សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បើកវគ្គពង្រឹងសមត្ថភាពផ្នែកការងារគ្រប់គ្រង របាយការណ៍ និងហិរញ្ញវត្ថុ (Video inside)
11-02-2026 15:52
(ព្រៃវែង)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានពង្រឹងសមត្ថភាពផ្នែកការងារគ្រប់គ្រង របាយការណ៍ និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពលោក សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្ត តំណាងលោក សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត ដែលមានការអញ្ជើញចូលរួម ពីលោកស្រីបណ្ឌិត នាយិកាសាខាខេត្ត ក្រុមប្រតិបត្តិសាខា លោក លោកស្រី អនុប្រធាន ហេរញ្ញិក លេខាធិការគណៈកម្មាធិការ មន្រី្តប្រចាំការ និងបុគ្គលិកកិច្ចសន្យាអនុសាខាក្រុង-ស្រុក ទាំង១៣សរុបអ្នកចូលរួមចំនួន ៦៧នាក់ ស្រី ៣២នាក់ នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង។
ក្នុងឱកាសនោះ លោកអនុប្រធានអចិន្ត្រៃយ៍ បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាពិសេស លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសគណៈកម្មាធិការសាខាខេត្ត ក៏ដូចជាលោក សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត និងសូមឱ្យសិក្ខាកាមចូលរួមវគ្គ ក្នុងវគ្គទាំងអស់ ត្រូវខិតខំរៀនសូត្រ តាមដាន កត់ចំណាំ ពិសេសចូលរួមជាយោបល់ ផ្លាស់ប្តូរបទពិសោធន៍ ឬសំណួរ ដល់អ្នកសម្របសម្រួលវគ្គ ឱ្យបានផុលផុស។
គោលបំណងនៃវគ្គគឺដើម្បីលើកកម្ពស់ចំណេះដឹង សមត្ថភាព និងជំនាញ ដល់ក្រុមការងារអនុសាខាក្រុង-ស្រុក ទាំង១៣ ផ្នែកការងារគ្រប់គ្រង របាយការណ៍ និងហិរញ្ញវត្ថុ ឱ្យកាន់តែ មានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព។
ក្រោមការដឹកនាំ និងសម្របសម្រួលដោយលោកស្រីបណ្ឌិត អ៊ុក មាសសូលីណា នាយិកាសាខាខេត្ត បានដឹកនាំក្រុមការងារ ធ្វើបទបង្ហាញលើប្រធានបទដូចខាងក្រោម៖
* ការងារគ្រប់គ្រង របាយការណ៍ និងហិរញ្ញវត្ថុ
* ការកសាងផែនការសកម្មភាព និងផែនការហិរញ្ញវត្ថុ ឆ្នាំ២០២៦
* ការថែរក្សាឯកសារឌីជីថល និងប្រព័ន្ធបណ្តាញសង្គម
* គន្លឹះ នៃការថតវីដេអូ (VN Video Editor)
* ការងារគ្រប់គ្រងគ្រោះមហន្តរាយ និងសុខភាព
* ការងារយុវជនកាកបាទក្រហមកម្ពុជា និងក្លឹបយុវជន
នាឱកាសបិទវគ្គ លោកស្រីបណ្ឌិតនាយិកាសាខាខេត្ត បានផ្តាំផ្ញើដល់លោក លោកស្រី អនុប្រធាន ហេរញ្ញឹក លេខាធិការគណៈកម្មាធិការ មន្រី្តប្រចាំការ និងបុគ្គលិកកិច្ចសន្យា អនុសាខាក្រុង-ស្រុក ទាំង១៣ សូមយកខ្លឹមសារក្នុងមេរៀននីមួយៗ ទៅអនុវត្តន៍ការងារក្នុងអនុសាខាអោយមានប្រសិទ្ធភាព ពិសេសត្រូវចែករំលែកចំណេះដឹងដែលបានរៀនសូត្រនេះ ដល់ក្រុមការងារអនុសាខារបស់ខ្លួនផងដែរ៕



























