អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងបន្តពង្រឹងលើការនាំចូលផលិតផលសាច់សត្វ ខណៈឆ្នាំ២០២៥ បង្រ្កាប និងដុតចោលជិត ២០តោន (Video inside)
12-02-2026 17:52
(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា នៅឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងពង្រឹងលើការនាំចូលផលិតផលសាច់សត្វ ខណៈឆ្នាំ២០២៥បានបង្រ្កាប និងដុតចោលជិត២០តោន។
ការបញ្ជាក់ឲ្យដឹងបែបនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីកិច្ចប្រជុំលទ្ធផលការងារគយ និងរដ្ឋាករកម្ពុជា ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៥ នៅអគារអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥។
លោកបណ្ឌិត គុណ ញឹម បានបញ្ជាក់យ៉ាងដូច្នេះថា «ការទប់ស្កាត់ការរត់ពន្ធ ផលិតផលពីសត្វ ដែលវាមិនមានគុណភាព គឺជាការងាររបស់យើង ហើយជាវិធានការមួយ ដែលបានដាក់ចេញ នៅក្នុងវេទិការាជរដ្ឋាភិបាល វិស័យឯកជនលើកទី១៩។ យើងបន្តពង្រឹងការងារនេះ»។
លោកបណ្ឌិត គុណ ញឹម បានឲ្យដឹងទៀតថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានធ្វើការយ៉ាងសកម្ម ក្នុងការចុះត្រួតពិនិត្យ ទំនិញជាសត្វបង្កក ដែលជាផលិតផលពីសត្វសាច់ ក្នុងឆ្នាំ២០២៥កន្លងមក បង្ក្រាបបានច្រើនករណីប្រមាណជិត២០តោន ដែលសុទ្ធតែជាទំនិញដែលគ្មានគុណភាព។
បន្ថែមពីនោះទៀត លោកបណ្ឌិត គុណ ញឹម បានគូសបញ្ជាក់ថា ការពង្រឹងពិនិត្យគុណភាពនេះ មិនមែនធ្វើតែដើមទី និងកណ្ដាលទីនោះទេ គឺចុងទី ក៏អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចុះត្រួតពិនិត្យដែរ ខណៈថ្មីៗនេះ គយនិង ក.ប.ប បានចុះរួមគ្នា នៅឃ្លាំងមួយកន្លែង ដែលរក្សាសាច់បង្កក ដោយឃើញថា មានគុណភាព និងបានពន្ធត្រឹមត្រូវ៕
សូមស្តាប់ការលើកឡើងរបស់បណ្ឌិត គុណ ញឹម៖














