបន្ថែម, បំផ្លាញភាពស្របច្បាប់របស់ប្រទេសនៅលើវេទិកាអន្តរជាតិកាន់ធ្ងន់ធ្ងរ និងធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពជាតិមានរយៈពេលកាន់តែវែងថែមទៀត។ ប្រទេសណាដែលឈ្នះក្នុងជម្លោះព្រំដែន គឺប្រទេសដែលអាចបង្ហាញភស្តុតាង និងការស្មោះត្រង់ចំពោះច្បាប់ មិនមែនប្រទេសដែលអាចបង្កើតសម្លេងខ្លាំងជាងគេនោះទេ។ ក្នុងបរិបទនេះ ការគ្រប់គ្រងអារម្មណ៍សង្គម គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រការពារជាតិ ដូចគ្នានឹងការគ្រប់គ្រងឯកសារ និងភស្តុតាងផ្លូវច្បាប់ដែរ។

* សង្គ្រាមសម័យថ្មី មិនចាប់ផ្តើមពីគ្រាប់កាំភ្លើងទេ

សង្គ្រាមសម័យថ្មី មិនចាប់ផ្តើមពីសំឡេងគ្រាប់កាំភ្លើងទេ ប៉ុន្តែចាប់ផ្តើមពីការបំផ្លាញការជឿទុកចិត្ត។ ពេលប្រជាពលរដ្ឋចាប់ផ្តើមសង្ស័យលើស្ថាប័នរដ្ឋ មិនទុកចិត្តគ្នាឯង និងមិនជឿលើព័ត៌មានផ្លូវការ នោះសង្គមនឹងរអិលចូលទៅក្នុងស្ថានភាពច្របូកច្របល់ ដែលពិបាកគ្រប់គ្រងជាងសមរភូមិអាវុធទៅទៀត។

អស្ថិរភាពបែបនេះ គេហៅថាអស្ថិរភាពចម្រុះ Hybrid Destabilization -វាមិនមានបន្ទាត់ព្រំដែនច្បាស់លាស់ មិនមានសមរភូមិឃើញដោយភ្នែក ប៉ុន្តែមានឥទ្ធិពលជ្រាលជ្រៅលើស្មារតីសង្គម។ វាប្រើព័ត៌មានក្លែងក្លាយ ការបំភ្លៃការពិត និងការញុះញង់អារម្មណ៍ ជាឧបករណ៍ ដើម្បីបំបែកទំនុកចិត្ត និងបង្កើតការបែកបាក់ពីខាងក្នុង។ គ្រោះថ្នាក់ធំបំផុត នៃសង្គ្រាមប្រភេទនេះ គឺវាធ្វើឱ្យសង្គមខ្សោយ មុនពេលមានការប៉ះទង្គិចពិតប្រាកដ។ ពេលទំនុកចិត្តរលាយ ការសម្រេចចិត្តរដ្ឋក្លាយជាបញ្ហា ការសហការរវាងសង្គមនិងស្ថាប័នរដ្ឋ នឹងក្លាយជាការប្រឈម ហើយស្ថិរភាពជាតិអាចត្រូវបានរំខានដោយគ្មានសញ្ញាព្រមានច្បាស់លាស់ឡើយ។ ក្នុងបរិបទនេះ ការការពារសន្តិសុខជាតិ មិនអាចកំណត់ត្រឹមការការពារព្រំដែនភូមិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែត្រូវរួមបញ្ចូលការការពារព្រំដែននៃការជឿទុកចិត្ត និងការយល់ដឹងសាធារណៈផងដែរ។

* ជាតិនិយម ត្រូវការការគ្រប់គ្រង

ជាតិនិយម គឺជាថាមពលដ៏ខ្លាំងមួយ។ វាអាចក្លាយជាចលករនៃការការពារអធិបតេយ្យភាព និងការរួមគ្នារបស់ជាតិ។ ប៉ុន្តែថាមពលដូចគ្នានេះ បើគ្មានការគ្រប់គ្រងដោយវិចារណញាណ និងការដឹកនាំប្រកបដោយទំនួលខុសត្រូវ វាអាចបំផ្លាញខ្លួនឯង និងបំផ្លាញសង្គមផ្ទៃក្នុង។ ជាតិនិយម ដែលគ្រប់គ្រងដោយអារម្មណ៍កំហឹង អាចបម្លែងទៅជាការចោទប្រកាន់គ្នា ការបែកបាក់ និងការបង្កើតសត្រូវផ្ទៃក្នុង។ នៅពេលវិបត្តិព្រំដែន ត្រូវបានយកមកជាឧបករណ៍ញុះញង់ ដើម្បីបង្កើតភាពមិនទុកចិត្ត និងធ្វើឱ្យប្រេះស្រាំចលនាប្រឆាំងផ្ទៃក្នុង, នោះសង្គមនឹងខ្សោយ មុនពេលដែលសត្រូវខាងក្រៅ អាចប្រើកម្លាំងណាមួយមកបង្កអស្ថិរភាព។

ជាតិនិយមពិតប្រាកដ មិនមែនជាការស្រែកខ្លាំងបំផុតទេ ប៉ុន្តែជាភាពរឹងមាំក្នុងការពារផលប្រយោជន៍ជាតិ តាមផ្លូវច្បាប់ និងយុទ្ធសាស្ត្រយូរអង្វែង។ វាមានន័យថា អាចគ្រប់គ្រងអារម្មណ៍សង្គម មិនឲ្យក្លាយជាអាវុធបំផ្លាញខ្លួនឯងឡើយ។ ក្នុងបរិបទសន្តិសុខជាតិ ជាតិនិយមដែលមានការគ្រប់គ្រង គឺជាគន្លឹះនៃស្ថិរភាព។ ប៉ុន្តែជាតិនិយម ដែលគ្មានទិសដៅ និងគ្មានវិន័យ អាចក្លាយជាចំណុចខ្សោយដ៏ធំបំផុតរបស់ជាតិ។

*សាមគ្គីភាព មិនមែនបិទមាត់សង្គមទេ

សាមគ្គីភាព មិនមានន័យថា បិទមាត់ការរិះគន់ ឬបង្ខំឱ្យមានមតិតែមួយឡើយ។ ផ្ទុយទៅវិញ សាមគ្គីភាពពិតប្រាកដ គឺជាស្ថានភាពដែលសង្គមអាចជជែកគ្នាដោយមានការគោរព ការយល់ដឹង និងទំនួលខុសត្រូវ។ ការរិះគន់មិនមែនជាបញ្ហាទេ។ បញ្ហាស្ថិតនៅលើរបៀប និងគោលបំណង។ ការរិះគន់ដែលផ្អែកលើភស្តុតាង ការពិត និងគោលបំណងដោះស្រាយបញ្ហា វាគឺជាកម្លាំងស្ថាបនា ដែលអាចជួយពង្រឹងស្ថាប័ន និងធ្វើឱ្យប្រព័ន្ធកាន់តែរឹងមាំ។ ផ្ទុយទៅវិញ ការញុះញង់ដែលបំផ្លាញទំនុកចិត្ត បង្កើតភាពខឹងសម្បារ និងបំបែកសង្គម វាគឺជាកម្លាំងបំផ្លាញ ដែលអាចធ្វើឱ្យសង្គមខ្សោយក្នុងពេលវិបត្តិ។

ក្នុងបរិបទវិបត្តិព្រំដែន សាមគ្គីភាពមានន័យថា សង្គមអាចពិភាក្សាបញ្ហាដោយស្មោះត្រង់ ប៉ុន្តែមិនធ្វើឱ្យការរិះគន់ក្លាយជាឧបករណ៍បំបែកជាតិឡើយ។ វាមានន័យថា អាចមានមតិខុសគ្នា ប៉ុន្តែមិនបោះបង់ផលប្រយោជន៍រួម។ សង្គមដែលរឹងមាំ មិនមែនសង្គមដែលគ្មានសម្លេងខុសគ្នាទេ ប៉ុន្តែជាសង្គមដែលអាចគ្រប់គ្រងសម្លេងខុសគ្នា ដោយមិនអនុញ្ញាតឱ្យវាបំផ្លាញមូលដ្ឋានទំនុកចិត្តរបស់ជាតិ។
ដូច្នេះសាមគ្គីភាព មិនមែនជាការបង្ខំឱ្យស្ងៀមស្ងាត់ទេ ប៉ុន្តែជាការរួមគ្នារកទិសដៅតែមួយការពារសន្តិភាព ស្ថិរភាព និងអនាគតជាតិ។

* អ្វីជាជម្រើសរបស់ជាតិក្នុងពេលនេះ?

នៅពេលវិបត្តិកើតឡើង ជាតិមួយតែងតែឈរនៅចំពោះមុខជម្រើសដ៏សំខាន់ពីរ ជម្រើសដែលកំណត់មិនត្រឹមតែស្ថានភាពបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែកំណត់ទិសដៅអនាគតរយៈពេលវែងផងដែរ។

១. រួមគ្នារកដំណោះស្រាយ៖ នេះគឺជាជម្រើសនៃភាពចាស់ទុំនយោបាយ និងការគិតជាយុទ្ធសាស្ត្រ។ វាមានន័យថា សង្គមអាចមានមតិខុសគ្នា ប៉ុន្តែត្រូវយល់ច្បាស់ថា ផលប្រយោជន៍ជាតិ ខ្ពស់ជាងអារម្មណ៍ឯកជន និងការប្រកួតប្រជែងបែបអារម្មណ៍។ ជម្រើសនេះនាំទៅស្ថិរភាព ការពង្រឹងស្ថាប័ន និងការពារជាតិយូរអង្វែង។ វាបង្កើតភាពរឹងមាំពីខាងក្នុង ដែលជាមូលដ្ឋានសម្រាប់ការដោះស្រាយវិបត្តិដោយសន្តិវិធី។

២. បែកបាក់ដោយអារម្មណ៍៖ នេះគឺជាជម្រើសនៃការបាត់បង់វិចារណញ្ញាណ។ នៅពេលអារម្មណ៍រងកំហឹង ឬសម្តីញុះញង់ក្លាយជាអ្នកដឹកនាំសង្គម, ការសម្រេចចិត្តនឹងផ្អែកលើប្រតិកម្មភ្លាមៗ មិនមែនលើការគិតយូរអង្វែងឡើយ។ ជម្រើសនេះនាំទៅភាពខ្សោយ បាត់បង់ទំនុកចិត្ត និងបើកចំហឱ្យមានហានិភ័យអស្ថិរភាព ដែលអាចប៉ះពាល់ដល់សន្តិភាព និងអនាគតជាតិទាំងមូល។

ប្រវត្តិសាស្ត្របង្ហាញថា ប្រទេសដែលអាចឆ្លងកាត់វិបត្តិបាន មិនមែនប្រទេសដែលគ្មានបញ្ហាទេ ប៉ុន្តែជាប្រទេស ដែលអាចគ្រប់គ្រងអារម្មណ៍សង្គម និងរក្សាសាមគ្គីភាពក្នុងពេលតានតឹង។ ដូច្នេះ សំណួរពិតប្រាកដមិនមែនថា នរណាឈ្នះក្នុងការប្រកួតមតិទេ ប៉ុន្តែថាតើយើងជ្រើសយកអនាគតដែលរឹងមាំនិងមានស្ថិរភាព ឬជ្រើសយកភាពបែកបាក់ដែលអាចបំផ្លាញអ្វីៗទាំងអស់? ជម្រើសនេះ មិនស្ថិតនៅលើមនុស្សតែមួយ ឬក្រុមតែមួយទេ វាស្ថិតនៅលើសង្គមយើងទាំងមូល។

សេចក្តីសន្និដ្ឋាន៖ នៅពេលព្រំដែនត្រូវបានយកធ្វើជាឧបករណ៍នយោបាយ ហើយព័ត៌មានក្លែងក្លាយបង្កើតសម្ពាធផ្ទៃក្នុង សាមគ្គីភាពជាតិ មិនមែនជាជម្រើសមួយ ក្នុងចំណោមជម្រើសនានាទេ ប៉ុន្តែវាជាគន្លឹះសន្តិសុខជាតិដ៏សំខាន់បំផុត។ ការការពារជាតិ មិនមែនជាការងាររបស់យោធាប៉ុណ្ណោះឡើយ។ វាជាការងាររបស់សង្គមទាំងមូល ក្នុងការរក្សាទំនុកចិត្ត ការពិត និងវិចារណញ្ញាណសាធារណៈ។ ព្រំដែនអាចត្រូវបានពិភាក្សាតាមផ្លូវច្បាប់ អាចត្រូវបានដោះស្រាយតាមការទូត ប៉ុន្តែបើសង្គមបែកបាក់ ព្រំដែននៃទំនុកចិត្ត ក៏នឹងរលាយបាត់ជាមុនដែរ។
ក្នុងពេលតានតឹងបែបនេះ សំណួរពិតប្រាកដមិនមែនថាតើសត្រូវនៅក្រៅខ្លាំងប៉ុណ្ណាទេ? ប៉ុន្តែថាតើយើងរឹងមាំពីខាងក្នុងប៉ុណ្ណាដែរ? ប្រទេសដែលអាចរក្សាសាមគ្គីភាពក្នុងពេលវិបត្តិ គឺប្រទេសដែលអាចការពារអធិបតេយ្យភាពរបស់ខ្លួនបានយូរអង្វែង។ ប្រទេសដែលបែកបាក់ពីខាងក្នុង ទោះមានអាវុធខ្លាំងប៉ុណ្ណាក៏ដោយ ក៏មិនអាចរក្សាអនាគតរបស់ខ្លួនបានឡើយ៕