FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលស្រុកស្ទោង លើកទឹកចិត្តយុវសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ត្រូវកំណត់ចក្ខុវិស័យ បេសកកម្ម សម្រួចការតាំងចិត្តខ្ពស់និងចាប់ផ្ដើមពីថ្ងៃនេះដើម្បី ទទួលបានលទ្ធផលល្អជាប់គ្រប់ៗគ្នា

12-02-2026 16:38

(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានលើកទឹកចិត្តយុវសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ត្រូវកំណត់ចក្ខុវិស័យ បេសកកម្ម សម្រួចការតាំងចិត្តខ្ពស់និងចាប់ផ្ដើមពីថ្ងៃនេះដើម្បី ទទួលបានលទ្ធផលល្អជាប់គ្រប់ៗគ្នា។

លោក សាយ គឹមឡម ថ្លែងក្នុងពិធីសំណេះសំណាលតម្រង់ទិស ចែករំលែកបទពិសោធន៍ល្អៗ ទាំងការសិក្សា ការងារ និងលើកទឹកចិត្តយុវសិស្សថ្នាក់ទី១២ នៃវិទ្យាល័យជា ស៊ីម ប្រឡាយ ស្ថិតនៅក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។

លោកបានសង្កត់ធ្ងន់ថា ក្នុងនាមជាយុវជនដ៏រឹងមាំ ជាអ្នកសិក្សាដ៏ក្លៀវក្លាត្រូវហ៊ានលំបាកតស៊ូជំនះគ្រប់ឧបសគ្គពីថ្ងៃនេះ មានភាពវាងវៃបំផុត ស្គាល់បរិបទសង្គមឱ្យបានច្បាស់លាស់ ដើម្បីទទួលបាននូវលទ្ធផល នៃការសិក្សាល្អប្រសើរ ទាំងនៅមធ្យមសិក្សានិងវិជ្ជាជីវៈ មហាវិទ្យាល័យជំនាញឯកទេសដែល នឹងនាំឱ្យដំណើរជីវិតយើងមានភាពងាយស្រួល មានជីវភាពល្អប្រសើរជីវិតថ្លៃថ្នូរខ្ពង់ខ្ពស់នៅថ្ងៃក្រោយ។

លោកបញ្ជាក់ថា កូនក្មួយយុវសិស្ស ត្រូវតាំងចិត្តប្តេជ្ញាខ្ពស់ក្នុងការសិក្សារៀនសូត្រធ្វើខ្លួនឱ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ ជាយុវជនល្អ ជាយុវជនគំរូដែលធ្វើតែអំពើល្អសព្វបែបយ៉ាងជាមួយមិត្ត ហើយត្រូវសេពគប់តែជាមួយ កល្យាណមិត្ត ដែលនាំឱ្យយើងបានល្អប្រសើរខ្ពង់ខ្ពស់ហើយត្រូវជៀសឱ្យឆ្ងាយពីបាបមិត្តដែលនាំឱ្យយើងអាប់អោន ទាំងនៅក្នុងសាលារៀននិងនៅក្នុងសង្គមទាំងមូល។

លោក សាយ គឹមឡម បានលើកទឹកចិត្តបន្ថែមទៀតដល់យុវសិស្សត្រូវខិតខំសិក្សារៀនសូត្រឱ្យអស់ពីលទ្ធភាពនិងប្រើស្មាតហ្វូនឱ្យបានត្រឹមត្រូវគោលដៅសិក្សារៀនសូត្រ ចាកឆ្ងាយពី អំពើអបាយមុខទាំងឡាយជាពិសេស នៅឱ្យឆ្ងាយពីក្មេងទំនើង ពីគ្រឿងញៀន ហើយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួនបំផុតនូវច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីសុខសុវត្ថិភាពរាល់ពេលធ្វើដំណើរទាំងខ្លួនឯងនិងមនុស្សផងនានានៅលើដងផ្លូវ៕