អភិបាលខេត្តរតនគិរី អញ្ជើញប្រកាសចូលកាន់តំណែងអភិបាលស្រុកតាវែង
11-02-2026 16:08
(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញប្រកាសចូលមុខតំណែងអភិបាលស្រុកតាវែង។
លោក ហេង សាវឿន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ត្រូវបានផ្ទេរពីអភិបាលស្រុកវើនសៃ ឲ្យកាន់មុខតំណែងជាអភិបាលស្រុកតាវែង ហើយលោក សូ វណ្ណធិន ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ពីអភិបាលស្រុកតាវែង ឱ្យកាន់មុខតំណែងជាអភិបាលស្រុកវើនសៃវិញ។
អភិបាលខេត្ត បានលើកឡើងថា ការតែងតាំង ត្រូវបានអនុវត្តន៍ទៅតាមគោលការណ៍ច្បាប់ដែលបានកំណត់សម្រាប់អាណត្តិរបស់គណ:អភិបាលក្រុងស្រុក។ លោកបានណែនាំឲ្យអភិបាលស្រុកថ្មី យកចិត្តទុកដាក់ក្នុងការងារ ហើយត្រូវគិតពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។
លោកណែនាំឲ្យត្រូវពង្រឹងកិច្ចសហការ និងទំនាក់ទំនងជាមួយស្ថាប័ន អង្គភាព នានាឲ្យបានល្អប្រសើរ ពង្រឹងការងារផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ទាន់ពេលវេលា ប្រកបដោយតម្លាភាព ហើយក្នុងនាមអ្នកផ្តល់សេវា គណៈអភិបាលស្រុកត្រូវ ចុះជួបជាមួយប្រជាពលរដ្ឋឲ្យបានញឹកញាប់ ដើម្បីស្វែងយល់អំពីសុខទុក្ខ និងតម្រូវការរបស់ប្រជាពលរដ្ឋ៕










