FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ប្ដេជ្ញារួមគ្នាបន្តបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងបន្តការអភិវឌ្ឍខេត្តនេះ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ

11-02-2026 17:01

(កំពង់ឆ្នាំង)៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការថ្នាក់ដឹកនាំក្រសួងស្ថាប័ន និងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត-ក្រុង-ស្រុក ឃុំ-សង្កាត់ សរុបចំនួន ៣៦៩រូបផងដែរ។

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង មានតួនាទីតម្រង់ទិសគាំទ្រ និងជំរុញការលើកកម្ពស់សមាសភាពស្ថាប័ននៅមូលដ្ឋាន ដើម្បីពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មូលដ្ឋានក្នុងការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របច្ចកោណដំណាក់ការទី១ គោលនយោបាយនិងកម្មវិធីកំណែរទម្រង់នានារបស់រាជរដ្ឋាភិបាល សម្តៅធ្វើការអភិវឌ្ឍមូលដ្ឋានការលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងការដោះស្រាយឆ្លើយតបទៅនឹងសំណើសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

នៅក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារខាងលើនេះ លោក ស៊ុន សុវ ណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឡើងរាយការណ៍ជូនអង្គពិធី ស្ដីអំពីលទ្ធផលការងារដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំរបស់លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ដោយរដ្ឋបាលខេត្តម្រេចបានការងារសំខាន់ៗជាច្រើន ក្នុងនោះរួមមាន ការងារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ, លើកកម្ពស់ការអនុវត្តច្បាប់, បានជំរុញការដោះស្រាយនូវគ្រប់តម្រូវការរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា, ការចុះបញ្ជីដីធ្លាយជូនពលរដ្ឋ, ការអភិវឌ្ឍវិស័យកសិកម្មដូចជាការការបង្កើនទិន្នផលស្រូវ និងការទប់ស្កាត់បទល្មើសនេសាទ, ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងការដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំងក៏បានកែលម្អវិស័យអប់រំ, សុខាភិបាល, ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម តាមរយៈការកសាងផ្លូវ និងរៀបចំផែនការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ទេសចរណ៍ និងកសិកម្ម។ រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏បានលើកទិសដៅសម្រាប់ការអនុវត្តនៅឆ្នាំបន្ត ដើម្បីសម្រេចបាននូវលទ្ធផលល្អប្រសើរជាច្រើនបន្ថែមទៀត ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាអាតិភាពដែលរួមមានការលើកកម្ពស់ប្រសិទ្ធភាពសេវាសាធារណៈ ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងជំរុញការដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាផងដែរ។

លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងសមត្ថកិច្ចខេត្តកំពង់ឆ្នាំងគ្រប់លំដាក់ថ្នាក់ ដែលបានយកអស់ពីកម្លាំងកាយចិត្តក្នុងការការពារ និងបម្រើដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពជាពិសេស គឺគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ ខេត្តកំពង់ឆ្នាំងក៏មានការអភិវឌ្ឍលើគ្រប់វិស័យ បង្កើតបាននូវសមិទ្ធផលនានាជាច្រើនខាងលឿននេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលមានការសហការគ្នាយ៉ាងល្អប្រសើរ ក្នុងនោះរួមទាំងការដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលាផងដែរ។

លោកបណ្ឌិតសភាចារ្យ ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានឲ្យបន្តខិតខំធ្វើការបម្រើប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាដែលពួកគាត់ជួបប្រទះ ដើម្បីឲ្យសមនឹងការទុកចិត្តរបស់ប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាគ្រប់អាណត្តិកន្លងមក

លោកបណ្ឌិតបានគូសបញ្ជាក់បន្ថែមថា ភាពជោគជ័យនៃគោលនយោបាយអភិវឌ្ឍ គឺមិនមែនត្រឹមតែផែនការនោះទេ គឺជាសមិទ្ធផលជាក់ស្ដែង ដែលផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋពិតប្រាកដ ជាពិសេសការផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋទទួលបានប្រាក់ចំណូល ខ្ពស់ជាងមុន និងទទួលបាននូវអត្ថប្រយោជន៍បន្ថែម ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល។ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអធិបតីជានាយករដ្ឋមន្ត្រីបន្តវេន បាននិងកំពុងបន្តដឹកនាំនាវាកម្ពុជា និងធានាបាននិរន្តរភាពជាតិសន្តិភាព ស្ថិរភាពដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់៕