វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្តេជ្ញាសហការគាំទ្រក្រសួងទេសចរណ៍ លើការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា
11-02-2026 15:46
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានអនុញ្ញាតជូនលោកសាស្រ្តាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (Economic Research Institute for ASEAN and East Asia: ERIA) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍រវាងក្រសួងទេសចរណ៍ និងវិទ្យាស្ថាន។
លោករដ្ឋមន្រ្តី បានជម្រាបជូនលោក Tetsuya Watanabe ប្រធាននៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) អំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងវិទ្យាស្ថាន ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១២ ដោយគិតត្រឹមឆ្នាំ២០២៦នេះ គឺមានរយៈពេល១៤ឆ្នាំ។ តាមរយៈទំនាក់ទំនងដ៏ល្អនេះ ដែលបានប្រែក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើផ្នែកផ្សេងៗទៀត។
លោកបន្តថា ជាពិសេសក្នុងវិស័យទេសចរណ៍ ដែលបានទទួលកិច្ចសហប្រតិបត្តិការគាំទ្រជាបន្តបន្ទាប់ ពីវិទ្យាស្ថានរហូតមក។ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនលោកប្រធានវិទ្យាស្ថាន និងវិទ្យាស្ថានចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ និងការគំាទ្រក្រសួងទេសចរណ៍ទាំងនៅក្នុងប្រទេស ក្របខ័ណ្ឌអាស៊ាន តំបន់ និងអន្តរជាតិរហូតមក។
លោកសាស្ត្រាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) បានថ្លែងអំពីចំណាប់អារម្មណ៍លើកការធានាបាននូវកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយដែលកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ធានាបានគឺពិតជាកត្តាដ៏សំខាន់ និងចម្បងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ជាពិសេសគឺវិស័យទេសចរណ៍។
លោកសាស្រ្តាចារ្យប្រធានវិទ្យាស្ថាន បានគូសបញ្ជាក់ពី សក្តានុពលទេសចរណ៍ដ៏សំបូរបែបដែលកម្ពុជាមាន គួបផ្សំជាមួយស្ថានភាពភូមិសាស្រ្តពិតផ្តល់នូវលក្ខណៈល្អប្រសើរដល់ការអភិវឌ្ឍទេសចរណ៍ និងចូលរួមចំណែកជំរុញសេដ្ឋកិច្ចកម្ពុជា ឱ្យមានសន្ទុះបន្ថែមទៀត។
តាមរយៈជំនួបពិភាក្សាការងារផ្លាស់ប្តូរទស្សនៈប្រកបដោយលទ្ធផលជាផ្លែផ្កា គូភាគីប្តេជ្ញាបន្តពង្រីកកិច្ចសហប្រតិបត្តិការ ដោយភាគីវិទ្យាស្ថានបានទទួលពិនិត្យលទ្ធភាពលើសំណើ សុំជំនួយគំាទ្របច្ចេកទេសអភិវឌ្ឍន៍វិស័យទេសចរណ៍ពីក្រសួងទេសចរណ៍៕










