FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ថានទូតកម្ពុជានៅកូរ៉េ ស្នើសមាជិកសភាក្រុងអាសាន់ ដើម្បីចងសម្ព័ន្ធមេត្រីភាព និងជំរុញការគាំទ្រពលរដ្ឋខ្មែរ

11-02-2026 16:05

(កូរ៉េខាងត្បូង)៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Bok Ki-wang សមាជិកសភាក្រុងអាសាន់ នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល។

លោកឯកអគ្គរាជទូត បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា និងក្រុមការងារចំពោះកិច្ចកម្ពុជា-កូរ៉េ ក្នុងការបង្រ្កាបឧក្រិដ្ឋកម្មអនឡាញ ក្នុងប្រទេសកម្ពុជា ដែលគិតមកដល់ថ្ងៃនេះ កម្ពុជាបានចាប់ និងបញ្ជូនឧក្រិដ្ឋជនកូរ៉េជាច្រើននាក់ ត្រលប់មកប្រទេសកូរ៉េវិញ។

ជាការឆ្លើយតប លោក Bok Ki-wang បានលើកឡើងថា រដ្ឋាភិបាល និងប្រជាជនកូរ៉េយល់ច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលទាំងសងខាង ក្នុងការធ្វើឱ្យស្ថានការណ៍ ត្រលប់ទៅរកប្រក្រតីភាពវិញ។ លោកបានបន្តថា ស្ថានភាពពេលនេះមានភាពប្រសើរជាងមុនច្រើន ហើយលោកសង្ឃឹមថា នឹងអាចទៅទស្សនាប្រាសាទអង្គរវត្តរបស់កម្ពុជាក្នុងពេលឆាប់ៗនេះ។

ឆ្លៀតក្នុងឱកាស នៃជំនួបនេះផងដែរ លោកឯកអគ្គរាជទូត បានបន្ថែមថា ក្រុងអាសាន់មានបងប្អូនសហគមន៍ខ្មែររស់នៅច្រើន ហើយកន្លងមកពលរដ្ឋខ្មែរនៅក្រុងអាសាន់ បានរៀបចំព្រឹត្តិការណ៍ធំៗជាច្រើន ដូចជាកម្មវិធីសង្ក្រាន្ត និងកម្មវិធីប្រកួតបាល់ទាត់ ជាដើម។

លោកឯកអគ្គរាជទូត បានស្នើសុំ លោកBok Ki-wang ផ្តល់ការសហការសម្របសម្រួលក្នុងការរៀបចំកម្មវិធី និងអញ្ជើញចូលរួមជាមួយស្ថានទូត និងសហគមន៍ខ្មែរក្នុងកម្មវិធីផ្សេងៗ នៅក្រុងអាសាន់។ លើសពីនេះ លោកបានស្នើលោក Bok Ki-wang ពិនិត្យលទ្ធភាពក្នុងការចងសម្ព័ន្ធមេត្រីរវាងក្រុងអាសាន់ និងក្រុង ឬខេត្តណាមួយរបស់ប្រទេសកម្ពុជាផងដែរ៕