អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដាក់ចេញវិធានការគន្លឹះពង្រឹងអនុលោមភាពលើការនាំចេញទំនិញថែរក្សា និងពង្រីកទីផ្សារអន្តរជាតិ រួមទាំងវិធានការជួយលើកស្ទួយការផលិតក្នុងស្រុក (Video inside)
12-02-2026 18:17
(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានលើកឡើងថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានដាក់ចេញវិធានការគន្លឹះមួយចំនួន ក្នុងការពង្រឹងអនុលោមភាពលើការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកបណ្ឌិត គុណ ញឹម បានពន្យល់ថា វិធានការគន្លឹះដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវអនុវត្ត គឺជំរុញឱ្យអ្នកផលិតទាំងអស់ អនុលោមទៅតាមវិធានដើមកំណើតទំនិញ (CO) ដែលកំណត់ដោយប្រទេសនាំចូល និងពង្រឹងការគ្រប់គ្រងធាតុចូលផលិតកម្ម លើការផលិតទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់ការបន្លំដើមកំណើតទំនិញ ក៏ដូចជា ដើម្បីការពារកុំឱ្យប្រទេសដែលនាំចូលចោទប្រកាន់ថា កម្ពុជាមានការក្លែងបន្លំប្រភពដើមនៃទំនិញ។
បើតាម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទំនិញកម្ពុជាភាគច្រើនត្រូវបាននាំចេញទៅកាន់ទីផ្សារអាមេរិក ដែលមានទំហំច្រើនជាងគេ គ្របដណ្តប់ប្រមាណ ៤២% នៃការចេញសរុប ដោយក្នុងឆ្នាំ២០២៥ ការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក មានតម្លៃប្រមាណជាង ១២.៥ពាន់លានដុល្លារ។ ទីផ្សារបន្ទាប់ គឺសហគមន៍អឺរ៉ុប ដែលជាទីផ្សារស្ថិតក្នុងលំដាប់ទី២។
ស្របជាមួយនឹងការពង្រឹងអនុលោមភាព លើការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិនេះ អគ្គនាយកដ្ឋានគយក៏នឹងផ្តល់ការអនុគ្រោះដល់ផលិតក្នុងស្រុកដូចគ្នា ដើម្បីជួយលើកស្ទួយការផលិតក្នុងស្រុក។
លោកបានលើកឡើងថា ការបិទព្រំដែនគោកជាមួយថៃ បានផ្តល់នូវឱកាសសម្រាប់ការផលិតក្នុងស្រុក ក្នុងវិស័យកម្មន្តសាល ដែលផលិតសម្រាប់ជំនួសការនាំចូល ដែលនាំឱ្យផលិតផលដែលធ្លាប់ តែមានការនាំចូលពីក្រៅប្រទេសមានការធ្លាក់ចុះច្រើន។ ចំណែកការផលិតគ្រឿងឧបភោគ និងបរិភោគក៏កើនឡើងគួរឱ្យកត់សម្គាល់។ ដូច្នេះហើយ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានអនុវត្តនូវវិធានការលើកទឹកចិត្តដល់វិស័យកម្មន្តសាល និង SME ជាពិសេសអនុគ្រោះទៅលើការបន្ធូបន្ថយ ឬកាត់បន្ថយទាំងស្រុង នូវពន្ធនាំចូលបរិក្ខា ធាតុចូលផលិតកម្ម និងគ្រឿងចក្រកសិកម្ម ដែលគាំទ្រដល់ផលិតកម្មក្នុងស្រុក៕
សូមស្តាប់ការលើកឡើងរបស់លោកបណ្ឌិត គុណ ញឹម៖














