FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈប្រតិភូខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ អញ្ជើញទស្សនកិច្ច និងជូនពរឆ្នាំថ្មី ជូនដល់ថ្នាក់ដឹកនាំ និងប្រជាជនខេត្តដុងថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

12-02-2026 17:56

(ពោធិ៍សាត់)៖ លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក ញឹក បានខេង អភិបាលរងខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តដុងថាប់ ក្នុងក្រុងMY THO បានដឹកនាំគណៈប្រតិភូខេត្តទាំង២ អញ្ជើញចូលជួបសម្ដែងការគួរសម ក្នុងឱកាសបំពេញទស្សនកិច្ច និងជូនពរឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ឆ្នាំមមី ជូនដល់ថ្នាក់ដឹកនាំ និងប្រជាជនខេត្តដុងថាប់ ដោយបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ លោក ហ្វិញ មិញត្វឹន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តដុងថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងសហការីមួយចំនួនទៀត។

លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក ញឹក បានខេង អភិបាលរងខេត្តពោធិ៍សាត់ បានសម្តែងនូវក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានដឹកនាំគណៈប្រតិភូខេត្តទាំង២ មកចូលរួមអបអរសាទរ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ឆ្នាំមមី ២០២៦ ជូនចំពោះថ្នាក់ដឹកនាំ និងប្រជាជនខេត្តដុងថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាពេលនេះ។ ថ្នាក់ដឹកនាំខេត្តទាំង២ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំខេត្តដុងថាប់ ដែលបានទទួលស្វាគមន៍ និងធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅបំផុត ចំពោះគណៈប្រតិភូទាំងអស់។

ថ្នាក់ដឹកនាំទាំង២ ក៏បានរំលឹកអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងស្អិតរមួត រវាងខេត្តយើងទាំង២ (ខេត្តបន្ទាយមានជ័យ និងខេត្តដុងថាប់, ខេត្តពោធិ៍សាត់ និងខេត្តដុងថាប់) ក្នុងរយៈកាលកន្លងមក បានផ្លាស់ប្ដូរប្រតិភូខេត្ត ទៅសាកសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កងកម្លាំងប្រដាប់អាវុធ និងប្រជាជននៃខេត្តទាំង២ ទៅវិញទៅមក ក្នុងស្មារតីមិត្តភាព សាមគ្គីភាព ជាបងប្អូនល្អ និងជាប្រទេសដែលមានភូមិផងរបងជាមួយ។

លោកស្រី រស់ សុផានី និងលោក ញឹក បានខេង បានជម្រាបជូនថា យើងមិនអាចបំភ្លេចបាន នូវគុណបំណាច់ដ៏ធំធេង របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានបូជា ពលីជីវិត សាច់ស្រស់ ឈាមស្រស់ ដើម្បីរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ថ្នាក់ដឹកនាំទាំង២ សង្ឃឹមថាមិត្តភាពល្អឥតងាករេ រវាងកម្ពុជា-វៀតណាម នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយបន្ថែមទៀត។

ថ្នាក់ដឹកនាំទាំង២ បានលើកឡើងថា ព្រំដែនកម្ពុជា-ថៃ ដែលក្នុងនោះខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ សុទ្ធតែមានភូមិសាស្ត្រជាប់ជាមួយប្រទេសថៃ។ ជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ រាជរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់យន្តការការទូតយ៉ាងសម្បូរបែប ចាប់ពីកម្រិតទ្វេភាគី តំបន់ រហូតដល់អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី និងការពារបូរណភាពទឹកដី។

ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់, លោកស្រី រស់ សុផានី និងលោក ញឹក បានខេង សូមប្រសិទ្ធពរបវរមហាប្រសើរ ជូនចំពោះលោក ហ្វិញ មិញត្វឹន ព្រមទាំងអស់លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្មាភិបាល កងកម្លាំងប្រដាប់អាវុធ នៃគណៈកម្មាធិការប្រជាជនខេត្តដុងថាប់ សូមបានជួបប្រទះនូវពុទ្ធពរទាំង ៤ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

លោក ហ្វិញ មិញត្វឹន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តដុងថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំ និងប្រជាជនខេត្តដុងថាប់ លោកមានសេចក្តីរំភើប និងសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានរបស់គណៈប្រតិភូខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ នាំយកនូវសេចក្តីរាប់អាន និងពរជ័យដ៏មហាប្រសើរមកកាន់ទឹកដីខេត្តដុងថាប់របស់យើងខ្ញុំ។

វត្តមានរបស់ប្រតិភូខេត្តទាំង២នាពេលនេះ មិនត្រឹមតែជាការផ្តល់កិត្តិយស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពដែលបង្ហាញយ៉ាងច្បាស់ ពីចំណងមិត្តភាពដ៏រឹងមាំ រវាងវៀតណាម និងកម្ពុជា និយាយជារួម និងរវាងខេត្តដុងថាប់ ជាមួយខេត្តបន្ទាយមានជ័យ និងពោធិ៍សាត់ និយាយដោយឡែក។ ជាការពិតសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដែលយើងបានពូនជ្រំយ៉ាងល្អប្រសើរលើគ្រប់វិស័យ នាំមកនូវផលប្រយោជន៍ និងការអភិវឌ្ឍសម្រាប់ប្រជាជននៃខេត្តយើងទាំងអស់គ្នា។

លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តដ៏សប្បុរស និងពាក្យពេចន៍ជូនពរដ៏មានអត្ថន័យរបស់លោកស្រី និងលោក អភិបាលរងខេត្ត។ យើងខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្នុងឆ្នាំមមីនេះ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តយើង នឹងកាន់តែរីកចម្រើន ព្រមទាំងសម្តែងនូវការគាំទ្រចំពោះសន្តិភាព ស្ថិរភាព និងការគោរពអធិបតេយ្យភាពរវាងប្រទេសជិតខាង ដើម្បីរក្សានូវសុជីវធម៌ការទូត។

ក្នុងឱកាសឆ្នាំថ្មីមមី ២០២៦នេះ ក្នុងនាមថ្នាក់ដឹកនាំខេត្តដុងថាប់ លោកសូមជូនពរឱ្យ គណៈប្រតិភូទាំងអស់ ទទួលបាននូវសុខភាពល្អបរិបូរណ៍ សុភមង្គល និងទទួលបានជោគជ័យត្រចះត្រចង់គ្រប់ភារកិច្ច និងសូមឱ្យចំណងមិត្តភាព "កម្ពុជា-វៀតណាម" ស្ថិតស្ថេរជាអមតៈ៕