យុវជន ផា ស៊ីវផេង រៀនចប់អនុបណ្ឌិតច្បាប់ និងទទួលអាហារូបករណ៍ទៅរៀនក្រៅប្រទេស តែលះបង់ចោល សុខចិត្តចូលបម្រើទ័ពការពារទឹកដី និងឈរជើងនៅសមរភូមិប្រាសាទខ្នា (Video inside)
12-02-2026 16:28
(ភ្នំពេញ)៖ លោកស្រី ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញនូវការគោរព និងកោតសរសើរយុវជន ផា ស៊ីវផេង ដែលលះបង់ឱកាសទទួលបានអាហាររូបករណ៍ ដើម្បីបន្ដការសិក្សានៅក្រៅប្រទេស ក្រោយចប់អនុបណ្ឌិតច្បាប់នៅក្នុងស្រុក ដោយសុខចិត្តចូលបម្រើជាកងទ័ពជួរមុខវិញ ដើម្បីការពារទឹកដី ក្នុងពេលប្រទេសមានសង្គ្រាមព្រំដែនជាមួយថៃ។
ក្នុងបទបង្ហាញស្តីពី យុវជន និងការកសាងស្មារតីស្នេហាជាតិ នៃសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦, លោកស្រី ស្រូយ សុជាតិ បានលើកឡើងថា ផា ស៊ីវផេង កាលពីឆ្នាំ២០១៩ គឺជាយុវជនស្ម័គ្រចិត្ដម្នាក់នៅក្នុងកម្មវិធី «ជុំរំយុវជនជាសកល» ដែលបានកើតឡើង នៅខេត្ដព្រះវិហារ។
លោកស្រី ស្រូយ សុជាតិ បានរម្លឹកទៀតថា នៅក្នុងកម្មវិធីនោះមានការចូលរួមបណ្ដុះបណ្ដាលពីបងៗកងទ័ពដែលនៅប្រចាំទិសខេត្ដព្រះវិហារធ្វើឲ្យយុវជន ផា ស៊ីវផេង យល់ដឹងថា ការចូលរួមចំណែកក្នុងការការពារប្រទេសជាតិ គឺជារឿងសំខាន់។
លោកស្រី បានថ្លែងថា «បើទោះបីជា ស៊ីវផេង រឿងចប់ដល់អនុបណ្ឌិតច្បាប់ក៏ដោយ និងទទួលបានអាហាររូបករណ៍ទៅរៀនបន្ដ នៅក្រៅប្រទេសក៏ដោយ ប៉ុន្ដែនៅពេលប្រទេសកម្ពុជា ទទួលនូវការឈ្លានពាន គាត់បានស្ម័គ្រខ្លួន ចូលធ្វើជាទ័ពជួរមុខ កាន់កាំភ្លើងការពារប្រទេសជាតិ»។
វីរៈកងទ័ពវ័យក្មេង ផា ស៊ីវផេង ដែលបម្រើការងារនៅអង្គភាពកងការពារព្រំដែនលេខ៤០២ យោធភូមិភាគទី៤ ឈរជើងការពារទឹកដីនៅប្រាសាទខ្នា ខេត្តឧត្តរមានជ័យ។
វីរៈកងទ័ពរូបនេះ បានឆ្លងកាត់ការប្រយុទ្ធជាមួយទាហានថៃទាំងសង្គ្រោមលើកទី១ កាលពីថ្ងៃទី២៤ ខែកក្កដា និងលើកទី២ កាលពីថ្ងទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥។ សម្រាប់ការប្រយុទ្ធយ៉ាងស្វិតស្វាញនៅក្នុងសង្គ្រាមលើកទី២ វីរៈកងទ័ពដែលមានអាយុជាង២០ឆ្នាំរូបនេះ បានរងរបួស និងត្រូវផ្សេងពុល ហើយត្រូវបានបញ្ជូនមកព្យាបាលនៅភ្នំពេញ។
ក្រោយព្យាបាលជាសះស្បើយ ស៊ីវផេង ដែលមានស្រុកកំណើតនៅខេត្តតាកែវ បានវិលត្រឡប់ទៅសមរភូមិវិញ និងកំពុងឈរជើងនៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ។
ឆ្លៀតក្នុងឱកាសនេះ លោកស្រី ស្រូយ សុជាតិ ក៏សូមគោរពដឹងគុណអស់លោក-លោកស្រី ជាពិសេសវីរៈកងទ័ព និងក្រុមគ្រួសារកងទ័ព ដែលមានស្មាតីលះបង់ សាច់ស្រស់ ឈាមស្រស់ ការពារប្រទេសជាតិកម្ពុជា៕









