FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ចូលរួមវេទិកាកំពូលរដ្ឋាភិបាលពិភពលោក នៅទីក្រុងឌូបៃ ដើម្បីបង្ហាញយុទ្ធសាស្ត្រជាតិ បញ្ញាសិប្បនិម្មិត និងវឌ្ឍនភាពរដ្ឋាភិបាលឌីជីថលកម្ពុជា

11-02-2026 15:58

(ឌូបៃ)៖ លោក សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) បានអញ្ជើញចូលរួមជាវាគ្មិន​ ក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ ស្តីពី «បញ្ញាសិប្បនិម្មិតសម្រាប់ រដ្ឋាភិបាលអនាគត» (AI for Future Governments) ដែលជាផ្នែកមួយ នៃកិច្ចប្រជុំកំពូលរដ្ឋាភិបាលពិភពលោក (World Governments Summit) ឆ្នាំ២០២៦ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត អារ៉ាប់រួម នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងកិច្ចពិភាក្សានេះ លោកបានចែករំលែកអំពី «សេចក្តីព្រាងយុទ្ធសាស្ត្រជាតិ ស្តីពីបញ្ញាសិប្បនិម្មិត (AI)» របស់កម្ពុជា ដែលផ្តោតសំខាន់លើការកសាងមូលដ្ឋានគ្រឹះ ដ៏រឹងមាំសម្រាប់បរិវត្តកម្មឌីជីថល។

លោកបានគូសបញ្ជាក់ពីសសរទ្រូងយុទ្ធសាស្ត្រចំនួន ៣ សំខាន់ៗដែលមានចែងក្នុងគោលនយោបាយនេះ រួមមាន៖

១៖ ការអភិវឌ្ឍធនធានមនុស្ស៖ ការបណ្តុះបណ្តាលជំនាញ AI និងវិទ្យាសាស្ត្រទិន្នន័យ និងការធ្វើសមាហរណកម្ម AI ទៅក្នុងកម្មវិធីសិក្សា។
២៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងទិន្នន័យ៖ ការពង្រឹងប្រព័ន្ធគ្រប់គ្រងទិន្នន័យជាតិ ការបង្កើតថ្នាលទិន្នន័យបើកចំហ និងហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រ ដើម្បីគាំទ្រដល់ការស្រាវជ្រាវ និងនវានុវត្តន៍។
៣៖ ការជំរុញការប្រើប្រាស់ AI ក្នុងរដ្ឋាភិបាល៖ ការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងសេវាសាធារណៈ ប្រកបដោយក្រមសីលធម៌ និងអភិបាលកិច្ចល្អ ដើម្បីបង្កើនប្រសិទ្ធភាពសេវាសាធារណៈ។
៤៖ ការជំរុញការប្រើប្រាស់ AI តាមវិស័យអាទិភាព៖ ការដាក់បញ្ចូលបច្ចេកវិទ្យា AI ទៅក្នុងវិស័យសំខាន់ៗដូចជា អប់រំ សុខាភិបាល កសិកម្ម ឧស្សាហកម្ម និងសហគ្រាសធុនតូចនិងមធ្យម (MSMEs) ដើម្បីបង្កើនផលិតភាព និងដោះស្រាយបញ្ហាជាក់ស្តែងនៅក្នុងសង្គម។

ទន្ទឹមនឹងនេះ លោកក៏បានបង្ហាញពីវឌ្ឍនភាពជាក់ស្តែងនៃការកសាងរដ្ឋាភិបាលឌីជីថល តាមរយៈជោគជ័យនៃការដាក់ឱ្យប្រើប្រាស់ «ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល Verify.gov.kh»

លោកបានគូសបញ្ជាក់ថា ថ្នាលនេះ មិនត្រឹមតែជាស្តង់ដារជាតិ សម្រាប់ការលុបបំបាត់ឯកសារក្លែងក្លាយប៉ុណ្ណោះទេ ប៉ុន្តែបច្ចុប្បន្នបានពង្រីកវិសាលភាព កិច្ចសហប្រតិបត្តិការទៅកាន់បណ្តាប្រទេសក្នុងតំបន់ រួមមាន ប្រទេសហ្វីលីពីន ឡាវ និងទីម័រខាងកើត ផងដែរ។

ក្នុងឱកា https://Verify.gov.khសនោះដែរ លោកបានអញ្ជើញតំណាងប្រទេសផ្សេងទៀត ឱ្យពិនិត្យលទ្ធភាពក្នុងការសហការតភ្ជាប់ ឬប្រើប្រាស់បច្ចេកវិទ្យានៃថ្នាល Verify.gov.kh ដើម្បីជំរុញការផ្លាស់ប្តូរទិន្នន័យឆ្លងដែន និងបង្កើនប្រសិទ្ធភាពសេវាសាធារណៈនៅក្នុងតំបន់ និងសកលលោក។

តាមរយៈកិច្ចប្រជុំនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បន្តប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រែក្លាយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងនវានុវត្តន៍ឌីជីថល ឱ្យទៅជាប្រយោជន៍ជាក់ស្តែងសម្រាប់សង្គមជាតិ៕