FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តព្រះវិហារ នាំអំណោយប្រគល់ជូនវីរៈកងទ័ពជួរមុខ កំពុងឈរជើងការពារបូរណភាពទឹកដីតាមបន្ទាត់ព្រំដែន

11-02-2026 15:44

(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោកស្រី សុខា គងពិសី នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញនាំយកអំណោយរួមមាន៖ តង់ ក្រមា និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន ប្រគល់ជូនដល់វីរៈកងទ័ព ជួរមុខ អង្គភាពកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដីតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

ក្នុងឱកាសនោះលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះវីរៈកងទ័ពទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ឈរជើងការពារអធិបតេយ្យភាព និងបូរណភាពទឹកដីជាតិដោយមិនខ្លាចនឿយហត់។

អភិបាលខេត្តព្រះវិហារ បានថ្លែងបញ្ជាក់ទៀតថា អំណោយដែលបាននាំយកមកប្រគល់ជូននាពេលនេះ គឺជាការចូលរួមចំណែកលើកទឹកចិត្ត និងជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់កងកម្លាំង ដែលកំពុងបំពេញបេសកកម្មដ៏សំខាន់នៅតាមបន្ទាត់ព្រំដែន។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោកស្រី ដែលតែងតែគិតគូរយកចិត្តទុកដាក់ និងឧបត្ថម្ភគាំទ្រដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញតួនាទីការពារសុខសន្តិភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងប្រទេសជាតិ៕