អភិបាលខេត្តព្រៃវែង សំណេះសំណាលសិស្សនគរបាលវត្តបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី២០ លើកទី១ ចំនួន១៦៧នាក់
12-02-2026 16:39
(កំពង់ចាម)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូសំណេះសំណាលសិស្សនគរបាលវត្តបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី២០ លើកទី១ ចំនួន ១៦៧នាក់ ជានារី ២៩ នាក់ ដែលនឹងត្រូវសិក្សារយៈពេល៤ខែ នៅសាលានគរបាលជាតិភូមិភាគ២ ព្រមទាំងនាំមកនូវសម្ភារ និងថវិកាមួយចំនួនឧបត្ថម្ភដល់សាលានគរបាលជាតិភូមិភាគ២។
លោកឧត្តមសេនីយ៍ទោ រត្ន័ ចំរើន នាយកសាលានគបាលភូមិភាគ២ ខេត្តកំពង់ចាម បានឲ្យដឹងថា សិស្សនគរបាលដែលមកសិក្សា និងហ្វឹកហាត់នៅពេលនេះមាន៥អង្គភាព រួមមាន
*ទី១៖ នាយកដ្ឋានអក្សរសម្ងាត់ចំនួន ៥នាក់ នារី១នាក់។
*ទី២៖ ស្នងការដ្ឋាននគរបាលខេត្តរកំពង់ចាម ចំនួន ៥២នាក់ នារី៩នាក់។
*ទី៣៖ ស្នងកាដ្ឋាននគរបាលខេត្តព្រៃវែង ចំនួន ៨៩នាក់ នារី ១៣នាក់។
*ទី៤៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចំនួន ៧នាក់ នារី ៣នាក់។
*ទី៥៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ចំនួន ១៤នាក់ នារី ៣នាក់។
ក្នុងឱកាសនោះ លោក សួន សុម៉ាលីន បានថ្លែងថា បណ្តុះបណ្តាលមានគោលបំណង ធ្វើឱ្យសិស្សក្លាយជាមន្ត្រីនគរបាល ដែលមានលក្ខណសម្បត្តិ ស័ក្តិសមជាមន្ត្រីនគរបាលជាតិ មានចំណេះដឹងអំពីវិជ្ជាជីវៈនគរបាល កម្រិតបឋម មានការយល់ដឹងអំពីតួនាទី ភារកិច្ច របៀបរបបការងារ និងកាតព្វកិច្ចរបស់កងកម្លាំង ព្រមទាំងមានស្មារតីទទួលខុសត្រូវលើការងារ គោរព ប្រតិបត្តិច្បាប់ គោរពសិទ្ធិមនុស្ស គោរពវិន័យ មានក្រមសីលធម៌វិជ្ជាជីវៈ និងបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់។
លោក សួន សុម៉ាលីន បានថ្លែងផ្តាំផ្ញើថា ក្នុងនាមជាកងកម្លាំងនគរបាលជាតិ វិន័យគឺជាឆ្អឹងខ្នង។ ត្រូវគោរពបទបញ្ជាផ្ទៃក្នុង និងមានកាយវិការសមរម្យ ត្រូវមានអាកប្បកិរិយាទន់ភ្លន់ជាមួយប្រជាពលរដ្ឋ ប៉ុន្តែត្រូវមានភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់៕


















