រដ្ឋមន្ត្រីថាមពល៖ ការពង្រីកខ្សែតង់ស្យុងខ្ពស់ ធ្វើឱ្យការដាច់ភ្លើងត្រូវកាត់បន្ថយ បើទោះបីកម្ពុជាឈប់ទិញភ្លើងពីថៃ (Video inside)
12-02-2026 17:45
(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានគូសបញ្ជាក់ថា តាមរយៈការពង្រីកខ្សែតង់ស្យុងខ្ពស់របស់អនុស្ថានីយ បានធ្វើឱ្យការដាច់ភ្លើងនៅឆ្នាំ២០២៥ ត្រូវកាត់បន្ថយបើទោះបីកម្ពុជា បានឈប់ទិញភ្លើងពីប្រទេសថៃក៏ដោយ។
ការគូសបញ្ជាក់បែបនេះរបស់លោក កែវ រតនៈ បានធ្វើឡើងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរអគ្គិសនីកម្ពុជា នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
លោករដ្ឋមន្ត្រី កែវ រតនៈ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ការដាច់ភ្លើងនៅឆ្នាំ២០២៥ នៅទូទាំងប្រទេស គឺបានកាត់បន្ថយមកល្អជាង ២ឆ្នាំមុន តាមរយៈការពង្រីកខ្សែតង់ស្យុងខ្ពស់របស់អនុស្ថានីយរបស់បណ្តាញជាតិ ការពង្រីកខ្សែតង់ស្យុងមធ្យម (ខ្សែបញ្ជូនរង) និងការពង្រាយជាច្រើនរបស់អគ្គិសនីកម្ពុជា ក៏ដូចជាសេវាករទាំងអស់ នៅក្នុងក្របខណ្ឌនៃការពង្រឹងខ្សែចាយចែកតង់ស្យុងទាប»។
លោករដ្ឋមន្ត្រី កែវ រតនៈ បានគូសបញ្ជាក់ថា ចំពោះបញ្ហាផ្តល់សេវាអតិថិជន គឺត្រូវបានកែទម្រង់មួយជំហានធំរួចទៅហើយ ជាពិសេសការជ្រោងអនុវត្តនូវបទដ្ឋាន និងបទញ្ញាតិនានារបស់អាជ្ញាធរអគ្គិសនីកម្ពុជា ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យា តាមរយៈបណ្តាញផ្សព្វផ្សាយ និងណ្តាញសង្គមសង្គមជាច្រើនទៀត ព្រមទាំងការប្រើប្រាស់លេខទូរស័ព្ទទាន់ហេតុការណ៍ (Hot line) ជាដើម។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ដូច្នេះ គោលដៅទាំងអស់នេះ គឺជាការពង្រីកនូវគោលដៅផ្គត់ផ្គង់ថាមពលអគ្គិសនីឱ្យបានគ្រប់គ្រាន់។ «ហើយយើងប៉ះនឹងការឈ្លានពានរបស់ថៃ យើងអត់ទៅខ្វល់ជាមួយប្រទេសថៃ ទេ យើងមានភ្លើងប្រើប្រាស់គ្រប់គ្រាន់របស់យើង មានន័យថាសន្តិសុខថាមពល ត្រូវបានពង្រឹងប្រៀបធៀបនឹង២ឆ្នាំមុន មានន័យថា ការការពារបរិស្ថាន បានល្អជាងមុន ដោយសារថាមពលស្អាត ហើយឯករាជ្យភាពលើវិស័យថាមពលរបស់កម្ពុជា ត្រូវបានពង្រឹង»។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី កែវ រតនៈ បានបន្ថែមថា ការចែកផលនៃការកែទម្រង់វិស័យថាមពលអគ្គិសនី បានលាតសន្ធឹងនៅទូទាំងប្រទេស តាមរយៈការកាត់បន្ថយការផ្តាច់ភ្លើង និងតាមរយៈការលាតសន្ធឹងនៃការផ្គត់ផ្គង់ថាមពលអគ្គិសនី ឱ្យបានទូលំទូលាយ បើប្រៀបៀបនឹងភូមិរបស់ប្រជាពលរដ្ឋ ភ្ជាប់ជាមួយបណ្តាញជាតិ ព្រមទាំងខ្នងផ្ទះរបស់ប្រជាពលរដ្ឋជាដើម។
គួររម្លឹកថា ឆ្លើយតបនឹងការគំរាមរបស់ក្រុមជ្រុលនិយមថៃ ដែលចង់ផ្តាច់អគ្គីសនីកម្ពុជានោះ នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្រេចឈប់ទិញអគ្គិសនីពីប្រទេសថៃ ដោយកម្ពុជាធានាការផ្គត់ផ្គង់អគ្គិសនីដោយខ្លួនឯង៕

























