FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមការងាររដ្ឋបាលស្រុកកំពង់លែង ជួបសំណេះសំណាល ជាមួយកងទ័ពនៅសមរភូមិមុខ ដែលឆ្លៀតមកសួរសុខទុក្ខក្រុមគ្រួសារ​ នៅស្រុកកំណើត

12-02-2026 16:39

(កំពង់ឆ្នាំង)៖ លោកអភិបាលស្រុកកំពង់លែង នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារ មានលោកអធិការនគរបាលស្រុក លោកមេបញ្ជាការរងសឹករងស្រុក និងមន្ត្រីរាជការ បានជួបសំណេះសំណាល ជាមួយកងទ័ពជួរមុខ ឈ្មោះលោក កប វណ្ណៈ រស់នៅក្នុងភូមិក្នុង ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្នុងមនោសញ្ចេតនាស្និទ្ធស្នាល និងរាក់ទាក់។

ការចុះជួបសំណេះសំណាល ជាមួយវីរៈកងទ័ព ដែលបានឆ្លៀតពេលដ៏មមាញឹក ក្នុងការការពារបូរណភាពទឹកដី អញ្ជើញមកសួរសុខទុក្ខក្រុមគ្រួសារ នៅស្រុកកំណើត បានរយៈពេលខ្លីខាងលើនេះ លោកអភិបាលស្រុកកំពុងលែង និងក្រុមការងារ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំខេត្ត ប្រកបដោយមនោសញ្ចេតនានឹករលឹក និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់យុទ្ធជន កប វណ្ណៈ ក៏ដូចជាវីរយុទ្ធជនយើងទាំងអស់ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបណ្ដោយព្រំដែនខ្មែរ-ថៃទាំងអស់។

ដើម្បីជាការលើកទឹកចិត្ត និងរួមចំណែកការចំណាយ ក្នុងការធ្វើដំណើរពីសមរភូមិមុខ មកកាន់ស្រុកកំណើត ក្រុមការងាររដ្ឋបាលស្រុកកំពង់លែង ក៏បានឧបត្ថម្ភសម្ភារៈ និងថវិកាជូនដល់យុទ្ធជនរបស់យើងខាងលើនេះ មួយចំនួនផងដែរ៕