FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដឹកនាំកិច្ចប្រជុំពិភាក្សាករណីសំណើសុំចុះបញ្ជីដីរដ្ឋលើទីតាំងដីអាងទឹក និងព្រែកចំនួន១២ទីតាំង ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង

12-02-2026 16:33

(ស្វាយរៀង)៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦​ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាករណីសំណើសុំចុះបញ្ជីដីរដ្ឋលើទីតាំង ដីអាងទឹក និងព្រែកចំនួន១២ទីតាំង ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។

កិច្ចប្រជុំនេះមានការចូលរួមពីលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោក ប៉េង​ ពោធិ៍សា អភិបាលខេត្តស្វាយរៀង​ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំបានពិនិត្យពិភាក្សាលើខ្លឹមសារសំខាន់ៗដែលមន្ទីរជំនាញពាក់ព័ន្ធ បានរួមគ្នាកំណត់ការវាស់វែងកន្លងមក​ដោយផ្តោតលើទិដ្ឋភាពជាក់ស្តែងទៅតាមទីតាំងភូមិសាស្ត្រនៃផ្ទៃអាងទឹក ទន្លេ ព្រែក អូរ ប្រឡាយ បឹងបួរ និងការកាត់ឆ្វៀលជូនដល់ប្រជាពលរដ្ឋ​ ដើម្បីរក្សាបាននូវផលប្រយោជន៍រួមទៅថ្ងៃអនាគត។

កិច្ចពិភាក្សានេះ ក៏ពិនិត្យលើលទ្ធភាពជីកស្តារឡើងវិញ និងជួយបង្កើននូវប្រភពទឹកគ្រប់គ្រាន់សម្រាប់ខេត្តស្វាយរៀង ទៅថ្ងៃអនាគតសម្រាប់ប្រជាពលរដ្ឋ និងដល់កូនចៅជំនាន់ក្រោយ​ ជាពិសេសកាត់បន្ថយបញ្ហាទំនាស់ដីធ្លីក្នុង សហគមន៍ និងការទន្ទ្រានយកដីដែលជាទ្រព្យសម្បត្តិរដ្ឋ​ ធ្វើឲ្យមានប្រព័ន្ធផ្លូវទឹកគ្រប់គ្រាន់ឡើងវិញ និងបង្កើនបរិមាណស្តុកទឹកដើម្បីប្រើប្រាស់ក្នុងវិស័យកសិកម្ម​ ថែរក្សាប្រព័ន្ធបរិស្ថាន អេកូឡូស៊ី និងជាជម្រកត្រីធម្មជាតិជាដើម។

សូមជម្រាបថា អាងទឹក និងព្រែកទាំង១២ទីតាំង មានផ្ទៃដីសរុបទំហំ ៦២៣៥,៩៣ហិកតា។ កន្លងមកមានការកាត់ឆ្វៀលចេញពីអាងទឹកនូវក្បាលដីដែលបានចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ និងចេញបណ្ណកម្មសិទ្ធិរួច មានផ្ទៃដី សរុបទំហំ ៣២,១៧ ហិកតា និងកាត់ហេដ្ឋារចនាសម្ព័ន្ធ មានផ្ទៃដីសរុបទំហំ ៤៣,៤១ ហិកតា គណៈកម្មាធិការអាងទន្លេខេត្តស្វាយរៀង បានស្នើសុំកាត់ឆ្វៀលក្បាលដីអាស្រ័យផលចំនួន ៨៥៥ ក្បាលដី ទំហំសរុប ៣៧២,២១ ហិកតា ជូនប្រជាពលរដ្ឋ ចំនួន ៨៥៥គ្រួសារ និង រក្សាទុកផ្ទៃអាងទឹក និងព្រែក ទំហំសរុប ៥ ៧៨៨,១៤ ហិកតា ចុះបញ្ជីជូនក្រសួងធនធានទឹក និងឧតុនិយម៕