ហ្សកហ្ស៊ី ចង់ឱ្យមានការផ្ដល់ទិដ្ឋាការដល់ប្រជាជនកម្ពុជានៅពេលមកដល់ហ្សកហ្ស៊ី ខណៈបច្ចុប្បន្នត្រូវទៅស្នើសុំនៅម៉ាឡេស៊ី
11-02-2026 19:29
(ប៊ីលីស៊ី)៖ ក្នុងជំនួបពិភាក្សាការងារ ជាមួយ រដ្ឋមន្ត្រី ជា វ៉ាន់ដេត មន្រ្តីជាន់ខ្ពស់របស់ហ្សកហ្ស៊ី មានបំណងរៀបចំឱ្យមានការផ្ដល់ទិដ្ឋាការនៅពេលមកដល់ហ្សកហ្ស៊ី (Visa On Arrival) សម្រាប់ប្រជាជនកម្ពុជា ដែលបច្ចុប្បន្នត្រូវទៅស្នើសុំដោយផ្ទាល់នៅស្ថានទូតហ្សកហ្ស៊ី នៅប្រទេសម៉ាឡេស៊ី។
នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបន្តដឹកនាំគណៈប្រតិភូដើម្បីផ្លាស់ប្ដូរបទពិសោធផ្នែកបរិវត្តកម្មរដ្ឋាភិបាលឌីជីថលជាមួយបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធនៅប្រទេសហ្សកហ្ស៊ី។ តបតាមការអញ្ជើញរបស់ក្រសួងការបរទេសហ្សកហ្ស៊ី ជាក្រសួងសម្របសម្រួលដំណើរទស្សនកិច្ចនេះ លោក ជា វ៉ាន់ដេត បានជួបពិភាក្សាការងារជាមួយ លោក Alexander Khvtisiashvili រដ្ឋមន្ត្រីស្ដីទីក្រសួងការបរទេសហ្សកហ្ស៊ី។
នាឱកាសនេះ Alexander Khvtisiashvili បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត និងគណៈប្រតិភូក្រសួងដែលបានអញ្ជើញមកធ្វើទស្សនកិច្ចនៅប្រទេសហ្សកហ្ស៊ី និងបានថ្លែងអំពីសេចក្ដីសង្ឃឹមក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ទាំងក្របខណ្ឌទ្វេភាគីនិងពហុភាគី តាមរយៈកិច្ចសហការប្រតិបត្តិការឌីជីថល។
លោក ជា វ៉ាន់ដេត បានចែករំលែកអំពីវឌ្ឍនភាពវិស័យឌីជីថលនិងរដ្ឋាភិបាលឌីជីថលនៅកម្ពុជា ដែលបានធ្វើឱ្យកម្ពុជាកាន់តែមានការទទួលស្គាល់លើឆាកអន្តរជាតិ និងបានផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរពីបរទេសក្នុងការធ្វើដំណើរទៅកម្ពុជា។ ជាលទ្ធផលនៃកិច្ចពិភាក្សា ភាគីហ្សកហ្ស៊ីមានបំណងរៀបចំឱ្យមានការផ្ដល់ទិដ្ឋាការនៅពេលមកដល់ហ្សកហ្ស៊ី (Visa On Arrival) សម្រាប់ប្រជាជនកម្ពុជា ដែលបច្ចុប្បន្នត្រូវទៅស្នើសុំដោយផ្ទាល់នៅស្ថានទូតហ្សកហ្ស៊ី នៅប្រទេសម៉ាឡេស៊ី៕




