FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិតឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រើប្រាស់ AI ដោយសុវត្ថិភាព និងការទទួលខុសត្រូវ»

11-02-2026 15:32

(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ បានប្រារព្ធយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិតឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រើប្រាស់ AI ដោយសុវត្ថិភាព និងការទទួលខុសត្រូវ» ដែលពិធីនេះ ធ្វើឡើងនៅសាលសន្និសីទ សាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផៃ្ទ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI គឺជារបកគំហើញថ្មី ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ និងធ្វើឱ្យមនុស្សនិយមប្រើប្រាស់លើគ្រប់វិស័យ ដោយមានសមត្ថភាពបង្កើត និងធ្វើការកែច្នៃទាំងខ្លឹមសារ រូបភាព សម្លេងរបស់បុគ្គល ឬព្រឹត្តិការណ៍នានា ឱ្យកាន់តែរស់រវើក មានការទាក់ទាញ ដោយសេរី និងងាយស្រួល។ នេះជារឿងដែលគួរឱ្យរីករាយផង និងគួរឱ្យបារម្ភផង។

អភិបាលខេត្តបន្តថា ពិភពលោកបាន និងកំពុងតែផ្តោតការយកចិត្តទុកដាក់លើសុវត្ថិភាព របស់បុគ្គលអ្នកប្រើប្រាស់ ក៏ដូចជាសង្គមជាតិ ដែលកាន់តែច្របូកច្របល់ និងបង្កបញ្ហាកាន់តែស្មុគស្មាញ និងកាន់តែគ្រោះថ្នាក់ ដល់មនុស្សគ្រប់វ័យ ដោយការប្រើប្រាស់អីនធឺណិតគួបផ្សំនឹងការប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដើម្បីកែច្នៃទិន្នន័យព័ត៌មាន រូបភាព សម្លេង ធ្វើឱ្យការពិត ទៅជាមិនពិត មិនពិតទៅជាពិត យ៉ាងអាណាធិបតេយ្យ និងមានភាពស្មុគស្មាញខ្លាំងក្នុងការគ្រប់គ្រង។

លោកស្រី ជូ ប៊ុនអេង បានថ្លែងថា «ក្នុងឆ្នាំនេះ យើងនឹងរៀបចំយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងជំរុញការចូលរួមជាមួយចលនាសកលមួយ ដើម្បីលើកកម្ពស់សុវត្ថិភាពអ៊ីនធឺណិត សម្រាប់ទាំងអស់គ្នា។ ពីព្រោះបច្ចុប្បន្នមនុស្សគ្រប់គ្នាកំពុងតែនិយាយអំពីបច្ចេកវិទ្យា AI ហើយដោយសារកុមារ និងយុវវ័យជាច្រើនបានដឹង និងកំពុងតែប្រើប្រាស់ AI ហេតុនេះពួកគេត្រូវតែទទួលបានចំណេះដឹង ជំនាញ និងទំនុកចិត្តក្នុងការជ្រើសរើសបច្ចេកវិទ្យាដែលមានសុវត្ថិភាព»

លោកស្រីបានថ្លែងទៀតថា មូលបទចម្បងដែលបានជ្រើសរើសសម្រាប់ឆ្នាំនេះ នឹងផ្តោតលើការស្វែងយល់ពីផលជះនៃ AI លើជីវិតរបស់យើង និងអាចយល់ដឹងពីរបៀបដែល AI អាចត្រូវបានប្រើសម្រាប់តែផលវិជ្ជមាន ហើយនឹងត្រូវបានចូលរួមផ្តល់ដំបូន្មានបន្ថែម ពីការប្រើប្រាស់ AI ប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ៕